«កម្ពុជាត្រូវការសន្តិភាព-Cambodia Needs Peace» «មនុស្សជាតិត្រូវការសន្តិភាព» និង«ខ្ញុំចង់រៀន» ជាពាក្យនៅលើបដាដែលប្រជាពលរដ្ឋខ្មែររាប់ពាន់នាក់លើកឡើងបង្ហាញទៅកាន់ពិភពលោក ក្រោយពីយោធាថៃបានបើកការឈ្លានពានទឹកដីកម្ពុជាទាំងកម្រោល។ ក្នុងព្រឹត្តិការណ៍ «ការដើរដោយជើងទទេដើម្បីសន្តិភាព» នៅក្រុងសៀមរាប កាលពីថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២៥ អ្នកចូលរួមរាប់ពាន់នាក់ មានទាំងព្រះសង្ឃ ពុទ្ធបរិសក្មេងចាស់ប្រុសស្រី និងសិស្សានុសិស្ស បាននាំគ្នាលើកបដា «កម្ពុជាត្រូវការសន្តិភាព-Cambodia Needs Peace» «មនុស្សជាតិត្រូវការសន្តិភាព» និង «ខ្ញុំចង់រៀន» អមជាមួយទង់ជាតិកម្ពុជា និងទង់សាសនា ដើម្បីបង្ហាញទៅកាន់ពិភពលោកថា «កម្ពុជាស្រឡាញ់សន្តិភាព» និង«ស្អប់ខ្ពើមសង្គ្រាម»។


ម៉្យាងទៀត កម្ពុជាចង់បញ្ជូនសារដ៏ខ្លាំងក្លាតាមរយៈព្រឹត្តិការណ៍ដើរដោយជើងទទេរាប់គីឡូម៉ែត្រនេះទៅកាន់សហគមន៍អន្តរជាតិ និងភ្ញៀវទេសចរបរទេសឱ្យបានជ្រាបច្បាស់ថា៖ «ប្រជាពលរដ្ឋកម្ពុជាត្រូវការសន្តិភាព» ហើយកុមារត្រូវការការរៀនសូត្រ៕
ដោយ៖ ង៉ែត ពិសាន្ត










