នៅថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៥នេះ គឺជាខួបទី២០ឆ្នាំ ដែលល្ខោនស្រមោលស្បែកធំរបស់កម្ពុជា ត្រូវបានចុះក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិរបស់អង្គការយូណេស្កូ។ សិល្បៈល្ខោនស្បែកធំ មានប្រវត្តិ និងអាយុកាលជាយូរលង់ណាស់មកហើយលើទឹកដីនៃព្រះរាជាណាចក្រកម្ពុជា ត្រូវបានសកលលោកទទួលស្គាល់ និងឱ្យតម្លៃថា ជាសម្បត្តិមនុស្សជាតិដ៏អស្ចារ្យ។ ល្ខោនស្រមោលស្បែកធំត្រូវបានដាក់បញ្ចូលជាបេតិកភណ្ឌពិភពលោក ខាងបេតិកភណ្ឌបញ្ចេញសំឡេង និងអរូបីរបស់មនុស្សជាតិក្នុងឆ្នាំ២០០៥ របស់អង្គការយូណេស្កូ ដែលនេះជាមោទនភាពជាតិមួយដ៏ត្រចះត្រចង់មិនអាចកាត់ថ្លៃបាន។
ល្ខោនស្បែកធំ អាចត្រូវបានគេហៅឈ្មោះម្យ៉ាងទៀតថា «ណាំងស្បែកធំ» ហើយវាជាសិល្បៈស្រមោលមួយបែប ដែលប្រើប្រាស់ផ្ទាំងរូបឆ្លាក់ពីស្បែក មកសម្តែងជាឈុតឆាកសាច់រឿង ហើយរូបឆ្លាក់ពីស្បែកទាំងនោះត្រូវគេដាប់ និងឆ្លាក់ជារូបអាទិទេព ដែលភាគច្រើនជារឿងបែបព្រហ្មសាសនា។
ល្ខោនស្បែកធំ គឺជាសិល្បៈមួយមានប្រវត្តិនៅពេលព្រហ្មសាសនាចូលមកទឹកដីខ្មែរ។ កាលពីដើមឡើយ សិល្បៈប្រភេទនេះត្រូវបានគេឃើញសម្តែងក្នុងពិធីតែពីរ ឬបីប៉ុណ្ណោះក្នុងមួយឆ្នាំ ហើយកម្រសម្តែងជាសាធារណៈណាស់។ ពិធីទាំងនោះ មានដូចជា ពិធីបុណ្យចូលឆ្នាំខ្មែរ ពិធីបុណ្យចម្រើនព្រះជន្មព្រះមហាក្សត្រ និងពិធីគ្រងរាជ្យ ឬក្នុងពិធីសក្ការៈរបស់ឥស្សរជនល្បីៗ។ ក្នុងឱកាសខួប២០ឆ្នាំនេះ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា ថ្នាក់ដឹកនាំជាន់ខ្ពស់ ក្រសួង-ស្ថាប័ននានា បានចេញសារអបអរសាទរផងដែរ៕
ទូរទស្សន៍ខេត្តព្រះសីហនុ ដោយ៖ ង៉ែត ពិសាន្ត









