តបតាមអនុសាសន៍របស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ ការយកចិត្តទុកដាក់ចំពោះសុខទុក្ខរបស់ជនភៀសសឹក ត្រូវបានដាក់ជាបន្ទុកអាទិភាពខ្ពស់ ដើម្បីធានាសុវត្ថិភាព និងការឧបត្ថម្ភស្បៀង អាហារ និងគ្រឿងឧបភោគបរិភោគឱ្យបានគ្រប់គ្រាន់។
មានប្រសាសន៍បញ្ជាក់ដូចនេះ ឯកឧត្តម គន់ គីម ទេសរដ្ឋមន្ត្រី អនុប្រធានទី១ នៃគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ ក្នុងឱកាសអញ្ជើញចុះពិនិត្យវឌ្ឍនភាពនៃការរៀបចំជម្រកចល័ត នៅមណ្ឌលសុវត្ថិភាពសម្រាប់ប្រជាពលរដ្ឋភៀសសឹក ក្នុងខេត្តឧត្តរមានជ័យ កាលពីថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២៥។
ឯកឧត្តម ទេសរដ្ឋមន្ត្រី បានថ្លែងថា ក្នុងនាមជាសេនាធិការជូនរាជរដ្ឋាភិបាល ពិនិត្យឃើញថា ដោយសារកំណើនចំនួនជនភៀសសឹកបានកើនឡើង រហូតមានចំនួនសរុបប្រមាណជាង ៦០ម៉ឺននាក់ ដូច្នេះការរៀបចំជម្រកចល័តនៅមណ្ឌលសុវត្ថិភាព គឺជាការចាំបាច់ត្រូវដោះស្រាយជាបន្ទាន់។
ឯកឧត្តម ទេសរដ្ឋមន្ត្រី បានបញ្ជាក់ថា ជម្រកចល័តទាំងនេះ អាចទទួលជនភៀសសឹកបានជាច្រើនគ្រួសារ អាចការពារពីអាកាសធាតុបច្ចុប្បន្ន និងផ្តល់លទ្ធភាពស្នាក់នៅសមរម្យ សម្រាប់គ្រួសារភៀសសឹកដែលមានសមាជិកច្រើនផងដែរ។
ក្នុងអំឡុងពេលចុះពិនិត្យ ឯកឧត្តម ទេសរដ្ឋមន្ត្រី បានជំរុញឱ្យក្រុមការងារ ពន្លឿនការរៀបចំជម្រកចល័តឱ្យបានលឿនបំផុត ដើម្បីឱ្យជនភៀសសឹក ជាពិសេសមនុស្សចាស់ជរា កុមារ និងស្ត្រីមានផ្ទៃពោះ អាចស្នាក់នៅបានក្រោមការយកចិត្តទុកដាក់ និងការថែរក្សាពីរាជរដ្ឋាភិបាល និងអាជ្ញាធរមូលដ្ឋាន។
បន្ទាប់ពីចុះពិនិត្យការរៀបចំជម្រកចល័តរួចមក ឯកឧត្តម ទេសរដ្ឋមន្ត្រី ក៏បានឆ្លៀតចុះសួរសុខទុក្ខ និងក្រើនរំលឹកដល់បងប្អូនប្រជាពលរដ្ឋភៀសសឹក ឱ្យគោរពតាមការណែនាំរបស់អាជ្ញាធរ និងជឿជាក់លើការដឹកនាំរបស់សម្តេច តេជោ ហ៊ុន សែន និងសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ដែលតែងតែយកចិត្តទុកដាក់ និងនៅជាមួយប្រជាពលរដ្ឋគ្រប់កាលៈទេសៈ៕
ដោយ៖ ប៉ៃ សុឃីម















