ទូរទស្សន៍ខេត្តព្រះសីហនុ · គេហទំព័រផ្លូវការ
ចូល

ថៃដាក់លក្ខខណ្ឌចំនួន៣ឱ្យកម្ពុជា មុនកិច្ចប្រជុំ GBC នៅរសៀលនេះ

KPS99TV

សេចក្តីសង្ខេប

តាមលោក ពុយ គា ថៃលើកលក្ខខណ្ឌ៣ មុនកិច្ចប្រជុំលេខាធិការដ្ឋាន GBC ម៉ោង៤រសៀលថ្ងៃទី២៤ ខែធ្នូ៖ កម្ពុជាប្រកាសឈប់បាញ់មុន បទឈប់បាញ់ពិតប្រាកដក្រោមអ្នកសង្កេតការណ៍ និងសហការដោះមីនដោយស្មោះត្រង់។

យោងតាមសំណេររបស់លោក ពុយ គា ប្រធានក្លិបអ្នកកាសែតកម្ពុជា បានបញ្ជាក់ថា មុនកិច្ចប្រជុំកម្រិតលេខាធិការដ្ឋាន GBC ដែលគ្រោងធ្វើឡើងនៅល្ងាចថ្ងៃនេះ (ម៉ោង ៤:០០ រសៀល) នៅខេត្តចន្ថាបុរីជាប់ប៉ៃលិន ថៃបានបង្ហើរលក្ខខណ្ឌជាមួយកម្ពុជាដូចខាងក្រោមថា៖

កិច្ចប្រជុំនេះនឹងធ្វើឡើងចាប់ពីថ្ងៃទី ២៤-២៧ ខែធ្នូ ឆ្នាំ២០២៥ ហើយកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីនឹងប្រព្រឹត្តនៅថ្ងៃទី២៧ ខែធ្នូ នៅខេត្តចន្ថាបុរី ប្រទេសថៃ។ ទន្ទឹមនេះ ប្រទេសថៃបានបញ្ជាក់ជាថ្មីនូវគោលការណ៍បីរបស់ខ្លួនថា ១.កម្ពុជាត្រូវតែប្រកាសបទឈប់បាញ់ជាមុនសិន ២.បទឈប់បាញ់ត្រូវតែពិតប្រាកដ និងបន្តក្រោមការត្រួតពិនិត្យដោយក្រុមអ្នកសង្កេតការណ៍ ៣.កម្ពុជាត្រូវតែសហការដោយស្មោះត្រង់ក្នុងការដោះមីន និងសំខាន់ជាងនេះទៅទៀត ត្រូវតែអនុវត្តបទឈប់បាញ់ភ្លាមៗ នៅពេលដែលការចរចា GBC ចាប់ផ្តើម។

ភាគីថៃ បញ្ជាក់បន្ថែមថា ប្រសិនបើមន្ត្រីនៅកម្រិតលេខាធិការដ្ឋានមិនអាចឈានដល់ចំណុចរួមក្នុងអំឡុងពេលកិច្ចប្រជុំរបស់ពួកគេទេ ការចរចា GBC ថ្នាក់រដ្ឋមន្ត្រីការពារជាតិនៅថ្ងៃសៅរ៍នឹងមិនមានទៀតឡើយ៕

ប្រភព៖ លោក ពុយ គា ប្រធានក្លិបអ្នកកាសែតកម្ពុជា

សម្រួល៖ ចិន្តា ទីទិ

មតិយោបល់

កំពុងផ្ទុកមតិយោបល់…