ខេត្តព្រះសីហនុ៖ វិស័យអប់រំ គឺជាវិស័យដ៏មានសារៈសំខាន់ ព្រោះការបង្កើតធនធានមនុស្សល្អទាំងអស់ ដូចជា កូនល្អ មិត្តល្អ សិស្សល្អ និងពលរដ្ឋល្អ គឺចាប់ផ្តើមចេញពីសាលារៀន ដែលមានលោកគ្រូ អ្នកគ្រូ ជាអ្នកបង្រៀន និងតម្រង់ទិសអប់រំ រួមទាំងមានការចូលរួមយ៉ាងសំខាន់ពីមន្ត្រីរាជការនៃមន្ទីរអប់រំយុវជន និងកីឡា។ នេះជាប្រសាសន៍លើកឡើងរបស់ ឯកឧត្តម ម៉ាង ស៊ីណេត អភិបាលខេត្តព្រះសីហនុ ក្នុងពិធីបើកសន្និបាតបូកសរុបវាយតម្លៃលទ្ធផលការងារវិស័យអប់រំ យុវជន និងកីឡា ខេត្តព្រះសីហនុ សម្រាប់ឆ្នាំសិក្សា២០២៤–២០២៥ និងទិសដៅការងារឆ្នាំសិក្សា២០២៥–២០២៦ នាព្រឹកថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៦។
ឯកឧត្តមអភិបាលខេត្ត បានបន្ថែមថា ក្នុងឆ្នាំ២០២៥ កន្លងទៅ វិស័យអប់រំខេត្តព្រះសីហនុ ទទួលបានកិត្តិយសជាច្រើន រួមទាំងការទទួលបានពានរង្វាន់សាលាគំរូ និងពានរង្វាន់គ្រូបង្រៀនល្អ ពីសម្តេចតេជោ។ ដូច្នេះ ស្ថាប័នពាក់ព័ន្ធទាំងអស់ត្រូវបន្តខិតខំប្រឹងប្រែងបន្ថែមទៀត ដើម្បីឲ្យវិស័យអប់រំក្នុងខេត្តបន្តទទួលបានជោគជ័យកាន់តែច្រើន និងមានគុណភាពកាន់តែប្រសើរ។
ជាមួយគ្នានេះ ឯកឧត្តម ម៉ាង ស៊ីណេត បានថ្លែងកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះថ្នាក់ដឹកនាំ មន្ត្រីរាជការ បុគ្គលិកអប់រំ នៃមន្ទីរអប់រំយុវជន និងកីឡាខេត្ត គណៈគ្រប់គ្រងសាលារៀន លោកគ្រូ អ្នកគ្រូ នៃគ្រឹះស្ថានសិក្សាសាធារណៈ និងឯកជន ដែលបានខិតខំបណ្ដុះបណ្ដាលធនធានមនុស្សឱ្យមានគុណភាព មានសមត្ថភាព ចំណេះដឹង ចំណេះធ្វើ សីលធម៌ល្អ មនសិការវិជ្ជាជីវៈ សេចក្តីថ្លៃថ្នូរ និងក្លាយជាទំពាំងស្នងឬស្សីដ៏មានតម្លៃសម្រាប់សង្គមជាតិ។ ជាពិសេស ការខិតខំប្រែក្លាយវិបត្តិទៅជាកាលានុវត្តភាព តាមរយៈការអនុវត្តអភិក្រម «គន្លងអប់រំថ្មី» ដើម្បីអភិវឌ្ឍវិស័យអប់រំ ឲ្យឆ្លើយតបនឹងតម្រូវការនៃសេវាអប់រំទំនើប និងមានគុណភាពខ្ពស់ ក្នុងបរិបទនៃការកើនឡើងយ៉ាងឆាប់រហ័សនៃការប្រើប្រាស់បច្ចេកវិទ្យាព័ត៌មាន។
ឯកឧត្តមអភិបាលខេត្ត បានបន្តថា រាជរដ្ឋាភិបាល នឹងបន្តអនុវត្តវិធានការគន្លឹះក្នុងវិស័យអប់រំ ដោយផ្តោតលើការពង្រឹងគុណភាពសាលារដ្ឋ ចាប់ពីថ្នាក់មត្តេយ្យសិក្សា រហូតដល់មធ្យមសិក្សា តាមរយៈវិធានការចម្បងចំនួន ៤ រួមមាន៖ ការពង្រឹងអភិបាលកិច្ចសាលារៀន ការពិនិត្យកែសម្រួល និងរៀបចំកម្មវិធីសិក្សា ព្រមទាំងសកម្មភាពក្រៅម៉ោងសិក្សា ឲ្យស្របតាមតម្រូវការនៃការពង្រឹងចំណេះដឹង វិន័យ សីលធម៌ និងឥរិយាបថសិស្ស ការយកចិត្តទុកដាក់លើសុខភាពសិស្ស តាមរយៈកម្មវិធីអាហារូបត្ថម្ភកុមារ និងការត្រួតពិនិត្យគុណភាពចំណីអាហារនៅតាមសាលារៀន និងការជំរុញឲ្យមានការចូលរួមពីមាតាបិតា អាណាព្យាបាល និងសហគមន៍ ក្នុងការអប់រំ ស្របតាមពាក្យស្លោក «ភាពជាដៃគូរដ្ឋ និងសហគមន៍ ដើម្បីការអប់រំ»។
ឯកឧត្តមអភិបាលខេត្ត បានបញ្ជាក់ថា រដ្ឋបាលខេត្តព្រះសីហនុ បានយកចិត្តទុកដាក់ខ្ពស់លើវិស័យអប់រំ ព្រមទាំងការអភិវឌ្ឍកុមារ និងយុវជន ឲ្យមានសក្ដានុពលពេញលេញ ទាំងផ្លូវកាយ ផ្លូវបញ្ញា ផ្លូវសង្គម ផ្លូវចិត្ត និងផ្លូវអារម្មណ៍ ដើម្បីឲ្យក្លាយជាកូនល្អ សិស្សល្អ និងពលរដ្ឋល្អក្នុងសង្គម ព្រមទាំងក្លាយជាឆ្អឹងខ្នងដ៏រឹងមាំរបស់ប្រទេសជាតិ។
សាលារៀន គឺជាកត្តាសំខាន់មួយក្នុងការបង្កើតបរិយាកាស និងវេទិកាអំណោយផលដល់ការសិក្សា និងការស្រាវជ្រាវ ប្រកបដោយសុវត្ថិភាព និងបរិយាប័ន្ន។ ក្នុងន័យនេះ ការកែទម្រង់សាលារៀន ត្រូវរួមបញ្ចូលការទាក់ទាញការចូលរួម និងទទួលខុសត្រូវរបស់មាតាបិតា អាណាព្យាបាល សិស្ស-និស្សិត និងសហគមន៍ ក្នុងការគ្រប់គ្រងសាលារៀន ការបង្កើតបរិយាកាសសិក្សាប្រកបដោយសុវត្ថិភាព ទាំងក្នុងសាលារៀន គេហដ្ឋាន និងសហគមន៍៕
អត្ថបទ៖ ប៉ៃ សុឃីម
រូបភាព៖ កែវ ដារ៉ា


















