(គូឡាឡាំពួ)៖ តាមការចេញផ្សាយរបស់សារព័ត៌មានម៉ាឡេស៊ី Bernama បានឱ្យដឹងថា នៅថ្ងៃចន្ទ ទី២២ ខែធ្នូ ឆ្នាំ២០២៥ ម៉ាឡេស៊ី ក្នុងនាមជាប្រធានអាស៊ាន នឹងកោះប្រជុំពិសេសនៃបណ្ដារដ្ឋមន្ត្រីការបរទេសអាស៊ាន នៅទីក្រុងគូឡាឡាំពួ ដើម្បីពិភាក្សា និងដោះស្រាយស្ថានការណ៍បច្ចុប្បន្នរវាងព្រះរាជាណាចក្រកម្ពុជា និងព្រះរាជាណាចក្រថៃ។
លោក អាន់វ៉ា អ៊ីប្រាហ៊ីម នាយករដ្ឋមន្ត្រីម៉ាឡេស៊ី បានសម្តែងក្តីសង្ឃឹមថា កិច្ចប្រជុំនេះ នឹងក្លាយជាវេទិកាមួយសម្រាប់កម្ពុជា និងថៃ ចូលរួមក្នុងកិច្ចសន្ទនាដោយបើកចំហ និងប្រកបដោយលក្ខណៈស្ថាបនា សំដៅឆ្ពោះទៅរកការបន្ធូរបន្ថយភាពតានតឹង រវាងប្រទេសទាំងពីរ។
ក្រសួងការបរទេសម៉ាឡេស៊ី បានបញ្ជាក់ក្នុងសេចក្តីថ្លែងការណ៍មួយ ដែលចេញផ្សាយនៅថ្ងៃអាទិត្យ ទី២១ ខែធ្នូ ថា កិច្ចប្រជុំពិសេសនេះ នឹងត្រូវរៀបចំឡើង ស្របតាមការសម្រេចចិត្តរួមរបស់នាយករដ្ឋមន្ត្រីម៉ាឡេស៊ី កម្ពុជា និងថៃ កាលពីថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២៥។ កិច្ចប្រជុំនេះ នឹងត្រូវដឹកនាំដោយរដ្ឋមន្ត្រីការបរទេសម៉ាឡេស៊ី លោក Mohamad Hasan។
សេចក្តីថ្លែងការណ៍ដដែល បានគូសបញ្ជាក់ថា កិច្ចប្រជុំពិសេសរដ្ឋមន្ត្រីការបរទេសអាស៊ាន នៅថ្ងៃចន្ទនេះ នឹងក្លាយជាវេទិកាសម្រាប់បណ្ដារដ្ឋមន្ត្រីការបរទេសអាស៊ាន ផ្លាស់ប្ដូរយោបល់អំពីស្ថានការណ៍បច្ចុប្បន្នរវាងកម្ពុជា និងថៃ ព្រមទាំងពិចារណាលើជំហាននានាដែលអាស៊ានអាចចូលរួមគាំទ្រ ក្នុងកិច្ចខិតខំប្រឹងប្រែងឆ្ពោះទៅរកការបន្ធូរបន្ថយជម្លោះ និងការបញ្ឈប់អរិភាព ដើម្បីផលប្រយោជន៍ដល់សន្តិភាព និងស្ថិរភាព រវាងប្រទេសសមាជិកអាស៊ានទាំងពីរ និងតំបន់ទាំងមូល។
យោងតាមក្រសួងការបរទេសម៉ាឡេស៊ី កិច្ចប្រជុំពិសេសនេះ ឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តរបស់បណ្ដារដ្ឋជាសមាជិកអាស៊ាន ក្នុងការថែរក្សាការរួបរួម និងសាមគ្គីភាព ព្រមទាំងតួនាទីស្នូលរបស់អាស៊ាន ក្នុងការថែរក្សាសន្តិភាព សន្តិសុខ ស្ថិរភាព និងវិបុលភាពក្នុងតំបន់ ស្របតាមធម្មនុញ្ញអាស៊ាន និងសន្ធិសញ្ញាមិត្តភាព និងកិច្ចសហប្រតិបត្តិការនៅអាស៊ីអាគ្នេយ៍។
ដោយ៖ ប៉ៃ សុឃីម







