បន្ទាប់ពីមានការផ្សព្វផ្សាយតាមបណ្តាញសង្គមអំពីព័ត៌មានមិនពិត ដែលអះអាងថា រាជរដ្ឋាភិបាលកម្ពុជា បានលក់កោះមួយនៅខេត្តព្រះសីហនុ និងកោះគី នៅខេត្តកំពត ទៅឱ្យក្រុមហ៊ុនឯកជន ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) នៅថ្ងៃទី២៨ ខែមករា បានចេញសេចក្តីប្រកាសព័ត៌ច្រានចោល និងបញ្ជាក់ថា នោះគឺជាព័ត៌មានមិនពិត។
ពាក់ព័ន្ធនឹងព័ត៌មានខាងលើនេះ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានពន្យល់ទៅកាន់សាធារណជនថា កោះទាំងពីរខាងលើ គឺជាទ្រព្យសម្បត្តិឯកជនរបស់រដ្ឋ ដែលរាជរដ្ឋាភិបាលនឹងធ្វើការជួលទៅឱ្យក្រុមហ៊ុនឯកជន ដើម្បីអភិវឌ្ឍន៍បម្រើឱ្យវិស័យទេសចរណ៍ តាមគោលនយោបាយ និងច្បាប់ជាធរមាន។
ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បញ្ជាក់បន្ថែមថា រាជរដ្ឋាភិបាលកម្ពុជា មិនបានលក់កោះទាំងនេះទៅឱ្យក្រុមហ៊ុនឯកជនឡើយ ហើយក៏មិនដែលមានការលក់កោះណាមួយនៅក្នុងដែនសមុទ្រកម្ពុជាទៅឱ្យក្រុមហ៊ុនឯកជនដែរ៕
ដោយ៖ ង៉ែត ពិសាន្ត








