រំលងទៅមាតិកាសំខាន់
ទូរទស្សន៍ខេត្តព្រះសីហនុ · គេហទំព័រផ្លូវការ
ចូល

ស្ថាប័នសិទ្ធិមនុស្សអន្តរជាតិ OHCHR ទទួលសំណើ២របស់កម្ពុជា

KPS99TVអត្ថបទដើមក្នុងបណ្ណសារ · មិនទាន់មានការបកប្រែ

ប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ឯកឧត្តម កែវ រ៉េមី បានដាក់សំណើ២ទៅកាន់លោក Rory Mungovrn ប្រធានការិយាល័យអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិក នៅទីក្រុងហ្សឺណែវ (OHCHR)។ សំណើទី១.ជំរុញការដោះលែងកងទ័ពកម្ពុជាទាំង១៨រូបដែលកំពុងស្ថិតក្នុងការឃុំឃាំងរបស់កងទ័ពថៃ និងទី២. ជំរុញការហាមឃាត់ការប្រើប្រាស់សព្វាវុធខុសច្បាប់អន្តរជាតិក្នុងពេលមានជម្លោះ និងការប៉ះទង្គិចគ្នារវាងប្រទេសកម្ពុជា និងប្រទេសថៃ។

សំណើទាំង២នេះ ត្រូវបានលើកឡើងនៅក្នុងជំនួបពិភាក្សាការងាររវាងថ្នាក់ដឹកនាំទាំងពីរនៅថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៥ និងត្រូវបានលោកប្រធានការិយាល័យអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិក នៅទីក្រុងហ្សឺណែវ (OHCHR) ទទួលយកដោយលោកសន្យាថានឹងជំរុញកិច្ចការនេះបន្ថែម និងពាំនាំជូនឯកឧត្តមឧត្តមស្នងការទទួលបន្ទុកសិទ្ធិមនុស្ស។

លើសពីនេះ ឯកឧត្តម កែវ រ៉េមី បានសម្តែងការខកចិត្តចំពោះប្រទេសស៊ុយអែតដែលបានលក់យន្តហោះចម្បាំងប្រភេទ Gripen ឱ្យប្រទេសថៃអំឡុងពេលមានជម្លោះជាមួយនឹងប្រទេសកម្ពុជា ខណៈស៊ុយអែតជាប្រទេសគម្រូក្នុងការការពារសិទ្ធិមនុស្ស។ ក្នុងនោះ ឯកឧត្តម បានបញ្ជាក់ពីតួនាទីយ៉ាងសំខាន់របស់សិទ្ធិមនុស្សក្នុងការពារសណ្តាប់ធ្នាប់អន្តរជាតិ និងបានស្នើលោក Rory Mungoven ចំពោះការធ្វើរបាយការណ៍សិទ្ធិមនុស្សអំពីប្រទេសកម្ពុជា សូមឱ្យឆ្លុះបញ្ចាំងពីការពិតជាក់ស្តែង។ ចំណែក លោក Rory Mungoven ក៏បានបញ្ជាក់ដែរថា គ្រប់ញាត្តិរបស់កម្ពុជាបានដាក់ទៅឯកឧត្តមឧត្តមស្នងការទទួលបន្ទុកសិទ្ធិមនុស្សគឺមានសារសំខាន់ ហើយកំពុងយកចិត្តទុកដាក់ខ្ពស់ចំពោះញាត្តិទាំងនោះ និងបានតាមដានលើការអនុវត្តសេចក្តីថ្លែងការរួមរវាងប្រទេសកម្ពុជា និងប្រទេសថៃ ដើម្បីសម្រេចបានដំណោះស្រាយសន្តិភាព។

គួររំលឹកថា គិតត្រឹមថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៥នេះ គឺមានរយៈពេល១០៥ថ្ងៃហើយ ដែលកងទ័ពកម្ពុជាចំនួន១៨រូប ត្រូវបានចាប់ខ្លួន និងដាក់ឱ្យស្ថិតក្រោមការឃុំគ្រងរបស់យោធាថៃ៕

ទូរទស្សន៍ខេត្តព្រះសីហនុ ដោយ៖ ង៉ែត ពិសាន្ត

មតិយោបល់

កំពុងផ្ទុកមតិយោបល់…