នៅថ្ងៃទី១៤ ខែវិច្ឆិកា ចិន កម្ពុជា ឡាវ មីយ៉ាន់ម៉ា ថៃ និងវៀតណាមបានប្រជុំកម្រិតរដ្ឋមន្ត្រីនៅទីក្រុងគុនមីង ប្រទេសចិន ដើម្បីពិភាក្សាកិច្ចសហប្រតិបត្តិការប្រយុទ្ធប្រឆាំងការឆបោកតាមទូរគមនាគមន៍និងអនឡាញឆ្លងដែន។ កិច្ចប្រជុំមានគោលបំណងពង្រឹងការសហការអនុវត្តច្បាប់ក្នុងតំបន់ និងជំរុញយន្តការរយៈពេលវែងរួមប្រឆាំងបទល្មើសថ្មីៗ។


តំណាងប្រទេសទាំង៦បានពិភាក្សាស៊ីជម្រៅអំពីការអនុវត្តច្បាប់រួម ការចែករំលែកព័ត៌មានស៊ើបការណ៍ និងការបង្ក្រាបបណ្តាញឆបោកឆ្លងដែន។ ភាគីទាំងអស់យល់ស្របថា ការឆបោកនេះគំរាមកំហែងធ្ងន់ធ្ងរដល់សេដ្ឋកិច្ច និងស្ថិរភាពសង្គមក្នុងតំបន់ ហើយត្រូវការកិច្ចសហការជិតស្និទ្ធនិងមានប្រសិទ្ធភាពជាងមុន តាមរយៈប្រតិបត្តិការព្រមគ្នា ការបង្ក្រាបបរិវេណឆបោក និងការចាប់ខ្លួនអ្នកពាក់ព័ន្ធ។
អាំងទែប៉ូល ការិយាល័យអង្គការសហប្រជាជាតិទទួលបន្ទុកគ្រឿងញៀននិងបទល្មើស និងមជ្ឈមណ្ឌលសហប្រតិបត្តិការអនុវត្តច្បាប់និងសន្តិសុខចម្រុះឡានឆាង–មេគង្គ បានចូលរួមជាអ្នកសង្កេតការណ៍។ ប្រទេសទាំង៦បញ្ជាក់ថានឹងបន្តពង្រីកកិច្ចសហការទាំងជម្រៅនិងទំហំ ដើម្បីការពារសន្តិសុខតំបន់ និងអាយុជីវិតនិងទ្រព្យសម្បត្តិប្រជាជន។
រាយការណ៍សរុបដោយស្ថានីយយើង






