ខេត្តព្រះសីហនុ៖ យុទ្ធនាការ១៦ថ្ងៃ ដើម្បីបញ្ឈប់អំពើហឹង្សាលើស្ត្រី និងក្មេងស្រី ក្នុងគោលបំណងបង្កើន និងលើកកម្ពស់ការយកចិត្តទុកដាក់ក្នុងការចូលរួមទប់ស្កាត់ និងឆ្លើយតបចំពោះអំពើហិង្សាទាក់ទងនឹងយេនឌ័រពីអ្នកពាក់ព័ន្ធទាំងអស់ រួមទាំងខាងសាសនា សិល្បៈ និងវិស័យឯកជននានា។
នេះបើតាមប្រសាសន៍លោកស្រី ម៉ាក សំណាង អភិបាលរងខេត្តព្រះសីហនុបានលើកឡើងនាថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៥ ដោយមានការចូលរួមពីសមាជិកក្រុមប្រឹក្សាខេត្ត កងកម្លាំងសមត្ថកិច្ច លោក លោកស្រី ប្រធាន អនុប្រធាន ប្រធានមន្ទីរ អភិបាលរង ក្រុង ស្រុក តំណាងអង្គការមិនមែនរដ្ឋាភិបាល និងសិស្សានុសិស្ស ។
លោកស្រីអភិបាលរងខេត្តបានបញ្ជាក់ថា យុទ្ធនាការ ១៦ថ្ងៃ ដើម្បីបញ្ឈប់អំពើហឹង្សាលើស្ត្រី និងក្មេងស្រីនាពេលនេះ បានពាំនាំយកប្រសាសន៍ផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់ លោកជំទាវ បណ្ឌិត ពេជ ច័ន្ទមុន្នី ហ៊ុន ម៉ាណែត ក៏ដូចជាឯកឧត្តម ម៉ាង ស៊ីណេត អភិបាលខេត្ត ដែលជានិច្ចកាលលោកតែងតែគិតគូ និងយកចិត្តទុកដាក់លើបញ្ហាស្ត្រី និងកុមារ ជាពិសេសចូលរួមលើកកម្ពស់សិទ្ធិស្ត្រី និងក្មេងស្រី និងលុបបំបាត់អំពើហឹង្សា ។
សូមបញ្ជាក់ថា យុទ្ធនាការនេះ រាជរដ្ឋាភិបាល និងក្រសួងកិច្ចការនារី តម្រូវឱ្យធ្វើការផ្សព្វផ្សាយយ៉ាងទូលំទូលាយដល់អាជ្ញាធរមានសមត្ថកិច្ច អាជ្ញាធរមូលដ្ឋាន ប្រជាពលរដ្ឋ យុវជន សហគមន៍ អង្គការមិនមែនរដ្ឋាភិបាល សាលារៀន សាសនា ជាពិសេសក្រុមជនងាយរងគ្រោះដោយផ្ទាល់ និងតាមប្រព័ន្ធផ្សព្វផ្សាយបណ្តាញសង្គម « ដែលប្រារព្ធចាប់ពីថ្ងៃទី២៥ ខែវិច្ឆិកា ដល់ ថ្ងៃទី១០ ខែធ្នូ » ជារៀងរាល់ឆ្នាំទាំងនៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ។
ប្រធានបទឆ្នាំ២០២៥ ប្រធានបទជាសកល៖ រួមគ្នាបញ្ឈប់អំពើហិង្សាតាមបច្ចេកវិទ្យាឌីជីថល លើស្ត្រី និងក្មេងស្រី សារគន្លឹះសម្រាប់ផ្សព្វផ្សាយឆ្នាំ២០២៥ រួមគិត រួមធ្វើ និងរួមដោះស្រាយអំពើហិង្សាតាមបច្ចេកវិទ្យាឌីជីថល លើស្ត្រី និងក្មេងស្រី រួមគិត រួមធ្វើ ក្នុងការលើកកម្ពស់ការទប់ស្កាត់អំពើហិង្សាលើស្ត្រី និងក្មេងស្រី ដើម្បីសុខសន្តិភាព និងការអភិវឌ្ឍន៍។
អំពើហិង្សាលើស្ត្រី និងក្មេងស្រី គឺជាការរំលោភបំពានយ៉ាងធ្ងន់ធ្ងរទៅលើសិទ្ធិមនុស្ស យើងត្រូវជួយគាំទ្រដល់ជនរងគ្រោះដោយអំពើហិង្សាទាក់ទងនឹងយេនឌ័រគ្រប់ទម្រង់ តាមរយៈការរាយការណ៍ និងផ្តល់ព័ត៌មានពីសេវាស្ត្រីមិនត្រូវលាក់ទុក ឬអត់ទ្រាំនឹងអំពើហិង្សាផ្លូវចិត្ត។ ស្វែងរកសេវាសុខភាពផ្លូវចិត្ត គឺជាសិទ្ធិ និងតម្រូវការរបស់មនុស្សគ្រប់រូបដូចជា ស្ត្រី និងក្មេងស្រីមានពិការភាពមានសិទ្ធិទទួលបានកិច្ចការពារ និងសេវាគាំទ្រទាក់ទងនឹងអំពើហិង្សា ចូលរួមអន្តរាគមន៍ប្រកបដោយប្រសិទ្ធភាពលើករណីអំពើហិង្សាលើស្ត្រី និងក្មេងស្រីទាំងអស់គ្នា។ រួមគ្នាពង្រឹងភាពអង់អាចដល់ស្ត្រី និងក្មេងស្រី ដើម្បីមានភាពក្លាហានក្នុងការរាយការណ៍ពីអំពើហិង្សាពលរដ្ឋឌីជីថលរួមគ្នាទប់ស្កាត់អំពើហិង្សាលើស្ត្រី និងក្មេងស្រី យើងទាំងអស់គ្នាមានតួនាទីក្នុងការបញ្ឈប់ហិង្សាលើស្ត្រី និងក្មេងស្រី៕
អត្ថបទ៖ ប៉ៃ សុឃីម
រូបភាព៖ កែវ ដារ៉ា
























