រំលងទៅមាតិកាសំខាន់
ទូរទស្សន៍ខេត្តព្រះសីហនុ · គេហទំព័រផ្លូវការ
ចូល

គេហទំព័រនិងAPP ដែលនឹងផ្តល់អត្ថប្រយោជន៍បន្ថែមដល់ភ្ញៀវទេសចរគ្រោងនឹងដាក់ឱ្យដំណើរឆាប់ៗនេះ!

KPS99TVអត្ថបទដើមក្នុងបណ្ណសារ · មិនទាន់មានការបកប្រែ

ក្រសួងទេសចរណ៍បានសហការជាមួយក្រុមហ៊ុន PRAVINYA ដើម្បីបង្កើតនូវគេហទំព័រ និងកម្មវិធី APP ដែលផ្ដល់នូវភាពងាយស្រួលនិងអត្ថប្រយោជន៍បន្ថែមជូនភ្ញៀវទេសចរអន្តរជាតិ ដែលមានបំណងធ្វើដំណើរកម្សាន្តមកប្រទេសកម្ពុជា។ នោះគឺគេហទំព័រដែលមានឈ្មោះថា Visit Cambodia និងកម្មវិធី Visit Cambodia APP (Super APP) ដែលគ្រោងនឹងដាក់ឱ្យដំណើរការនាពេលឆាប់ៗខាងមុខនេះ។

ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានបញ្ជាក់ថា តាមរយៈកម្មវិធី Super App របស់ក្រុមហ៊ុន PRAVINYA និងរួមជាមួយកិច្ចសហការជាមួយក្រុមហ៊ុន CELLCARD នឹងបន្ថែមមុខងារដល់ Super APP ក្នុងការផ្ដល់នូវភាពងាយស្រួល និងអត្ថប្រយោជន៍បន្ថែមទៀតជូនដល់ភ្ញៀវទេសចរអន្តរជាតិ ដែលមានបំណងធ្វើដំណើរកម្សាន្ត មកព្រះរាជាណាចក្រកម្ពុជា។

ការដែលនាំឱ្យមានកិច្ចសហប្រតិបត្តិការខាងលើនេះឡើងដោយសារការចុះអនុស្សរណៈនៃការយោគយល់ (MoU) ស្តីពីការចូលរួមក្នុងបរិវត្តកម្មឌីជីថលនៃក្រសួងទេសចរណ៍ នៅថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៥។ ពិធីចុះ MoU បានធ្វើឡើងក្រោមអធិបតីភាពឯកឧត្តម ហួត ហាក់ រដ្ឋមន្រ្តីក្រសួងទេសចរណ៍ រួមជាមួយអ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា, ប្រធានក្រុមប្រឹក្សាភិបាល និងជាអគ្គនាយកប្រតិបត្តិក្រុមហ៊ុន រ៉ូយាល់ គ្រុប និងលោកជំទាវ មាស សុភារ័ត្ន ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុនប្រាវីនយ៉ា។ ចំណែក ម្ចាស់ហត្ថលេខីលើ MoU នេះ រួមមាន៖ ឯកឧត្តម នាង ម៉ៅ រដ្ឋលេខាធិការក្រសួងទេសចរណ៍ តំណាងក្រសួងទេសចរណ៍ និងលោក Yap Kok Leong អគ្គនាយកប្រតិបត្តិក្រុមហ៊ុន សែលកាត តំណាងក្រុមហ៊ុន ខេមជី អេស អេម “CAMG SM” (Cellcard) និងលោកស្រី មាស សុភារម្យ អនុប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុនប្រាវីនយ៉ា តំណាងក្រុមហ៊ុនប្រាវីនយ៉ា៕

ទូរទស្សន៍ខេត្តព្រះសីហនុ ដោយ៖ ង៉ែត ពិសាន្ត

មតិយោបល់

កំពុងផ្ទុកមតិយោបល់…