ទូរទស្សន៍ខេត្តព្រះសីហនុ · គេហទំព័រផ្លូវការ
ចូល

នាវា DIAMOND PRINCESS នាំអ្នកដំណើរនិងនាវិកសរុប២៨៥០នាក់មកក្រុងព្រះសីហនុ

KPS99TVថតរូប:ទាវ វិឆាត

សេចក្តីសង្ខេប

នាវា DIAMOND PRINCESS ចូលចតនៅព្រះសីហនុថ្ងៃទី២៩ ធ្នូ ២០២៥ ដោយមានអ្នកដំណើរនិងនាវិកសរុប២៨៥០នាក់ ក្នុងនោះនាវិក១០៥១នាក់។

(ខេត្តព្រះសីហនុ)៖ អ្នកដំណើរនិងនាវិកបរទេសចម្រុះជាតិសាសន៍សរុបជិត ៣ពាន់នាក់ធ្វើដំណើរតាមរយៈនាវា DIAMOND PRINCESS បានមកទស្សនាខេត្តព្រះសីហនុ នៅថ្ងៃទី៣តាមប្រតិទិននៃការអនុវត្តបទឈប់បាញ់ជាមួយថៃ។

ការចុះចតនៃនាវា DIAMOND PRINCESS សញ្ជាតិ BERMUDA នៅកំពង់ផែស្វ័យតក្រុងព្រះសីហនុ នៅព្រឹកថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២៥នេះ មានការអញ្ជើញទទួលស្វាគមន៍ដោយផ្ទាល់ដោយ ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងឯកឧត្តម ម៉ាង ស៊ីណេត អភិបាលខេត្តព្រះសីហនុ។

ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានមានប្រសាសន៍ថា ការចូលចតនេះមិនមែនជារឿងចៃដន្យនោះឡើយដោយនាវានេះកំពុងបង្ហាញសារទៅកាន់ពិភពលោកថា កម្ពុជាមានសុខសន្តិភាព ស្ថេរភាពនយោបាយ និងមានការអភិវឌ្ឍន៍លើគ្រប់វិស័យ។ បន្ថែមពីនោះ កម្ពុជាមានតំបន់ទេសចរណ៍ដ៏សម្បូរបែបដែលធ្វើឱ្យទេសចរជាតិ និងអន្តរជាតិចង់មកទស្សនា ជាពិសេសខេត្តព្រះសីហនុ។

ទន្ទឹមគ្នានេះ ឯកឧត្តម ម៉ាង ស៊ីណេត អភិបាលខេត្តព្រះសីហនុ ក៏បានបញ្ជាក់ដែរថា ខេត្តព្រះសីហនុមានសក្តានុពលខ្ពស់លើវិស័យទេសចរ វិនិយោគ និងលូជីស្ទីក ហើយបច្ចុប្បន្ននេះ ខេត្តកំពុងពង្រីកផែរទឹកជ្រៅដែលនាវាអន្តរជាតិធំៗអាចចុះចតបាន។ ឯកឧត្តម សង្កត់ធ្ងន់ៗថា ការមកដល់របស់ភ្ញៀវបរទេសថ្ងៃនេះ បង្ហាញថា កម្ពុជាមានសុខសន្តិភាពល្អ។

គូសបញ្ជាក់ថា នាវាទេសចរណ៍នេះផ្ទុកអ្នកដំណើរ និងនាវិកសរុបចំនួន ២៨៥០នាក់ (ស្រី ១៥៦៦នាក់, មាន ៥២ សញ្ជាតិ) ក្នុងនោះនាវិកសរុប ១០៥១នាក់ (ស្រី ២៤៥ នាក់, មាន ៥១ សញ្ជាតិ) ខណៈចំនួនសញ្ជាតិដែលមានច្រើនជាងគេគឺជនជាតិអូស្ត្រាលី ៨២៤ នាក់ ជនជាតិអាម៉េរិក ៧៩៧នាក់។ នាវានេះនឹងចាកចេញពីកម្ពុជានៅល្ងាចថ្ងៃដដែល ហើយនឹងបន្តទៅកាន់ប្រទេសថៃ៕

អត្ថបទ៖ ចិន្តា ទីទិ

រូបភាព៖ ទាវ វិឆាត

មតិយោបល់

កំពុងផ្ទុកមតិយោបល់…