ទូរទស្សន៍ខេត្តព្រះសីហនុ · គេហទំព័រផ្លូវការ
ចូល

ដើម្បីដោះស្រាយជម្លោះព្រំដែន ប្រមុខការទូតកម្ពុជា ថៃ និងចិន បានជួបពិភាក្សាក្នុងកិច្ចប្រជុំត្រីភាគី នៅខេត្តយូណាន ប្រទេសចិន

KPS99TVសរសេរ:ប៉ៃ សុឃីម

សេចក្តីសង្ខេប

ក្រសួងការបរទេសឱ្យដឹងថា លោក ប្រាក់ សុខុន ចូលរួមជំនួបត្រីភាគីនៅយូណាន ដើម្បីបន្ធូរភាពតានតឹង និងពង្រឹងទំនុកចិត្តកម្ពុជា–ថៃ។

បើយោងតាមសេចក្តីប្រកាសរបស់ក្រសួងការបរទេសនៅព្រឹកថ្ងៃទី ២៩ ខែធ្នូ ឆ្នាំ ២០២៥, ក្រោមការសម្របសម្រួលរបស់ភាគីចិន, ឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន, រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា, បានចូលរួមកិច្ចប្រជុំត្រីភាគី ជាមួយរដ្ឋមន្រ្តីការបរទេសថៃ និងលោក វ៉ាង យី, រដ្ឋមន្រ្តីការបរទេសចិន នៅខេត្តយូណាន ប្រទេសចិន ដើម្បីពិភាក្សាដោះស្រាយបញ្ហាព្រំដែន។

កិច្ចប្រជុំនេះមានគោលបំណងសម្របសម្រួលការផ្លាស់ប្តូរយោបល់ដោយផ្អែកលើការស្ថាបនា និងភាពស្មោះត្រង់ ស្តីពីស្ថានភាពបច្ចុប្បន្នរវាងកម្ពុជា និងថៃ, ដើម្បីពង្រឹងការជឿទុកចិត្តគ្នាទៅវិញទៅមក, ជំរុញការកាត់បន្ថយភាពតានតឹង, និងស្ដារឡើងវិញនូវសន្តិភាព, សន្តិសុខ និងស្ថិរភាពនៅតាមតំបន់ព្រំដែនកម្ពុជា-ថៃ។

កម្ពុជា បានវាយតម្លៃខ្ពស់ចំពោះតួនាទីចិន ក្នុងនាមជាម្ចាស់ផ្ទះ ដែលបានផ្តល់វេទិកាសម្រាប់ការសន្ទនា និងការគាំទ្រចំពោះកិច្ចខិតខំប្រឹងប្រែងបង្កើនការយោគយល់គ្នាទៅវិញទៅមក, និងចំពោះសន្តិភាព និងស្ថិរភាពក្នុងតំបន់។ កម្ពុជាក៏បានបន្តបញ្ជាក់ចំពោះជំហរយ៉ាងមុតមាំក្នុងការដោះស្រាយទំនាស់ និងជម្លោះទាំងឡាយ តាមគ្រប់មធ្យោបាយសន្តិវិធី, ការសន្ទនា និងផ្លូវការទូត, ស្របតាមច្បាប់អន្តរជាតិ, ធម្មនុញ្ញអង្គការសហប្រជាជាតិ និងធម្មនុញ្ញអាស៊ាន។

កិច្ចប្រជុំត្រីភាគីរវាងកម្ពុជា, ថៃ និងចិន ត្រូវបានធ្វើឡើង ខណៈដែលកម្ពុជា និងថៃ បានឯកភាពលើការឈប់បាញ់ជាបន្ទាន់ ដោយអនុវត្តចាប់ពីម៉ោង ១២:០០ ថ្ងៃទី ២៧ ខែធ្នូ ឆ្នាំ ២០២៥។ តាមសេចក្តីថ្លែងការណ៍រួមកម្ពុជា-ថៃ, ភាគីទាំងពីរនឹងរក្សាការឈរជើងនៅទីតាំងដែលខ្លួនឈរជើងក្នុងបច្ចុប្បន្ន និងអត់ធ្មត់រយៈពេល ៧២ ម៉ោង, ខណៈដែលភាគីថៃ សន្យាថានឹងបញ្ជូនយោធិនទាំង ១៨ នាក់ ដែលថៃបានចាប់ខ្លួនមុននេះ ត្រឡប់ទៅកម្ពុជាវិញ បន្ទាប់ពីបទឈប់បាញ់ត្រូវបានគោរពពេញលេញរយៈពេល ៧២ ម៉ោង។

ដោយ៖ ប៉ៃ សុឃីម

មតិយោបល់

កំពុងផ្ទុកមតិយោបល់…