ក្រសួងការពារជាតិ សូមជម្រាបជូនសាធារណជនឱ្យបានជ្រាបអំពីស្ថានការណ៍នៅតាមបន្ទាត់ព្រំដែនកម្ពុជា–ថៃ ពាក់ព័ន្ធនឹងករណីដែលយោធាថៃ បានបន្តធ្វើសកម្មភាពវាយប្រហារមកលើទឹកដីកម្ពុជា នៅក្នុងភូមិសាស្ត្រយោធភូមិភាគទី៤ តំបន់ប្រាសាទព្រះវិហារ ខេត្តព្រះវិហារ នាថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២៥ នៅវេលាម៉ោង ៩:៣១នាទីព្រឹក យោធាថៃបានបាញ់ផ្សែងពុល ចូលមកក្នុងភូមិសាស្ត្រតំបន់ប្រាសាទព្រះវិហារនៃព្រះរាជាណាចក្រកម្ពុជា។
ចំពោះមុខស្ថានការណ៍ខាងលើ កងកម្លាំងប្រដាប់អាវុធកម្ពុជាបាននឹងកំពុងតាមដានស្ថានការណ៍យ៉ាងយកចិត្តទុកដាក់ ព្រមទាំងឈរជើងការពារយ៉ាងរឹងមាំ ស្វាហាប់ និងមោះមុត។ ទន្ទឹមនឹងនេះ កងកម្លាំងកម្ពុជា នៅតែបន្តតស៊ូប្រយុទ្ធយ៉ាងស្វិតស្វាញ ដើម្បីតតាំងនឹងសកម្មភាពឈ្លានពានគ្រប់រូបភាព ដោយមានការប្រុងប្រយ័ត្នខ្ពស់ជានិច្ចក្នុងការបំពេញភារកិច្ចរបស់ខ្លួន ដើម្បីការពារបូរណភាពទឹកដី និងសេចក្តីថ្លៃថ្នូររបស់ព្រះរាជាណាចក្រកម្ពុជា ដោយអង់អាចក្លាហាន និងមិនងាករេជាដាច់ខាត ទោះក្នុងតម្លៃណាក៏ដោយ។
ព័ត៌មានលម្អិតបន្ថែមនឹងត្រូវរាយការណ៍ជូនសាធារណជននៅពេលក្រោយ៕
ដោយ៖ KPS99TV







