ទូរទស្សន៍ខេត្តព្រះសីហនុ · គេហទំព័រផ្លូវការ
ចូល

លោក អាន់វ៉ា អ៊ីប្រាហ៊ីម បើកកិច្ចសន្ទនាជាមួយនាយករដ្ឋមន្ត្រីកម្ពុជា និងថៃ ដើម្បីស្វែងរកវិធីបន្ធូរបន្ថយភាពតានតឹង

KPS99TVសរសេរ:ប៉ៃ សុឃីម

សេចក្តីសង្ខេប

នាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក អាន់វ៉ា អ៊ីប្រាហ៊ីម បានបង្ហោះនៅថ្ងៃទី២១ ខែធ្នូថា លោកបានទាក់ទងនាយករដ្ឋមន្ត្រីកម្ពុជា និងថៃ ដើម្បីពិភាក្សាបន្ធូរភាពតានតឹង និងបានចាត់ទុកកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ានដែលគ្រោងធ្វើថ្ងៃចន្ទជាវេទិកាសន្ទនា។

(គូឡាឡាំពួ)៖ លោក អាន់វ៉ា អ៊ីប្រាហ៊ីម នាយករដ្ឋមន្ត្រីម៉ាឡេស៊ី បានឱ្យដឹងថា រូបលោកមានឱកាសភ្ជាប់ទំនាក់ទំនងជាមួយ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងលោក អានុទីន នាយករដ្ឋមន្ត្រីថៃ ដើម្បីផ្លាស់ប្ដូរយោបល់ និងពិភាក្សាអំពីមធ្យោបាយនានា សំដៅឆ្ពោះទៅរកការបន្ធូរបន្ថយភាពតានតឹង ដែលកំពុងកើនឡើងរវាងប្រទេសទាំងពីរ។

ការលើកឡើងខាងលើ ត្រូវបានលោក អាន់វ៉ា អ៊ីប្រាហ៊ីម បង្ហោះនៅលើទំព័រ Facebook ផ្លូវការរបស់លោក នៅថ្ងៃអាទិត្យ ទី២១ ខែធ្នូ ឆ្នាំ២០២៥។

លោក អាន់វ៉ា អ៊ីប្រាហ៊ីម បានបន្ថែមថា រូបលោកបានគូសបញ្ជាក់ឡើងវិញអំពីសារៈសំខាន់នៃការដែលកម្ពុជា និងថៃ ត្រូវចូលរួមក្នុងស្មារតីនៃកិច្ចសន្ទនា និងការគោរពគ្នាទៅវិញទៅមក ដើម្បីបញ្ចប់ភាពតានតឹង និងថែរក្សាសន្តិភាព ព្រមទាំងស្ថិរភាពក្នុងតំបន់។

តាមការបញ្ជាក់របស់លោក នាយករដ្ឋមន្ត្រីម៉ាឡេស៊ី កិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ាន ដែលគ្រោងនឹងប្រព្រឹត្តទៅនៅថ្ងៃចន្ទដើមសប្ដាហ៍ក្រោយនេះ នឹងក្លាយជាឱកាស និងវេទិកាប្រកបដោយលក្ខណៈស្ថាបនាសម្រាប់ប្រទេសទាំងពីរ ក្នុងការចរចាគ្នាដោយបើកចំហ ដោះស្រាយការខ្វែងគំនិតគ្នាដោយសន្តិវិធី និងស្វែងរកដំណោះស្រាយដ៏យុត្តិធម៌ និងយូរអង្វែង។

ដោយ៖ ប៉ៃ សុឃីម

មតិយោបល់

កំពុងផ្ទុកមតិយោបល់…