ទូរទស្សន៍ខេត្តព្រះសីហនុ · គេហទំព័រផ្លូវការ
ចូល

ខេត្តព្រះសីហនុទទួលគម្រោងវិនិយោគ ៤១២គម្រោង ទុនជិត៨ពាន់លានដុល្លារ អាចបង្កើតការងារប្រមាណ៥២,០០០កន្លែង

KPS99TV

សេចក្តីសង្ខេប

ក្រុមការងារបង្ហាញថា ឆ្នាំ២០២៤–២០២៥មានគម្រោង៤១២ទទួលការគាំទ្រ ទុនប្រមាណ៧៩៧១លានដុល្លារ និងអាចបង្កើតការងារប្រមាណ៥២០០០កន្លែង។ ឆ្នាំ២០២៥ គម្រោង១៩៩ទទួលគោលការណ៍លើកទឹកចិត្តពិសេស ហើយកម្មវិធីបន្តដល់ចុងឆ្នាំ២០២៧។

ខណៈឆ្នាំ២០២៥ហៀបនឹងបញ្ចប់ ក្រុមការងារជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុបានបង្ហាញថា ក្នុងរយៈពេល២ឆ្នាំ គឺឆ្នាំ២០២៤–២០២៥ ក្រុមការងារបានសម្រេចផ្តល់គោលការណ៍លើកទឹកចិត្តពិសេស ការអនុគ្រោះ ការសម្រួលនីតិវិធី និងការសម្របសម្រួលដោះស្រាយវិវាទចំនួនសរុប ៤១២គម្រោង ជាមួយទុនវិនិយោគប្រមាណ៧,៩៧១លានដុល្លារអាម៉េរិក ដែលអាចបង្កើតការងារបានប្រមាណ៥២,០០០កន្លែង។

ព័ត៌មាននេះ ត្រូវបានបង្ហាញនៅក្នុងកិច្ចប្រជុំបូកសរុប និងវាយតម្លៃលទ្ធផលអនុវត្ត «កម្មវិធីពិសេសជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ» ឆ្នាំ២០២៥ ដែលបានរៀបចំឡើងនៅក្រុងព្រះសីហនុក្នុងសប្តាហ៍នេះ ក្រោមអធិបតីភាព ឯកឧត្តម បណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប ទីប្រឹក្សាសម្តេចធិបតីនាយករដ្ឋមន្ត្រី និងជាប្រធានក្រុមការងារជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ ដោយមានការចូលរួមពី ឯកឧត្តម ម៉ាង ស៊ីណេត អភិបាលខេត្តព្រះសីហនុ និងតំណាងក្រសួង ស្ថាប័នពាក់ព័ន្ធជាច្រើន។

កិច្ចប្រជុំបានបញ្ជាក់ថា ក្នុងឆ្នាំ២០២៥តែឯង ក្រុមការងារបានសម្រេចផ្តល់គោលការណ៍លើកទឹកចិត្តពិសេសចំនួន១៩៩គម្រោង ស្មើនឹង១៣៣ភាគរយ លើសគោលដៅសូចនាករសមិទ្ធកម្មដែលបានកំណត់ត្រឹម១៥០គម្រោង។ ក្នុងនោះរួមមាន គម្រោងអគារកំពុងជាប់គាំង៩២គម្រោង, គម្រោងថ្មីដែលមិនពាក់ព័ន្ធអគារជាប់គាំង៩០គម្រោង, គម្រោងពង្រីក៩គម្រោង និងគម្រោងវិនិយោគ ឬធុរកិច្ចដែលមានស្រាប់៨គម្រោង ដោយគ្របដណ្តប់លើវិស័យអចលនទ្រព្យ ឧស្សាហកម្ម ទេសចរណ៍ អប់រំ និងវិស័យផ្សេងៗទៀត។

ក្រៅពីនេះ ក្រុមការងារបានអនុវត្តវិធានការនានាដោយរលូន ស្របតាមកម្មវិធីពិសេស ដោយមានកិច្ចសហការខ្ពស់ និងការចូលរួមយ៉ាងសកម្មពីក្រសួង ស្ថាប័នពាក់ព័ន្ធ និងរដ្ឋបាលខេត្តព្រះសីហនុ ស្របតាមអភិក្រម «ជវភាពនៃប្រព័ន្ធតួអង្គតែមួយ»។

ថ្លែងក្នុងកិច្ចប្រជុំ ឯកឧត្តម បណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប បានមានប្រសាសន៍ថា ដោយផ្អែកលើកិច្ចខិតខំប្រឹងប្រែង និងលទ្ធផលសម្រេចបានជាក់ស្តែងទាំងនេះ រាជរដ្ឋាភិបាលបានសម្រេចបន្តអនុវត្ត «កម្មវិធីពិសេសជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ» រយៈពេល ២ ឆ្នាំបន្ថែមទៀត រហូតដល់ដំណាច់ឆ្នាំ២០២៧ ដោយរក្សាវិធានការដដែល និងបន្ថែមវិធានការថ្មីចំនួន៤រួមមាន៖
១. សម្របសម្រួល និងជំរុញការវិនិយោគក្នុងស្រុក ២. សម្របសម្រួលការបណ្តុះបណ្តាលជំនាញដល់វិនិយោគិន ធុរជន និយោជិត និងកម្មករ ៣. ជំរុញការប្រើប្រាស់កម្លាំងពលកម្មក្នុងស្រុក និងការផ្ទេរជំនាញ និងបច្ចេកវិទ្យា ៤. ជំរុញការប្រើប្រាស់ធាតុផ្សំ និងទំនិញផលិតក្នុងស្រុកនៅតាមសហគ្រាស និងរោងចក្រនានាក្នុងខេត្តព្រះសីហនុ។

ជាមួយគ្នានេះ កិច្ចប្រជុំក៏បានដាក់ចេញទិសដៅការងារបន្តសម្រាប់ឆ្នាំ២០២៦ និង២០២៧ ព្រមទាំងណែនាំឱ្យលេខាធិការដ្ឋានក្រុមការងារ បន្តកិច្ចខិតខំប្រឹងប្រែង បំពេញភារកិច្ច និងពង្រឹងការសហការជាមួយក្រសួង ស្ថាប័នពាក់ព័ន្ធ និងរដ្ឋបាលខេត្ត ឱ្យកាន់តែមានប្រសិទ្ធភាព។

គួរបញ្ជាក់ថា ក្នុងចំណោម៤១២គម្រោង ដែលបានទទួលគោលការណ៍លើកទឹកចិត្តពិសេសក្នុងរយៈពេល២ឆ្នាំកន្លងមក មានគម្រោងដែលបានបញ្ចប់ការសាងសង់ ជួសជុល និងកែលម្អរួចរាល់ចំនួន១៣៤គម្រោង ស្មើនឹង៣៣%, គម្រោងកំពុងអនុវត្តការសាងសង់ ជួសជុល និងកែលម្អ ចំនួន១៦២គម្រោងស្មើនឹង៣៩% និងគម្រោងដែលមិនទាន់ចាប់ផ្តើមដំណើរការចំនួន ១១៦ គម្រោង ស្មើនឹង២៨%៕

ដោយ៖ KPS99TV

មតិយោបល់

កំពុងផ្ទុកមតិយោបល់…