លទ្ធផលរបស់គណៈកម្មការជំនាញនៃការធ្វើកោសល្យវិច័យលើសពជនរងគ្រោះដែលបានស្លាប់បាត់បង់ជីវិតដោយសារការបាញ់ប្រហារមុនរបស់ទាហានថៃមកលើអ្នកភូមិព្រៃចាន់ ត្រូវបានបង្ហាញដោយក្រសួងមហាផ្ទៃកម្ពុជា ដែលជាការប្រតិកម្មទៅនឹងសារព័ត៌មានថៃដែលបានផ្សព្វផ្សាយថា ពុំមានពលរដ្ឋខ្មែរស្លាប់ក្នុងការណីទាហានថៃបានបើកការបាញ់ប្រហារលើអ្នកភូមិព្រៃចាន់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ កាលពីថ្ងៃទី១២ ខែវិច្ឆិកានោះឡើយ ក្រៅតែពីជនរងគ្រោះ៣នាក់ដែលកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ។ ចំណែក កោសល្យវិច័យរបស់គណៈកម្មការជំនាញ បានធ្វើនៅចំពោះមុខក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) ផងដែរ។ ក្រសួងមហាផ្ទៃ បានបញ្ជាក់ច្បាស់ថា កម្លាំងប្រដាប់អាវុធថៃ បានបើកការបាញ់ប្រហារដោយប្រើអាវុធវែង ប្រភេទ «M16» ជាច្រើនគ្រាប់មកលើប្រជាពលរដ្ឋខ្មែរ ក្នុងភូមិព្រៃចាន់ បណ្តាលឱ្យបាត់បង់ជីវិតម្នាក់ និងរបួសធ្ងន់៣នាក់។ រីឯ ជនរងគ្រោះដែលបានបាត់បង់ជីវិតឈ្មោះ ឌី ណៃ ហៅសល់ ភេទប្រុស អាយុ ៣៦ឆ្នាំ ស្នាក់នៅភូមិព្រៃចាន់។
យ៉ាងណាការបញ្ជាក់ដូច្នេះ គឺក្រសួងមហាផ្ទៃសំអាងទៅលើលទ្ធផលនៃការធ្វើកោសល្យវិច័យរបស់សមត្ថកិច្ចជំនាញកម្ពុជា ដែលរកឃើញថា នៅផ្នែកក្បាលនៃសពមានស្នាមដាច់រលាត់ស្បែកមុខ ទំហំ ២គុណនិង៣សង់ទីម៉ែត្រ ទិសដៅបញ្ឆិតចូលក្នុងដងខ្លួនពីឆ្វេងទៅស្តាំ និងមានក្បាលគ្រាប់កាំភ្លើងបៀមក្រោមស្បែកលើឆ្អឹងជំនីខាងស្តាំផ្នែកខាងក្រោយចំនួនមួយកន្លែង។ គណៈកម្មការជំនាញបានវះកាត់យកក្បាលគ្រាប់នោះចេញនៅចំពោះមុខក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) ដោយឃើញច្បាស់ថា ក្បាលគ្រាប់នោះមាន១គ្រាប់ទំហំមុខកាត់ ៥,៧មីលីម៉ែត្រគុណបណ្តោយក្បាលគ្រាប់ ២៣មីលីម៉ែត្រ មានខ្សែខ្ចៅវិល (រ៉ៃយ៉ា) ចំនួន៦ខ្សែ (វិលស្តាំ)។ មិនតែប៉ុណ្ណោះ គណៈកម្មការកោសល្យវិច័យ ក៏បានរកឃើញទៀតថា កន្លែងកើតហេតុទី១ មានប្រជាពលរដ្ឋខ្មែរ ៣នាក់រងរបួសធ្ងន់ នៅទីតាំងដែលមានចម្ងាយពីគោលដៅកម្លាំងប្រដាប់អាវុធថៃបាញ់ចេញប្រហែល១០០ម៉ែត្រ។ ឯទី២ ជាទីតាំងជនរងគ្រោះបាត់បង់ជីវិតនៅហ្នឹងកន្លែង ចម្ងាយពីគោលដៅកម្លាំងប្រដាប់អាវុធថៃបាញ់ចេញប្រហែល ១៨០ម៉ែត្រ ដោយកម្លាំងប្រដាប់អាវុធថៃ បានបាញ់ចេញពីទីតាំង២កន្លែង ឆ្ពោះមកគោលដៅតែមួយក្នុងភូមិព្រៃចាន់។ ទាំងនេះហើយដែលក្រសួងមហាផ្ទៃកម្ពុជា បញ្ជាក់ថា ជនរងគ្រោះឈ្មោះ ឌី ណៃ ហៅសល់ ពិតជាបានស្លាប់ដោយសារការបាញ់ប្រហាររបស់កងកម្លាំងប្រដាប់អាវុធថៃនៅថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៥ ប្រាកដមែន ពោលគឺមិនដូចការផ្សព្វផ្សាយបំភ្លៃការពិត និងបង្វែរសភាពការណ៍របស់បណ្តាញព័ត៌មានថៃឡើយ។ ច្បាស់ណាស់ គឺគ្រាប់កាំភ្លើងបានបាញ់ចូលក្នុងធ្លុះសួត ដាច់សរសៃឈាមធំៗ និងមានគ្រាប់បៀមនៅផ្នែកខ្នងខាងស្តាំនៃសពប្រាកដមែន៕
ដោយ៖ ង៉ែត ពិសាន្ត













