រំលងទៅមាតិកាសំខាន់
ទូរទស្សន៍ខេត្តព្រះសីហនុ · គេហទំព័រផ្លូវការ
ចូល

អណ្តើកសមុទ្រ២ក្បាលអាជ្ញាធរលែងចូលសមុទ្រវិញក្រោយទទួលបានពីប្រជានេសាទ

KPS99TVអត្ថបទដើមក្នុងបណ្ណសារ · មិនទាន់មានការបកប្រែ

កម្លាំងខណ្ឌរដ្ឋបាលជលផលខេត្តកែប បានព្រលែងសត្វអណ្ដើកសមុទ្រ(ល្មិច)ចំនួន២ក្បាលឱ្យចូលទៅរស់បែបធម្មជាតិក្នុងសមុទ្រវិញ នៅរសៀលថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៥។ អណ្ដើកសមុទ្រទាំង២ក្បាលនេះ គឺកម្លាំងខណ្ឌរដ្ឋបាលជលផលខេត្តកែប ទទួលបានពីប្រជានេសាទរស់នៅកោះពោធិ៍ តាមរយៈស្នាក់ការសន្តិសុខ លម្ហសមុទ្រប្រចាំកោះពោធិ៍។ មុននឹងព្រលែងចូលក្នុងសមុទ្រវិញ មន្រ្តីជំនាញ ក៏បានកឹបស្លាកលេខនៅអណ្ដើកទាំង២នោះផងដែរ។ ឯកឧត្តម សាយ សំអាល់ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកែប បានអញ្ជើញជាអធិបតីភាពដោយផ្ទាល់នៅក្នុងការព្រលែងអណ្ដើកសមុទ្រទាំង២ឱ្យចូលក្នុងសមុទ្រវិញ។

ចំណែក តាមការបញ្ជាក់ពីខណ្ឌរដ្ឋបាលជលផលនៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកែប បានឱ្យដឹងថា អណ្តើកសមុទ្រទី១ មានភេទញី ទម្ងន់ ៦០គីឡូក្រាម បណ្ដោយប្រវែង ៧១សង់ទីម៉ែត្រ និងទទឹងប្រវែង ៣៨សង់ទីម៉ែត្រ បានកឹបស្លាកមានលេខ KH 2088 និងអណ្ដើកសមុទ្រទី២ មានភេទឈ្មោល ទម្ងន់ ១៤គីឡូក្រាម បណ្ដោយប្រវែង៥១សង់ទីម៉ែត្រ ទទឹងប្រវែង៤៨សង់ទីម៉ែត្រ បានកឹបស្លាកមានលេខ KH 2089។ ជាការកត់សម្គាល់៖ មួយរយ:ពេលចុងក្រោយនេះ អ្នកនេសាទតែងប្រទះនិងចាប់បាននូវពពួកសត្វសមុទ្រកម្រៗជាច្រើនប្រភេទ និងបានប្រគល់ជូនកម្លាំងជំនាញ ដើម្បីព្រលែងចូលក្នុងសមុទ្រវិញ។ នេះសបញ្ជាក់ថា ប្រជានេសាទខេត្តកែបមានការយល់ដឹងខ្ពស់ និងមានស្មារតីក្នុងការចូលរួមអភិរក្សធនធានសមុទ្រកម្រជាមួយអាជ្ញាធរសមត្ថកិច្ច៕

ដោយ៖ ង៉ែត ពិសាន្ត

មតិយោបល់

កំពុងផ្ទុកមតិយោបល់…