ទូរទស្សន៍ខេត្តព្រះសីហនុ · គេហទំព័រផ្លូវការ
ចូល

អតីតតំណាងរាស្ត្រឥណ្ឌា៖ ការបំផ្លាញរូបបដិមាអាទិទេពហិណ្ឌូ ដោយយោធាថៃ ក្នុងជម្លោះជាមួយកម្ពុជា មិនអាចទទួលយកបាន

KPS99TV

សេចក្តីសង្ខេប

លោក Vijayasai Reddy អតីតតំណាងរាស្ត្រឥណ្ឌា បានបង្ហោះសារលើ X ថ្ងៃទី២៣ ខែធ្នូ រិះគន់ការបំផ្លាញរូបសំណាក់អាទិទេពហិណ្ឌូដោយយោធាថៃ និងការវាយប្រហារលើជំនឿសាសនា និងមរតកវប្បធម៌។

អតីតតំណាងរាស្ត្រឥណ្ឌាម្នាក់ កាលពីថ្ងៃទី២៣ ខែធ្នូ បានបង្ហោះសារតាមបណ្តាញសង្គមរិះគន់លើសកម្មភាពរបស់ក្រុមយោធាថៃ ដែលបានប្រើគ្រឿងចក្រកម្ទេចរូបសំណាក់អាទិទេពហិណ្ឌូ នៅក្នុងព្រំដែនកម្ពុជា។ ការវាយកម្ទេចនេះ បានកើតមានឡើង នៅពេលដែលយោធាថៃប្រើកម្លាំងយោធាវាយប្រហារចូលក្នុងទឹកដីកម្ពុជា។ 

លោក Vijayasai Reddy ដែលជាអតីតអ្នកនយោបាយឥណ្ឌាម្នាក់ បានសរសេរលើបណ្តាញសង្គម X ថា «ការបំផ្លិចបំផ្លាញរូបបដិមាតំណាងឱ្យអាទិទេពហិណ្ឌូ ក្រោមលេសនៃវិវាទព្រំដែន គឺជាទង្វើដែលមិនអាចទទួលយកបាន។ ទោះបីជាជារូបចម្លាក់នោះ ត្រូវបានសាងសង់ឡើងដោយភាគីកម្ពុជា ឬមិនមែនក៏ដោយ ការវាយប្រហារលើជំនឿសាសនា និងមរតកវប្បធម៌ គឺជាការបង្ហាញឱ្យឃើញពីភាពគ្មានការយោគយល់គ្នា។

លោកបន្តថា «ទាំងប្រទេសថៃ និងប្រទេសកម្ពុជា សុទ្ធសឹងតែជាប្រទេសកាន់សាសនាព្រះពុទ្ធ ប៉ុន្តែប្រវត្តិសាស្ត្របានកត់ត្រានូវការធ្វើទុក្ខបុកម្នេញម្តងហើយម្តងទៀតលើប្រាសាទហិណ្ឌូ និងការប៉ុនប៉ងលុបបំបាត់ចោល។ អំពើហិង្សាលើនិមិត្តរូបសក្ការៈ មិនអាចលាងជម្រះដោយគ្រាន់តែប្រើពាក្យស្លោកបានឡើយ។ ហើយគ្មានសាសនាណាមួយអាចកសាងសន្តិភាពរបស់ខ្លួន តាមរយៈការបំផ្លិចបំផ្លាញជំនឿសាសនារបស់អ្នកដទៃនោះទេ»៕

ដោយ៖ ចិន្តា ទីទិ

មតិយោបល់

កំពុងផ្ទុកមតិយោបល់…