លោក លាង រឿនសុធី អភិបាលក្រុងកំពត បានអំពាវនាវដល់បងប្អូនជនភៀសសឹក សូមមានការជឿជាក់លើរាជរដ្ឋាភិបាលកម្ពុជា ជាពិសេសសម្តេចតេជោ ហ៊ុន សែន និងសម្តេចធិបតី ហ៊ុន ម៉ាណែត ដែលជានិច្ចកាលតែងតែគិតគូរ និងខិតខំស្វែងរកសន្តិភាព មកជូនប្រជាពលរដ្ឋក្នុងពេលឆាប់ៗ។ ទន្ទឹមនឹងនេះ លោកអភិបាលក្រុង ក៏បានស្នើឱ្យបងប្អូនជឿជាក់លើវីរភាព អង់អាចក្លាហានរបស់កងទ័ពកម្ពុជា ដែលបាននិងកំពុងឈរជើងការពារបូរណភាពទឹកដីយ៉ាងរឹងមាំនៅជួរមុខ ដោយមិនអនុញ្ញាតឱ្យសត្រូវឈ្លានពានដណ្តើមយកទឹកដីបានសូម្បីតែមួយចំអាមឡើយ។
អភិបាលក្រុងកំពត បានលើកឡើងដូចនេះ នៅព្រឹកថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២៥ ក្នុងឱកាសចុះជួបសំណេះសំណាល សាកសួរសុខទុក្ខ និងផ្តល់អំណោយជូនបងប្អូនជនភៀសសឹកមកពីបណ្តាខេត្តផ្សេងៗ ប្រមាណជាង ១៦០ គ្រួសារ ដែលកំពុងស្នាក់នៅជាបណ្ដោះអាសន្នជាមួយសាច់ញាតិរបស់ខ្លួន នៅក្នុងក្រុងកំពត។
ក្នុងឱកាសនោះ លោកអភិបាលក្រុង បាននាំមកនូវការផ្តាំផ្ញើសាកសួរសុខទុក្ខ និងការចូលរួមរំលែកសេចក្តីទុក្ខព្រួយ និងការលំបាករបស់បងប្អូនជនភៀសសឹក ពីសំណាក់ប្រមុខថ្នាក់ដឹកនាំរាជរដ្ឋាភិបាល រួមមាន សម្តេចតេជោ ហ៊ុន សែន សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងពីសំណាក់ឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្តកំពត ដែលជានិច្ចកាលតែងតែយកចិត្តទុកដាក់ខ្ពស់ ចំពោះសុខទុក្ខ និងតម្រូវការរបស់ប្រជាពលរដ្ឋ ជាពិសេសបងប្អូនជនភៀសសឹក ដែលកំពុងភៀសខ្លួនចេញពីស្រុកកំណើត មករស់នៅជាបណ្ដោះអាសន្នជាមួយក្រុមគ្រួសារ និងសាច់ញាតិ។
លោកអភិបាលក្រុង បានបញ្ជាក់ថា ដោយសារស្ថានភាពនៃការឈ្លានពាន ដែលបង្កការគំរាមកំហែងដល់បូរណភាពទឹកដី បានធ្វើឱ្យចំនួនជនភៀសសឹកមានការកើនឡើង ហើយថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ បាននិងកំពុងយកចិត្តទុកដាក់ថែរក្សាបងប្អូនប្រជាពលរដ្ឋ ដោយមិនទុកចោលនរណាម្នាក់ឡើយ ទោះស្ថិតក្នុងកាលៈទេសៈណាក៏ដោយ ជាពិសេសមិនអនុញ្ញាតឱ្យមានប្រជាពលរដ្ឋណាម្នាក់ខ្វះខាតអាហារហូបចុក។
ជាមួយគ្នានេះ លោកអភិបាលក្រុង ក៏បានលើកទឹកចិត្តដល់បងប្អូនជនភៀសសឹក ឱ្យបន្តយកចិត្តទុកដាក់ថែទាំសុខភាព ទាំងផ្លូវកាយ និងផ្លូវចិត្ត ហើយកុំមានការព្រួយបារម្ភចំពោះបញ្ហាកន្លែងស្នាក់នៅ និងអាហារហូបចុក ព្រោះរដ្ឋបាលខេត្តកំពត ក្រោមការដឹកនាំរបស់ឯកឧត្តម ម៉ៅ ធនិន និងដោយមានការណែនាំពីប្រមុខរាជរដ្ឋាភិបាល អាជ្ញាធរខេត្តបានត្រៀមលក្ខណៈរួចរាល់ ក្នុងការទទួល និងគាំទ្របងប្អូនប្រជាពលរដ្ឋគ្រប់ពេលវេលា។
ដោយ៖ ប៉ៃ សុឃីម











