រំលងទៅមាតិកាសំខាន់
ទូរទស្សន៍ខេត្តព្រះសីហនុ · គេហទំព័រផ្លូវការ
ចូល

«បុណ្យរំលឹកគុណអង្គរ» លើកទី៥អាជ្ញាធរជាតិអប្សរានឹងប្រារព្ធពិធីនៅក្នុងរមណីយដ្ឋានអង្គរចាប់ពីថ្ងៃទី១៤-១៦ ខែធ្នូ

KPS99TVអត្ថបទដើមក្នុងបណ្ណសារ · មិនទាន់មានការបកប្រែ

ដើម្បីចូលរួមអបអរសារទរ ខួប៣៣ឆ្នាំនៃការចុះរមណីយដ្ឋានអង្គរទៅក្នុងបញ្ជីនៃសម្បត្តិបេតិកភណ្ឌពិភពលោក នាថ្ងៃទី១៤ ខែធ្នូ ឆ្នាំ១៩៩២ អាជ្ញាធរជាតិអប្សរានឹងរៀបចំប្រារព្ធពិធី «បុណ្យរំលឹកគុណអង្គរ» លើកទី៥ នៅក្នុងរមណីយដ្ឋានអង្គរ ចាប់ពីថ្ងៃទី១៤-១៦ ខែធ្នូ ឆ្នាំ២០២៥។

សម្រាប់ពិធីបើកពិធីបុណ្យដ៏មានអត្ថន័យនេះ នឹងប្រព្រឹត្តទៅនាព្រឹកថ្ងៃទី១៤ ខែធ្នូ ឆ្នាំ ២០២៥ ចាប់ពីម៉ោង ០៦:៣០នាទីព្រឹកតទៅ ក្រោមអធិបតីភាពសម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា។

ពិធីបើកនាថ្ងៃទី១៤នេះ នឹងបើកឱ្យសាធារណជនទូទៅចូលរួមដាក់បាត្រព្រះសង្ឃចំនួន១៣៣អង្គ ចាប់ពីវេលាម៉ោង ០៨:៣៥ នាទីព្រឹកតទៅ នៅមុខប្រាសាទអង្គរវត្តដើម្បីឧទ្ទិសបុណ្យកុសលជូនបុព្វការីជនផងដែរ។

ដើម្បីឱ្យពិធីនេះប្រព្រឹត្តទៅដោយរលូន និងជោគជ័យ អាជ្ញាធរជាតិអប្សរានឹងបិទការចូលទស្សនា ប្រាសាទអង្គរវត្ត តាមច្រកស្ពានហាលខាងលិច នៅព្រឹកថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២៥ រហូតដល់ពិធីចប់រួចរាល់។ ក្នុងអំឡុងពេលនេះ ភ្ញៀវទេសចរជាតិ-អន្តរជាតិ អាចចូល-ចេញទស្សនាប្រាសាទអង្គរវត្ត ដោយប្រើប្រាស់ស្ពានបណ្តែតទឹកជាបណ្តោះអាសន្នជំនួសវិញ។

សេចក្តីដូចបានជម្រាបជូនខាងលើ សូមក្រសួង ស្ថាប័នជាតិ-អន្តរជាតិ អាជ្ញាធរដែនដី មន្ទីរ-អង្គភាព សមាគមទីភ្នាក់ងារទេសចរណ៍ សមាគមមគ្គុទ្ទេសក៍ទេសចរណ៍ សមាគមដឹកជញ្ជូនភ្ញៀវទេសចរ ក្រុមហ៊ុនទេសចរណ៍ ភ្ញៀវទេសចរណ៍ជាតិ-អន្តរជាតិ និងសាធារណៈជនទាំងអស់ មេត្តាជ្រាបជាព័ត៌មាន៕

ដោយ៖ ប៉ៃ សុឃីម

មតិយោបល់

កំពុងផ្ទុកមតិយោបល់…