ទូរទស្សន៍ខេត្តព្រះសីហនុ · គេហទំព័រផ្លូវការ
ចូល

ប្រមុខការទូតកម្ពុជាប្រាប់សមភាគីឡាវនិងសឹង្ហបុរីពីស្ថានការណ៍ដ៏អាក្រក់ទៅៗនៃសង្គ្រាមកម្ពុជា-ថៃ

KPS99TV

សេចក្តីសង្ខេប

ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានជួបរដ្ឋមន្ត្រីការបរទេសឡាវ និងសឹង្ហបុរីដោយឡែកពីគ្នានៅគូឡាឡាំពួ ថ្ងៃទី២២ ខែធ្នូ ដោយសង្កត់ធ្ងន់លើបទឈប់បាញ់ និងដំណោះស្រាយការទូត។

ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេសកម្ពុជា នៅព្រឹកថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៥ បានមានជំនួបទ្វេភាគីជាមួយរដ្ឋមន្ត្រីការបរទេសឡាវ និងរដ្ឋមន្ត្រីការបរទេសសឹង្ហបុរី ដោយពិភាក្សាផ្ដោតសំខាន់លើការវិវត្តនៃស្ថានភាពជម្លោះព្រំដែនកម្ពុជា-ថៃ។ ជំនួបដាច់ដោយឡែករវាងឯកឧត្តមរដ្ឋមន្ត្រីការបរទេសកម្ពុជា និងរដ្ឋមន្ត្រីការបរទេសឡាវ និងសឹង្ហបុរី ធ្វើឡើងក្នុងអំឡុងពេលនៃការចូលរួមកិច្ចប្រជុំពិសេសរដ្ឋមន្ត្រីការបរទេសអាស៊ាន ស្តីពីស្ថានភាពបច្ចុប្បន្នរវាងកម្ពុជា និងថៃ នៅទីក្រុងគូឡាឡាំពួ ប្រទេសម៉ាឡេស៊ី។

ពាក់ព័ន្ធនឹងជម្លោះព្រំដែននេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានបញ្ជាក់អំពីស្ថានភាពថ្មីៗ ដោយសង្កត់ធ្ងន់ពីតម្រូវការបន្ទាន់ឱ្យមានបទឈប់បាញ់ និងអំពាវនាវឱ្យមានការចរចាតាមផ្លូវការទូត និងកិច្ចសន្ទនាប្រកបដោយស្ថាបនា ដើម្បីធានានូវសន្តិភាពយូរអង្វែងសម្រាប់ប្រជាជននៃប្រទេសទាំងពីរ។ លើសពីនេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានសម្តែងនូវកង្វល់យ៉ាងខ្លាំងអំពីស្ថានការណ៍ដែលកាន់តែអាក្រក់ទៅៗនៅតាមបណ្តោយព្រំដែន និងបានបញ្ជាក់សារជាថ្មីពីការត្រៀមខ្លួនរួចជាស្រេចរបស់កម្ពុជាក្នុងការស្តារប្រក្រតីភាពឡើងវិញ តាមរយៈការដោះស្រាយដោយសន្តិវិធី។ សូមជម្រាបថា គិតមកទល់ថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៥នេះ ជាថ្ងៃទី១៦ហើយដែលសង្គ្រាមឈ្លានពានទឹកដីកម្ពុជានៅតែបន្តដោយក្រុមយោធាថៃ ដែលបណ្តាលឱ្យជនស៊ីវិលកម្ពុជាស្លាប់កើនដល់២០នាក់ និងរបួស៧៩នាក់ ខណៈជនភៀសសឹកជាងកន្លះលាននាក់ផ្សេងទៀតកំពុងជួបទុក្ខលំបាកដោយបង្ខំចិត្តចាកចេញពីផ្ទះសម្បែងទៅរកទីទួលមានសុវត្ថិភាព៕

ទូរទស្សន៍ខេត្តព្រះសីហនុ ដោយ៖ ង៉ែត ពិសាន្ត

មតិយោបល់

កំពុងផ្ទុកមតិយោបល់…