ទូរទស្សន៍ខេត្តព្រះសីហនុ · គេហទំព័រផ្លូវការ
ចូល

សំណើគម្រោងវិនិយោគ១៣ ទុនប្រមាណ៣២៣លានដុល្លារ នៅខេត្ត៦ ត្រូវបានពិនិត្យ

KPS99TV

សេចក្តីសង្ខេប

គណៈកម្មាធិការវិនិយោគកម្ពុជាបានពិនិត្យសំណើចុះបញ្ជីគម្រោង១៣ នៅថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៥ មានទុនប្រមាណ៣២៣លានដុល្លារ និងអាចបង្កើតការងារប្រមាណ៧ពាន់។ គម្រោងស្ថិតនៅខេត្ត៦ រួមទាំងស្ថានីយអគ្គិសនីខ្យល់១៥០មេហ្កាវ៉ាត់។

គណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា នៅថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៥ បានរៀបចំកិច្ចប្រជុំពិនិត្យពិភាក្សាលើសំណើសុំចុះបញ្ជីគម្រោងវិនិយោគមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ចំនួន ១៣គម្រោង ក្រោមអធិបតីភាពឯកឧត្តម ជា វុទ្ធី អគ្គលេខាធិការគណៈកម្មាធិការវិនិយោគកម្ពុជា។

បើតាមក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា គម្រោងវិនិយោគទាំងនេះ មានទុនវិនិយោគសរុបប្រមាណ ៣២៣លានដុល្លារអាម៉េរិក អាចបង្កើតការងារបានប្រមាណ ៧ពាន់កន្លែង។ ក្នុងនោះមានគម្រោងចំនួន១២ មានមុខសញ្ញាវិនិយោគក្នុងវិស័យឧស្សាហកម្ម រួមមាន៖ ផលិតគ្រឿងសម្អាង, ផ្គុំដំទ្បើងបរិក្ខារអគ្គិសនី, ផលិតក្រណាត់ ជ្រលក់ពណ៌និងផលិតផលវាយនភ័ណ្ឌ, ផលិតសម្ភារៈផ្ទះបាយ, ផ្គុំដំទ្បើងរថយន្ត, ផលិតមីនិងគ្រឿងបន្សំសម្រាប់មី, ផលិតសម្ភារៈបោះជំរំ សម្ភារៈកីទ្បានិងគ្រឿងបន្ទាប់បន្សំ, ផលិតផើងផ្កានិងសម្ភារៈតុបតែងលម្អក្នុងសួនច្បារគ្រប់ប្រភេទ, ផលិតគ្រឿងសង្ហារិម, ផលិតផលិតផលកម្ចាត់សត្វល្អិត, និងវិស័យហេដ្ឋារចនាសម្ព័ន្ធចំនួន១គម្រោង គឺអភិវឌ្ឍន៍ស្ថានីយផលិតអគ្គិសនីដើរដោយថាមពលខ្យល់អានុភាព១៥០មេហ្កាវ៉ាត់។

គម្រោងវិនិយោគទាំង១៣នេះ បានបោះទីតាំងនៅខេត្តកណ្តាល តាកែវ កំពង់ស្ពឺ កំពង់ឆ្នាំង បាត់ដំបង និងមណ្ឌលគិរី៕

ទូរទស្សន៍ខេត្តព្រះសីហនុ ដោយ៖ ង៉ែត ពិសាន្ត

មតិយោបល់

កំពុងផ្ទុកមតិយោបល់…