ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈបានលើកឡើងថា ការធ្វើការងារនៅក្នុងស្រុកមានភាពល្អប្រសើរជាងការធ្វើការនៅប្រទេសថៃ ដូចជា ការទទួលបានអត្ថប្រយោជន៍ ប.ស.ស. ការព្យាបាលជំងឺដោយឥតគិតថ្លៃ ការទទួលបានប្រាក់សោធន ការរស់នៅជួបជុំក្រុមគ្រួសារ អាចចូលរួមពិធីបុណ្យប្រពៃណី ក៏ដូចជាពិធីជួបជុំនានាបានច្រើន ហើយយើងខ្មែរដូចគ្នា គឺភាពងាយស្រួលក្នុងការទំនាក់ទំនង និងយោគយល់គ្នា ជាពិសេសនៅកន្លែងធ្វើការ។
ឯកឧត្តម រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈបានថ្លែងដូចនេះនៅក្នុង ពិធីបើកពិព័រណ៍ការងារ សន្តិសុខសង្គម និងបណ្តុះបណ្តាលវិជ្ជាជីវៈ សម្រាប់អតីតពលករដែលត្រឡប់មកពីប្រទេសថៃ ដោយនាំយកឱកាសការងារប្រមាណជាង ១ម៉ឺនកន្លែង និងព័ត៌មានស្តីពីអត្ថប្រយោជន៍នៃរបបបេឡាជាតិសន្តិសុខសង្គម (ប.ស.ស.) និងការបណ្តុះបណ្តាលជំនាញបច្ចេកទេសវិជ្ជាជីវៈដោយឥតគិតថ្លៃ។
ពិព័រណ៍ការងារ បានរៀបចំឡើងនៅព្រឹកថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៥ នៅវត្តសុវណ្ណបុប្ផារាមថ្មគោល ស្រុកថ្មគោល ខេត្តបាត់ដំបង ដោយមានក្រុមហ៊ុន រោងចក្រ សហគ្រាស និងតំបន់សេដ្ឋកិច្ចពិសេសចំនួន ២០ បានចូលរួមសម្ភាសន៍ និងជ្រើសរើសបុគ្គលិកភ្លាមៗដោយផ្ទាល់ និងដៃគូសហការនានា ហើយមានអ្នកចូលរួមប្រមាណ១៥០០នាក់។
ក្នុងឱកាសពិព័រណ៍ការងារនេះដែរ ឯកឧត្តម រដ្ឋមន្ត្រី បានអំពាវនាវឱ្យពលករត្រឡប់មកពីប្រទេសថៃ ក៏ដូចជាយុវជនដែលកំពុងស្វែងរកការងារធ្វើ សូមទាក់ទងមកលេខ ១២៩៧ ប្រសិនបើមានចម្ងល់ផ្សេងៗ ពាក់ព័ន្ធវិស័យការងារ សន្តិសុខសង្គម និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ជាពិសេសការស្វែងរកការងារធ្វើ៕
ទូរទស្សន៍ខេត្តព្រះសីហនុ ដោយ៖ ប៉ៃ សុឃីម













