ដើម្បីធានាសុវត្ថិភាព និងចៀសវាងគ្រោះថ្នាក់ជាយថាហេតុក្នុងពេលដំណើរឆ្លងកាត់ច្រកព្រំដែនកម្ពុជា-ថៃ ក្រសួងការងារអំពាវនាវបងប្អូនពលករខ្មែរដែលកំពុងស្នាក់នៅ និងធ្វើការនៅក្នុងប្រទេសថៃ ត្រូវបន្តអត់ធ្មត់រក្សាភាពស្ងៀមស្ងាត់ ដោយស្នាក់នៅ និងធ្វើការនៅទីតាំងការងាររបស់ខ្លួនធម្មតា ចៀសវាងការជួបជុំឬធ្វើដំណើរវិលត្រឡប់មកកាន់ច្រកព្រំដែន រហូតដល់ស្ថានភាពវិលត្រឡប់មកជាប្រក្រតីឡើងវិញ។ ការអំពាវនាវដូច្នេះ ដោយសារតែក្រុមយោធាថៃពន្លាតការវាយប្រហារនៅតាមបណ្តោយព្រំដែនមកលើដែនអធិបតេយ្យកម្ពុជាដែលឈានចូលសប្តាហ៍ទី៣ហើយ បើគិតត្រឹមថ្ងៃទី២២ ខែធ្នូនេះ។
ក្រសួងការងារ បញ្ជាក់ថា ក្នុងករណីមានការគំរាមកំហែង ការបំភិតបំភ័យ ឬការបៀតបៀនណាមួយ សូមបងប្អូនទំនាក់ទំនងរកការគាំពារសុវត្ថិភាព តាមរយៈស្ថានឯកអគ្គរាជទូតកម្ពុជានៅទីក្រុងបាងកក, អនុព័ន្ធការងារនៅទីក្រុងបាងកក, អនុព័ន្ធការងារនៅខេត្តស្រះកែវ, អង្គការសហប្រជាជាតិ, អង្គការអន្តរជាតិខាងការងារ, អង្គការអន្តរជាតិទេសន្តរប្រវេសន៍ និងមណ្ឌលធនធានពលករទេសន្តរប្រវេសន៍ នៅទីក្រុងបាងកក នៅខេត្តឈៀងម៉ៃ និងនៅម៉េស៊ត៕
ទូរទស្សន៍ខេត្តព្រះសីហនុ ដោយ៖ ង៉ែត ពិសាន្ត








