(ខេត្តព្រះសីហនុ)៖ ព្រះសង្ឃចំនួន៧វត្ត បានសហការជាមួយរដ្ឋបាលខេត្តព្រះសីហនុ រៀបចំពិធីបួងសួងសុំសុខសន្តិភាពសម្រាប់កម្ពុជា នៅវត្តក្រោម ក្រោមអធិបតីភាព ឯកឧត្តម ម៉ាង ស៊ីណេត អភិបាលខេត្តព្រះសីហនុ នាល្ងាចថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២៥។
ពិធីបួងសួងនេះ ធ្វើឡើងក្នុងគោលបំណងបង្ហាញពីការសាមគ្គីភាពរវាងប្រជាពលរដ្ឋនិងរាជរដ្ឋាភិបាល ក្នុងការដោះស្រាយដោះជម្លោះដោយសន្តិវិធី ដោយមិនប្រើកម្លាំងយោធា អាវុធ រឺអំពើហិង្សាឡើយ។ ម្យ៉ាងផ្ញើរសារទៅកាន់សហគមន៍អន្តរជាតិឲ្យបានឃើញថា កម្ពុជាជ្រើសរើសវិធីសន្តិភាពដោះស្រាយទោះក្នុងកាលៈទេសៈណាក៏ដោយ។
បន្ថែមពីនោះ ជាការបំផុសស្មារតីដល់ប្រជាជនកម្ពុជាគ្រប់ជំនាន់ ទាំងក្នុងពេលបច្ចុប្បន្ន ទាំងក្នុងពេលអនាគត ឱ្យយល់ដឹងច្បាស់អំពី «គុណតម្លៃនៃសុខសន្តិភាព» ហើយរួមគ្នាលើកកម្ពស់ «វប្បធម៌សន្តិភាព» នៅកម្ពុជា ពិសេស ការចូលរួមការពារ និងថែរក្សាឱ្យបានដាច់ខាតនូវ «សុខសន្តិភាព» ដែលជាអាយុជីវិតរបស់ជាតិ និងជាគ្រឹះដ៏មានតម្លៃបំផុតសម្រាប់ការអភិវឌ្ឍប្រទេសជាតិ និងភាពសុខសាន្តរបស់ ប្រជាជនកម្ពុជាប្រកបដោយចីរភាព និងភិយ្យោភាព។
គូសបញ្ជាក់ដែរថា ពិធីនេះធ្វើឡើងស្របពេលប្រទេសកម្ពុជាកំពុងប្រារព្ធខួបលើកទី២៧ នៃទិវាសន្តិភាពនៅកម្ពុជា ជាការឆ្លើយតបទៅនឹងបំណងប្រាថ្នាដ៏ពិសិដ្ឋរបស់ប្រជាជនកម្ពុជា ក្នុងការស្រឡាញ់សន្តិភាព និងការស្អប់ខ្ពើមសង្គ្រាម៕
ដោយ៖ ចិន្តា ទីទិ
រូបភាព៖ ប៉ៃ សុឃីម



















