កាលពីថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ ដោយយោងតាមសេចក្តីថ្លែងការណ៍ របស់អ្នកនាំពាក្យក្រសួងការបរទេសវៀតណាម លោកស្រី ផាម ធូហាង (Pham Thu Hang) ឱ្យដឹងថា វៀតណាមសូមស្វាគមន៍ចំពោះការចុះហត្ថលេខាលើសេចក្តីថ្លែងការណ៍រួមដោយកម្ពុជា និងថៃ ក្នុងកិច្ចប្រជុំពិសេសលើកទី៣ នៃគណៈកម្មាធិការព្រំដែនទូទៅ (GBC) ដោយបានឯកភាពគ្នាលើបទឈប់បាញ់ និងវិធានការនានាដើម្បីកាត់បន្ថយភាពតានតឹងនៅតាមព្រំដែននៃប្រទេសទាំងពីរ។
រដ្ឋាភិបាលវៀតណាមជឿជាក់ថា ប្រទេសទាំងពីរនឹងអនុវត្តប្រកបដោយប្រសិទ្ធភាពនូវរាល់កិច្ចព្រមព្រៀងដែលមានចែងក្នុងសេចក្តីថ្លែងការណ៍រួម ដោយបន្តការចរចាដោះស្រាយវិវាទដោយសន្តិវិធី ផ្អែកលើគោលការណ៍គ្រឹះនៃច្បាប់អន្តរជាតិ ធម្មនុញ្ញអង្គការសហប្រជាជាតិ ធម្មនុញ្ញអាស៊ាន សន្ធិសញ្ញាមិត្តភាព និងកិច្ចសហប្រតិបត្តិការនៅតំបន់អាស៊ីអាគ្នេយ៍ (TAC) និងក្នុងស្មារតីមិត្តភាព និងសាមគ្គីភាពអាស៊ាន ដើម្បីផលប្រយោជន៍យូរអង្វែងរបស់ភាគីទាំងពីរ និងក្នុងតំបន់៕ ដោយ៖ ប៉ៃ សុឃីម








