តាមសេចក្តីរាយការណ៍ថ្ងៃទី២៨ ខែធ្នូ កម្ពុជានិងថៃបានឯកភាពលើការធានាឱ្យជនស៊ីវិលនៅតំបន់ព្រំដែនវិលត្រឡប់ទៅផ្ទះដោយសុវត្ថិភាព។ ភាគីទាំងពីរបានយល់ព្រមឱ្យប្រជាជនដែលបង្ខំចិត្តជម្លៀសដោយស្ថានភាពព្រំដែននាពេលថ្មីៗ វិលត្រឡប់ក្រោមលក្ខខណ្ឌសុវត្ថិភាពនិងសណ្តាប់ធ្នាប់ ហើយស្តារមុខរបរនិងជីវភាពប្រចាំថ្ងៃជាបណ្តើរៗ។ បទឈប់បាញ់បន្ទាន់ដែលភាគីទាំងពីរបានព្រមព្រៀង ចូលជាធរមាននៅម៉ោង១២ថ្ងៃត្រង់ ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥។
ការឯកភាពនេះបានធ្វើឡើងក្នុងកិច្ចប្រជុំវិសាមញ្ញលើកទី៣នៃគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា–ថៃ (GBC)។ កិច្ចប្រជុំមានឧបនាយករដ្ឋមន្ត្រីនិងរដ្ឋមន្ត្រីក្រសួងការពារជាតិកម្ពុជា នាយឧត្តមសេនីយ៍ទៀ សីហា និងរដ្ឋមន្ត្រីការពារជាតិថៃ នាយឧត្តមសេនីយ៍ Nattaphon Narkphanit ដែលជាសហប្រធានGBC ដឹកនាំរួមគ្នា ដោយក្រុមអ្នកសង្កេតការណ៍អាស៊ានចូលរួមតាមការអញ្ជើញ។ ក្រោយកិច្ចប្រជុំ ភាគីទាំងពីរបានចេញសេចក្តីថ្លែងការណ៍រួម បញ្ជាក់ការឈប់បាញ់ជាបន្ទាន់ និងប្តេជ្ញាច្បាស់លាស់ជាបន្តបន្ទាប់ដើម្បីបន្ថយភាពតានតឹងតាមព្រំដែន។
តាមខ្លឹមសារព្រមព្រៀង កម្ពុជានិងថៃប្តេជ្ញាមិនប្រើអាវុធគ្រប់ប្រភេទនៅគ្រប់ពេលវេលានិងគ្រប់ទីកន្លែង មិនវាយប្រហារជនស៊ីវិល សំណង់ស៊ីវិល ឬគោលដៅយោធា ជៀសវាងការបាញ់ដោយគ្មានមូលហេតុ ការរុលទៅមុខផ្នែកយោធា ឬការចល័តកម្លាំង ហើយគោរពគោលការណ៍ច្បាប់អន្តរជាតិយ៉ាងតឹងរ៉ឹង។ ភាគីទាំងពីរសង្កត់ធ្ងន់ថា សកម្មភាពណាមួយលើជនស៊ីវិលនិងគោលដៅស៊ីវិលនឹងបង្កគ្រោះថ្នាក់ធ្ងន់ធ្ងរដល់សហគមន៍ព្រំដែន និងប៉ះពាល់កេរ្តិ៍ឈ្មោះអន្តរជាតិរបស់ភាគីពាក់ព័ន្ធ។ តាមតួលេខផ្លូវការដែលសេចក្តីរាយការណ៍យោង គិតត្រឹមល្ងាចថ្ងៃទី២៦ ខែធ្នូ ជម្លោះព្រំដែននេះបានបណ្តាលឱ្យជនស៊ីវិលកម្ពុជា៣០នាក់ស្លាប់ និង៩០នាក់របួស ហើយប្រជាជនជាង៦៤ម៉ឺននាក់ត្រូវភៀសខ្លួន ក្នុងនោះស្ត្រីនិងកុមារមានចំណែកធំ។
រាយការណ៍សរុបដោយស្ថានីយនេះ។











