អ្នកនាំពាក្យក្រសួងការពារជាតិបានបញ្ជាក់ថា ស្ថានការណ៍នៅតាមជួរមុខមានសភាពស្ងប់ស្ងាត់គិតត្រឹមម៉ោង៤រសៀល ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ម្សិលមិញនេះ បន្ទាប់ពីភាគីកម្ពុជា និងថៃ បានឯកភាពគ្នាលើបទឈប់បាញ់ជាបន្ទាន់ និងបានចុះហត្ថលេខាលើសេចក្តីប្រកាសរួម។
ការបញ្ជាក់នេះ ត្រូវបានធ្វើឡើងដោយ លោកជំទាវ ឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិ ដោយឱ្យដឹងថា បទឈប់បាញ់ត្រូវបានអនុវត្តចាប់ពីម៉ោង១២:០០ថ្ងៃត្រង់នាថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ ហើយគិតដល់ម៉ោង១៦:០០ រសៀលថ្ងៃដដែល ស្ថានការណ៍នៅតាមបន្ទាត់ជួរមុខ មិនមានភាពតានតឹង និងស្ថិតក្នុងសភាពស្ងប់ស្ងាត់។
គួរបញ្ជាក់ថា យោងតាមសេចក្តីថ្លែងការណ៍រួមកម្ពុជា និងថៃ បានឯកភាពគ្នាលើការអនុវត្តបទឈប់បាញ់ជាបន្ទាន់ ដោយរក្សាការឈរជើងរបស់កងកម្លាំងនៅតាមទីតាំងបច្ចុប្បន្នរៀងៗខ្លួន។

សេចក្តីថ្លែងការណ៍រួមនេះ ត្រូវបានចុះហត្ថលេខានៅក្នុងកិច្ចប្រជុំពិសេសលើកទី៣នៃគណៈកម្មាធិការព្រំដែនទូទៅ (GBC) ដែលរៀបចំឡើងនៅច្រកទ្វារព្រំដែនអចិន្ត្រៃយ៍ Ban Pak Kard ស្រុក Pong Nam Ron ខេត្តច័ន្ទបុរី ព្រះរាជាណាចក្រថៃ។
ក្នុងកិច្ចប្រជុំខាងលើមានការចូលរួមចុះហត្ថលេខាដោយ នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងការពារជាតិនៃព្រះរាជាណាចក្រកម្ពុជា និងជាសហប្រធានគណៈកម្មាធិការព្រំដែនទូទៅភាគីកម្ពុជា ព្រមទាំងនាយឧត្តមសេនីយ៍ Nattaphon Narkphanit រដ្ឋមន្ត្រីក្រសួងការពារជាតិនៃព្រះរាជាណាចក្រថៃ និងជាសហប្រធានគណៈកម្មាធិការព្រំដែនទូទៅភាគីថៃ ដោយមានការចូលរួមសង្កេតការណ៍ពីក្រុមអ្នកសង្កេតការណ៍អាស៊ាន (ASEAN Observer Team – AOT)។
ថ្លែងក្នុងសន្និសីទសារព័ត៌មាន នារសៀលថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ លោកជំទាវ ឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា បានបញ្ជាក់បន្ថែមថា ក្រោយការចុះហត្ថលេខាលើសេចក្តីប្រកាសរួមស្តីពីបទឈប់បាញ់នេះ កងកម្លាំងកម្ពុជា នៅតែបន្តតាមដានស្ថានការណ៍យ៉ាងយកចិត្តទុកដាក់ និងប្រកាន់ខ្ជាប់ស្មារតីប្រុងប្រយ័ត្នខ្ពស់ ក្នុងការបំពេញភារកិច្ច ដើម្បីការពារអធិបតេយ្យភាព និងបូរណភាពទឹកដីរបស់ព្រះរាជាណាចក្រកម្ពុជា៕
ដោយ៖ KPS99TV






