រំលងទៅមាតិកាសំខាន់
ទូរទស្សន៍ខេត្តព្រះសីហនុ · គេហទំព័រផ្លូវការ
ចូល

រដ្ឋមន្ត្រីទេសចរណ៍៖ អេកូទេសចរណ៍ និងសហគមន៍ទេសចរណ៍ ជាចលករអភិវឌ្ឍន៍ និងអភិរក្សធនធានធម្មជាតិប្រកបដោយនិរន្តរភាព

KPS99TVអត្ថបទដើមក្នុងបណ្ណសារ · មិនទាន់មានការបកប្រែ

សៀមរាប៖ ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានអះអាងថា ការអភិវឌ្ឍអេកូទេសចរណ៍ និងសហគមន៍ទេសចរណ៍ គឺជាយន្តការដ៏សមស្របក្នុងការអភិវឌ្ឍ និងអភិរក្សធនធានធម្មជាតិក្នុងតំបន់ការពារធម្មជាតិ និងតំបន់របៀងជីវចម្រុះ ដោយមានប្រសិទ្ធភាព និងនិរន្តរភាព។ ជាយន្តការនេះក៏ផ្តល់ឱកាសឱ្យប្រជាពលរដ្ឋមូលដ្ឋាន ចូលរួមយ៉ាងសកម្មក្នុងដំណើរការអភិវឌ្ឍផងដែរ។

ឯកឧត្តមរដ្ឋមន្ត្រី បានមានប្រសាសន៍នៅពេលអញ្ជើញបើកវេទិកាជាតិអេកូទេសចរណ៍ ឆ្នាំ២០២៥ កាលពីថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៥ នៅសណ្ឋាគារសុខាសៀមរាប។ ព្រឹត្តិការណ៍នេះមានការចូលរួមពីឯកឧត្តម ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាអនុប្រធានគណៈកម្មាធិការជាតិគ្រប់គ្រង និងអភិវឌ្ឍសហគមន៍ទេសចរណ៍ និងអេកូទេសចរណ៍ ព្រមទាំងភាគីពាក់ព័ន្ធជាច្រើន។

ឯកឧត្តម ហួត ហាក់ បានបញ្ជាក់ថា វិបត្តិកម្មអេកូទេសចរណ៍ និងសហគមន៍ទេសចរណ៍ និងជួយលើកកម្ពស់ការអភិវឌ្ឍដោយខ្លួនឯងរបស់សហគមន៍ ការទទួលបានផលប្រយោជន៍ដោយសមធម៌ ការចែកចាយចំណេញពីសេវាកម្មទេសចរណ៍ ហើយរួមចំណែកដល់ការកាត់បន្ថយភាពក្រីក្រ ការកាត់បន្ថយការចំណាកស្រុក និងការគ្រប់គ្រងធនធានធម្មជាតិប្រកបដោយនិរន្តរភាព។

ឯកឧត្តមក៏បានកោតសរសើរកិច្ចខិតខំប្រឹងប្រែង និងសមិទ្ធផលការងាររបស់លេខាធិការដ្ឋានគណៈកម្មាធិការជាតិ និងដៃគូទាំងក្នុង និងក្រៅប្រទេស ដែលបានចូលរួមគាំទ្រក្នុងការអភិវឌ្ឍសហគមន៍ទេសចរណ៍ និងអេកូទេសចរណ៍តាមរយៈជំនួយបច្ចេកទេស និងមូលនិធិ។

ឯកឧត្តមរដ្ឋមន្រ្តីបញ្ជាក់ថា ក្រោមម្លប់ដ៏ត្រជាក់នៃសុខសន្តិភាព វិស័យទេសចរណ៍ បានរីកលូតលាស់គួរជាទីមោទនៈ ដោយទេសចរអន្តរជាតិមកទស្សនាកម្ពុជា បានកើនឡើងពីប្រមាណតែជាង ២៩ ម៉ឺននាក់ ក្នុងឆ្នាំ១៩៩៨ ឡើងដល់ជាង ៦,៦ លាននាក់ នៅឆ្នាំ២០១៩, ហើយនៅឆ្នាំ២០២៤ យើងទទួលទេសចរអន្តរជាតិប្រមាណ ៦,៧ លាននាក់ ជាមួយទេសចរជាតិប្រមាណ ២២,៥២ លាននាក់។ គិតត្រឹម ១០ខែ ឆ្នាំ២០២៥នេះ ទេសចរអន្តរជាតិ មានចំនួនប្រមាណ ៤ លាន ៧៥ ម៉ឺននាក់, ស្របពេលដែលទេសចរជាតិ មានចំនួនប្រមាណ ២០លាន ៧៤ម៉ឺននាក់ គឺកើនឡើងប្រមាណ ៥៣% ធៀបនឹងរយៈពេលដូចគ្នា ឆ្នាំ២០២៤៕ ដោយ៖ KPS99TV

មតិយោបល់

កំពុងផ្ទុកមតិយោបល់…