ទូរទស្សន៍ខេត្តព្រះសីហនុ · គេហទំព័រផ្លូវការ
ចូល

វីរយោធិនកម្ពុជា១៨រូបនឹងត្រូវដោះលែង ក្រោយបទឈប់បាញ់ត្រូវបានគោរពពេញលេញ៧២ម៉ោង

KPS99TV

សេចក្តីសង្ខេប

យោងសេចក្តីប្រកាសរួមGBCថ្ងៃទី២៧ ខែធ្នូ ទាហានកម្ពុជា១៨រូបនឹងត្រូវបញ្ជូនត្រឡប់ក្រោយបទឈប់បាញ់ចាប់ពីថ្ងៃត្រង់ត្រូវបានគោរពពេញលេញ៧២ម៉ោង។ សេចក្តីរាយការណ៍បញ្ជាក់ថា ព្រឹកនោះពួកគេត្រូវបានឃុំគ្រង១៥១ថ្ងៃហើយ។

វីរៈកងទ័ពខ្មែរទាំង១៨រូប នឹងត្រូវបានដោះលែងបញ្ជូនត្រឡប់មកកម្ពុជាវិញ ក្រោយពីបទឈប់បាញ់ដែលចូលជាធរមាននៅថ្ងៃត្រង់ថ្ងៃសៅរ៍នេះត្រូវបានគោរពយ៉ាងពេញលេញក្នុងពេល៧២ម៉ោង។ ការបញ្ជាក់ដូច្នេះ គឺផ្អែកលើសេចក្តីប្រកាសរួមនៃកិច្ចប្រជុំពិសេសលើកទី៣ នៃគណៈកម្មាធិការព្រំដែនទូទៅ (GBC) រវាងកម្ពុជានិងថៃ នៅព្រឹកថ្ងៃសៅរ៍ ទី២៧ ខែធ្នូ ឆ្នាំ២០២៥នេះ ដឹកនាំដោយឯកឧត្តមរដ្ឋមន្រ្តីការពារជាតិកម្ពុជានិងឯកឧត្តមរដ្ឋមន្រ្តីការពារជាតិថៃ ដែលភាគីទាំងពីរបានឯកភាពគ្នាលើបទឈប់បាញ់ជាបន្ទាន់ដោយត្រូវអនុវត្តចាប់ពីម៉ោង១២៖០០ថ្ងៃត្រង់នេះតទៅ។

បទឈប់បាញ់នេះ តម្រូវឱ្យភាគីទាំងពីរត្រូវជៀសវាងការផ្ទុះអាវុធដោយគ្មានមូលហេតុ ឬធ្វើសកម្មភាពរុលទៅមុខ ឬចល័តកម្លាំងទៅលើទីតាំង ឬកងកម្លាំងរបស់ភាគីម្ខាងទៀត។ ទន្ទឹមគ្នានេះ ភាគីទាំងពីរ មិនត្រូវបំពានកិច្ចព្រមព្រៀងនេះជាដាច់ខាត ទោះស្ថិតក្នុងកាលៈទេសៈណាក៏ដោយ។ គួររំលឹកថា ១៥១ថ្ងៃហើយដែលវីរកងទ័ពកម្ពុជាចំនួន១៨រូប ត្រូវបានចាប់ខ្លួន និងដាក់ឱ្យស្ថិតក្រោមការឃុំគ្រងរបស់យោធាថៃ គិតត្រឹមព្រឹកថ្ងៃសៅរ៍នេះ៕

ដោយ៖ ង៉ែត ពិសាន្ត

មតិយោបល់

កំពុងផ្ទុកមតិយោបល់…