វេទិការដ្ឋាភិបាលឌីជីថល ឆ្នាំ២០២៥ និងពិព័រណ៍បច្ចេកវិទ្យាឌីជីថល នឹងចាប់ផ្តើមជាផ្លូវការ រយៈពេល៣ថ្ងៃ នៅកោះពេជ្រនាព្រឹក ថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២៥ស្អែកនេះ ។
វេទិការដ្ឋាភិបាលឌីជីថល ឆ្នាំ២០២៥ និងពិព័រណ៍ច្ចេកវិទ្យាឌីជីថលកម្ពុជា-អន្តរជាតិ ក្រោមប្រធានបទ៖ ការពន្លឿនអនាគតឌីជីថល៖ អភិបាលកិច្ច កំណើន និងភាពជាដៃគូសកលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី៥-៧ ខែធ្នូ ឆ្នាំ២០២៥ ក្នុងគោលបំណង ១. បង្ហាញអំពីដំណើរវិវឌ្ឍន៍នៃអភិបាលកិច្ចឌីជីថលនៅកម្ពុជា ២. ជំរុញឧត្តមភាពប្រកួតប្រជែងរបស់កម្ពុជាលើវិស័យឌីជីថលក្នុងតំបន់អាស៊ាន ៣. លើកកម្ពស់កិច្ចសហប្រតិបត្តិការនិងភាពជាដៃគូ និង ៤. ចែករំលែកនវានុវត្តន៍ឌីជីថលរបស់រដ្ឋាភិបាល និងវិស័យឯកជន។
ពិធិបើកវេទិកា និងពិព័រណ៌នេះ ក្រោមអធិបតីភាពឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្រ្តីប្រចាំការ រដ្ឋមន្រ្តីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្រ្តី តំណាងដ៏ខ្ពង់ខ្ពស់សម្តេចធិបតី នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ព្រមទាំងមានការចូលរួមពីលោកបណ្ឌិត កៅ គឹមហួន អគ្គលេខាធិការអាស៊ាន, លោកស្រី Doreen Bogdan-Martin អគ្គលេខាធិការសហភាពទូរគមនាគមន៍អន្តរជាតិ (ITU), លោកបណ្ឌិត Masanori Kondo អគ្គលេខាធិការ សហគមន៍ទូរគមនាគមន៍អាស៊ី-ប៉ាស៊ីហ្វិក (APT) និងលោកស្រី Tiziana Bonapace នាយកផ្នែកបច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាន និងកាត់បន្ថយហានិភ័យគ្រោះមហន្តរាយនៃគណៈកម្មការសេដ្ឋកិច្ច និងសង្គមរបស់អង្គការសហប្រជាជាតិសម្រាប់អាស៊ី និងប៉ាស៊ីហ្វិក (UN-ESCAP)។
ក្នុងឱកាសនោះផងដែរ ឯកឧត្តមឧបនាយករដ្ឋមន្រ្តីប្រចាំការ តំណាងដ៏ខ្ពង់ខ្ពស់សម្តេចធិបតីនាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា និងគណៈអធិបតីអញ្ជើញជាអធិបតីក្នុងពិធីផ្លាស់ប្តូរអនុស្សរណៈនៃការយោគយល់ និងពិធីប្រកាសជាផ្លូវការអំពីការដាក់ឱ្យដំណើរការប្រតិបត្តិការសេវាទូរសព្ទចល័តជំនាន់ទី៥ (5G) នៅក្នុងព្រះរាជាណាចក្រកម្ពុជា។
សូមបញ្ជាក់ផងដែរថា វេទិការដ្ឋាភិបាលឌីជីថល ឆ្នាំ២០២៥ គឺជាព្រឹត្តិការណ៍បច្ចេកវិទ្យាឌីជីថលដ៏ធំមួយរបស់កម្ពុជាដែលត្រូវបានផ្តួចផ្តើមឡើងដោយរួមបញ្ចូលគ្នានូវ ១. វេទិកាចែករំលែកបទពិសោធពាក់ព័ន្ធនឹងដំណើរការនៃការធ្វើបរិវត្តកម្មឌីជីថល អភិបាលកិច្ចឌីជីថល និងបច្ចេកវិទ្យាឌីជីថលថ្មីៗ ជាពិសេសបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត ២. ពិព័រណ៍បច្ចេកវិទ្យាឌីជីថលដែលបង្ហាញអំពីសមិទ្ធផល ថ្នាលនិងកម្មវិធីរដ្ឋាភិបាលឌីជីថល (DGPs) និងដំណោះស្រាយឌីជីថលរបស់ក្រសួង ស្ថាប័ន ក្រុមហ៊ុនបច្ចេកវិទ្យាឌីជីថល និងធុរកិច្ចថ្មីឌីជីថល និង ៣) ព្រឹត្តិការណ៍ជាតិនិងអន្តរជាតិអម (Side Event) វេទិការដ្ឋាភិបាលឌីជីថល ដែលសហការជាមួយអង្គការសហប្រជាជាតិសម្រាប់អាស៊ីនិងប៉ាស៊ីហ្វិក (UN-ESCAP) កម្មវិធីអភិវឌ្ឍន៍អង្គការសហប្រជាជាតិ (UNDP) អង្គការអប់រំ វិទ្យាសាស្ត្រ និងវប្បធម៌ នៃសហប្រជាជាតិ (UNESCO) អង្គការយូនីសេហ្វ (UNICEF) សហភាពទូរគមនាគមន៍អន្តរជាតិ (ITU) ទីភ្នាក់ងារកិច្ចសហប្រតិបត្តិការអាល្លឺម៉ង់ (GIZ) មូលនិធិសមាហរណកម្មជប៉ុន-អាស៊ាន (JAIF) និងមជ្ឈមណ្ឌលបច្ចេកវិទ្យា Plug and Play មកពីតំបន់ Silicon Valley សហរដ្ឋអាម៉េរិកជាដើម៕
ដោយ៖ ប៉ៃ សុឃីម





















