ទូរទស្សន៍ខេត្តព្រះសីហនុ · គេហទំព័រផ្លូវការ
ចូល

អភិបាលខេត្តកំពង់ស្ពឺ ព្រមានចាត់វិធានការក្តៅបំផុត លើអធិការ ឬមេប៉ុស្តិ៍ណា ដែលគប់គិតបង្កើត Online Scamsក្នុងមូលដ្ឋាន

KPS99TVសរសេរ:ប៉ៃ សុឃីម

សេចក្តីសង្ខេប

អភិបាលខេត្តកំពង់ស្ពឺព្រមានចាត់វិធានការលើមន្ត្រីនគរបាលដែលគប់គិតឬសម្រួលស្គែម និងអភិបាលក្រុង–ស្រុកដែលខ្វះត្រួតពិនិត្យឬមិនរាយការណ៍ទីតាំងសង្ស័យ។

ឯកឧត្តម ជាម ច័ន្ទសោភ័ណ អភិបាលខេត្តកំពង់ស្ពឺ បានព្រមានចាត់វិធានការក្តៅបំផុត ចំពោះអធិការ ឬមេប៉ុស្តិ៍ណា ដែលគប់គិត ឬសម្រួលឲ្យមានសកម្មភាពស្គែមអនឡាញ (Online Scams) នៅក្នុងមូលដ្ឋានដែលខ្លួនគ្រប់គ្រង ហើយក៏មិនលើកលែងដែរ ចំពោះអភិបាលក្រុង ស្រុក ដែលខ្វះការត្រួតពិនិត្យ និងមិនរាយការណ៍អំពីទីតាំងស្គែមអនឡាញ។ ប្រសាសន៍នេះ ឯកឧត្តមអភិបាលខេត្ត បានលើកឡើងនៅក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារត្រួតពិនិត្យ និងជំរុញការអនុវត្តគោលនយោបាយ «ភូមិ–ឃុំ–សង្កាត់ មានសុវត្ថិភាព» ប្រចាំឆ្នាំ២០២៥ និងលើកទិសដៅឆ្នាំ២០២៦ នាព្រឹកថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៦ ក្រោមការចូលរួមពី ឯកឧត្តម សំរិទ្ធ ឌី រដ្ឋលេខាធិការក្រសួងមហាផ្ទៃ។

ឯកឧត្តម អភិបាលខេត្ត បានមានប្រសាសន៍ថា បច្ចុប្បន្ននេះ សកម្មភាពឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) កំពុងបង្កការគំរាមកំហែង និងអសន្តិសុខ ទាំងក្នុងពិភពលោក និងក្នុងតំបន់ ខណៈក្រុមឧក្រិដ្ឋជនបរទេសមួយចំនួន ក៏បានជ្រៀតចូលមកប្រទេសកម្ពុជា ដើម្បីធ្វើសកម្មភាពឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាផងដែរ។

ដើម្បីបង្ការ ទប់ស្កាត់ និងប្រយុទ្ធប្រឆាំងនឹងសកម្មភាពឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាឱ្យមានប្រសិទ្ធភាពខ្ពស់ សំដៅចូលរួមថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានណែនាំដល់អភិបាលរាជធានី ខេត្ត និងស្នងការនគរបាលរាជធានី ខេត្ត ត្រូវទទួលខុសត្រូវដោយផ្ទាល់ ក្នុងការបោសសម្អាតគ្រប់ទីតាំងដែលមានសកម្មភាពឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ឲ្យអស់ពីភូមិសាស្ត្រ និងដែនសមត្ថកិច្ចរបស់ខ្លួន ស្របតាមច្បាប់ និងលិខិតបទដ្ឋានគតិយុត្តជាធរមាន។

ជុំវិញការអនុវត្តបទបញ្ជារបស់រាជរដ្ឋាភិបាល ឯកឧត្តម ជាម ច័ន្ទសោភ័ណ បានបញ្ជាក់ដោយដាច់ខាតថា អាជ្ញាធរ អធិការក្រុង ស្រុក និងមេប៉ុស្តិ៍ ត្រូវបង្កើនការយកចិត្តទុកដាក់ឱ្យបានខ្ពស់ ក្នុងការបង្ក្រាប និងទប់ស្កាត់សកម្មភាពឆបោកនេះ ឲ្យមានប្រសិទ្ធភាព និងតម្លាភាព ហើយនឹងមិនលើកលែងឡើយ ប្រសិនបើរកឃើញថា មានការគប់គិត ឬសម្រួលឲ្យមានសកម្មភាពឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) នៅក្នុងមូលដ្ឋានរបស់ខ្លួន៕ ដោយ៖ ប៉ៃ សុឃីម

មតិយោបល់

កំពុងផ្ទុកមតិយោបល់…