ឯកឧត្តម ចន ណារិទ្ធ រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាអគ្គលេខាធិការក្រុមប្រឹក្សាជាតិគាំពារសង្គម បានឱ្យដឹងនៅថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៥ នេះថា នៅក្នុងអំឡុងមានជម្លោះប្រដាប់អាវុធដោយអំពើឈ្លានពានរបស់យោធាថៃ រាជរដ្ឋាភិបាលកម្ពុជាបានកែសម្រួលជាបណ្តោះអាសន្ននូវយន្តការ និងនីតិវិធីនៃការអនុវត្តកម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនស្ត្រីមានផ្ទៃពោះ និងកុមារអាយុក្រោម ២ឆ្នាំ ដើម្បីធានាបន្តផ្តល់អត្ថប្រយោជន៍ពីកម្មវិធីជូនក្រុមគោលដៅ សំដៅជួយរក្សាលំនឹងជីវភាពរបស់ពួកគាត់។
ការកែសម្រួលជាបណ្តោះអាសន្ននូវយន្តការ និងនីតិវិធីនៃការអនុវត្តកម្មវិធីនេះ នឹងអនុញ្ញាតឱ្យស្ត្រីមានផ្ទៃពោះ និងកុមារអាយុក្រោម ២ឆ្នាំ ដែលជាសមាជិកគ្រួសារមានបណ្ណសមធម៌ ក្នុងភូមិសាស្ត្រដែលមានជម្លោះព្រំដែន នៅតែបន្តទទួលបានប្រាក់ឧបត្ថម្ភពីរាជរដ្ឋាភិបាល ដោយលើកលែងការអនុវត្តលក្ខខណ្ឌពិនិត្យសុខភាព ទាំងមុនពេលសម្រាល ពេលសម្រាល និងក្រោយពេលសម្រាល នៅតាមមូលដ្ឋានសុខាភិបាលសាធារណៈមុនការបើកផ្ដល់ប្រាក់ឧបត្ថម្ភ ក្នុងភូមិសាស្ត្រដែលមានជម្លោះព្រំដែន។
ដោយឡែក ក្នុងអំឡុងដែលកម្ពុជារងការឈ្លានពានពីប្រទេសថៃពេលនេះ បានធ្វើឱ្យរងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់សិទ្ធិរស់រានមានជីវិតរបស់ពលរដ្ឋ ជាពិសេសសិទ្ធិក្នុងការទទួលបានការគាំពារសម្រាប់ស្ត្រីមានផ្ទៃពោះ និងកុមារ ។
ឯកឧត្តម ចន ណារិទ្ធ បានបញ្ជាក់ថា ចាប់តាំងពីឆ្នាំ២០១៩ មក រាជរដ្ឋាភិបាលកម្ពុជាបានដាក់ចេញនូវកម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនស្ត្រីមានផ្ទៃពោះ និងកុមារអាយុក្រោម ២ឆ្នាំ ដើម្បីលើកទឹកចិត្តដល់ស្ត្រីមានផ្ទៃពោះ និងកុមារអាយុក្រោម២ឆ្នាំ ទៅមូលដ្ឋានសុខាភិបាលសាធារណៈចាប់តាំងពីមុនសម្រាល ពេលសម្រាល និងក្រោយសម្រាល រហូតកូនមានអាយុ ២ឆ្នាំ ដើម្បីលើកកម្ពស់សុខុមាលភាពមាតា និងទារក ព្រមទាំងរួមចំណែកដោះស្រាយបញ្ហាកង្វះអាហារូបត្ថម្ភ ដែលជួយជំរុញដល់ការលូតលាស់ទាំងកាយសម្បទា និងបញ្ញាស្មារតីឱ្យស្របតាមគោលនយោបាយជាតិគាំពារសង្គមរបស់រាជរដ្ឋាភិបាលកម្ពុជាផងដែរ៕
ដោយ៖ ប៉ៃ សុឃីម

















