ស្ថានទូតម៉ាឡេស៊ីនៅទីក្រុងភ្នំពេញ បានសារព្រមានដល់ពលរដ្ឋខ្លួនដែលរស់នៅក្នុងប្រទេសកម្ពុជាទាំងអស់ឱ្យចៀសវាងការធ្វើដំណើរដែលមិនចាំបាច់ទៅខេត្តព្រំដែនកម្ពុជានៅជាប់ប្រទេសថៃ ខណៈថៃបង្កើនការវាយប្រហារលើកម្ពុជាកាន់ខ្លាំង។ សម្រាប់ខេត្តដែលស្ថានទូតម៉ាឡេស៊ីដាក់ក្នុងសេចក្តីណែនាំចៀសវាងការធ្វើដំណើរទៅនោះមានដូចជា៖ ខេត្តព្រះវិហារ ឧត្តរមានជ័យ បន្ទាយមានជ័យ បាត់ដំបង កោះកុង និងខេត្តពោធិ៍សាត់ ដែលជាតំបន់សមរភូមិផ្ទុះការវាយប្រហារខ្លាំងពីយោធាសៀម។
តាមការផ្សាយរបស់ The Star កាលពីថ្ងៃសុក្រ, ស្ថានទូតបានចេញសេចក្តីណែនាំអំពីការធ្វើដំណើរលើទំព័រ Facebook ថា៖ «ប្រជាពលរដ្ឋម៉ាឡេស៊ីនៅក្នុងប្រទេសកម្ពុជា ត្រូវបានណែនាំឱ្យតាមដានព័ត៌មានតាមរយៈប្រភពព័ត៌មានដែលគួរឱ្យទុកចិត្តបាន និងអនុវត្តតាមឱ្យបានខ្ជាប់ខ្ជួននូវការណែនាំ និងការជូនដំណឹងនានា ដែលចេញដោយអាជ្ញាធរមូលដ្ឋាន និងស្ថាប័នរដ្ឋាភិបាល»។ គួររំលឹកថា ប្រទេសថៃបានបើកការឈ្លានពានកម្ពុជាជាលើកទី២ កាលពីថ្ងៃទី០៧ ខែធ្នូ ខណៈបទឈប់បាញ់ និងកិច្ចព្រមព្រៀងសន្តិភាព ត្រូវបានថៃហែកចោលដោយគ្មានការញញើតអីបន្តិចសោះ។ សកម្មភាពឈ្លានពានរបស់យោធាថៃ បណ្តាលឱ្យពលរដ្ឋកម្ពុជាជាង៣០នាក់ស្លាប់និងរាប់សែននាក់រត់ភៀសខ្លួន៕
ដោយ៖ ង៉ែត ពិសាន្ត








