សង្គ្រាមឈ្លានពានដោយក្រុមយោធាថៃមកលើទឹកដីកម្ពុជាបានឈានចូលសប្តាហ៍ទី៣ហើយ គិតចាប់តាំងពីថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០២៥មក។ ទន្ទឹមនឹងនេះ ប្រទេសចិន តាមរយៈឯកឧត្តម គួរ ជ៉ាគុន (Guo Jiakun) អ្នកនាំពាក្យក្រសួងការបរទេសចិន បានប្រកាសគាំទ្រ និងកោតសរសើរពីការខិតខំប្រឹងប្រែងរបស់អាស៊ានជាពិសេសប្រទេសម៉ាឡេស៊ី ដើម្បីឈានទៅបញ្ចប់ជម្លោះទាំងស្រុង និងទទួលបានសន្តិភាពពេញលេញ។ តាមទំព័រហ្វេសប៊ុកផ្លូវការរបស់អ្នកនាំពាក្យក្រសួងការបរទេសចិន នៅថ្ងៃទី២២ ខែធ្នូ បានបញ្ជាក់សាជាថ្មីថា ប្រទេសចិន ក្នុងនាមជាមិត្តភ័ក្តិ និងជាអ្នកជិតខាងដ៏ជិតស្និទ្ធរបស់ប្រទេសទាំងពីរ សង្ឃឹមយ៉ាងមុតមាំថា ការប្រយុទ្ធគ្នានឹងបញ្ឈប់ ហើយសន្តិភាពនឹងត្រូវបានកសាងឡើងវិញជាថ្មី ដែលជាផលប្រយោជន៍ធំជាងសម្រាប់សន្តិភាព និងស្ថិរភាពតាមបណ្តោយព្រំដែនរបស់ពួកគេ និងផលប្រយោជន៍ជាមូលដ្ឋានរបស់ប្រជាជននៃប្រទេសទាំងពីរ។ ទីក្រុងប៉េកាំង បាននិងកំពុងចូលរួមជាមួយភាគីទាំងពីរ ដើម្បីឈានឆ្ពោះទៅរកសន្តិភាពតាមមធ្យោបាយរបស់ខ្លួន។ បន្ថែមពីនេះ ប្រទេសចិននឹងបន្តធ្វើការយ៉ាងសកម្ម ដើម្បីសន្តិភាព និងដើរតួនាទីស្ថាបនាសម្រាប់ការបន្ថយភាពតានតឹង៕
ដោយ៖ ង៉ែត ពិសាន្ត







