ទូរទស្សន៍ខេត្តព្រះសីហនុ · គេហទំព័រផ្លូវការ
ចូល

អភិបាលខេត្តកំពត៖ ការថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់សង្គម និងការប្រយុទ្ធប្រឆាំងបទល្មើស គឺដើម្បីធានាសុខសាន្តនៃការរស់នៅរបស់ប្រជាពលរដ្ឋ

KPS99TVសរសេរ:ប៉ៃ សុឃីម

សេចក្តីសង្ខេប

ម៉ៅ ធនិន បានណែនាំអាជ្ញាធរនិងកងកម្លាំងឱ្យត្រៀមបង្ការការឆបោកអនឡាញនៅកំពត និងអំពាវនាវម្ចាស់ទីតាំងស្នាក់នៅឱ្យសហការ ក្នុងសន្និបាតខេត្តថ្ងៃទី២៩ មករា។

ឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្តកំពត បានមានប្រសាសន៍ថា ការថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់សង្គម និងការប្រយុទ្ធប្រឆាំងបទល្មើសនានា គឺជាកត្តាសំខាន់ ដើម្បីធានាឱ្យការរស់នៅដោយសុខសាន្តរបស់ប្រជាពលរដ្ឋ នៅក្នុងភូមិសាស្ត្រខេត្តកំពត មានភាពល្អប្រសើរ។ ក្នុងន័យនេះ អាជ្ញាធរ និងសមត្ថកិច្ចជំនាញពាក់ព័ន្ធ ត្រូវបន្តអនុវត្តការងារដោយយកចិត្តទុកដាក់ និងជាបន្តបន្ទាប់ ដូចភ្លៀងរលឹម។

ឯកឧត្តមអភិបាលខេត្តកំពត បានបន្ថែមថា បច្ចុប្បន្ន បទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) បានក្លាយជាក្តីព្រួយបារម្ភរួម របស់រាជរដ្ឋាភិបាលកម្ពុជា និងសហគមន៍អន្តរជាតិ។ ទោះបីជានៅក្នុងខេត្តកំពត មិនទាន់មានករណីកើតឡើងក៏ដោយ ឯកឧត្តមបានណែនាំដល់អាជ្ញាធរ កងកម្លាំង សមត្ថកិច្ចជំនាញពាក់ព័ន្ធ និងប្រជាពលរដ្ឋទាំងអស់ ឱ្យចូលរួមសហការបង្ការ និងទប់ស្កាត់ កុំឱ្យបញ្ហានេះកើតមាននៅក្នុងភូមិសាស្ត្រខេត្តកំពត។

ឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្តកំពត បានថ្លែងដូចនេះ ក្នុងពិធីបើកសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៥ និងលើកទិសដៅការងារឆ្នាំ២០២៦ របស់រដ្ឋបាលខេត្តកំពត នៅថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៦ នាសាលសន្និសីទបូកគោ។ ក្នុងឱកាសនោះ ឯកឧត្តមបានបញ្ជាក់ថា ការប្រយុទ្ធប្រឆាំង និងបង្ក្រាបឧក្រិដ្ឋកម្មឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា នៅក្នុងខេត្តកំពត មិនទាន់មានកើតឡើងនោះទេ ប៉ុន្តែតម្រូវឱ្យមន្ត្រីអនុវត្តច្បាប់ ត្រូវត្រៀមលក្ខណៈគិតគូរ និងដាក់ចេញវិធានការបង្ការ និងទប់ស្កាត់ឱ្យមានប្រសិទ្ធភាព និងទាន់ពេលវេលាជាមុន ព្រោះរាជរដ្ឋាភិបាល បានដាក់ចេញវិធានការម៉ឺងម៉ាត់ និងមុតស្រួចបំផុត ចំពោះជនល្មើស និងអ្នកពាក់ព័ន្ធនឹងបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានេះ។

ជាមួយគ្នានេះដែរ ឯកឧត្តមអភិបាលខេត្តកំពត បានណែនាំដល់កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ អាជ្ញាធរគ្រប់ថ្នាក់ អង្គភាពពាក់ព័ន្ធ និងមន្ត្រីអនុវត្តច្បាប់ទាំងអស់ ត្រូវអនុវត្តវិធានការបង្ការ និងទប់ស្កាត់យ៉ាងម៉ឺងម៉ាត់ ចំពោះឧក្រិដ្ឋកម្មឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា។ ជាពិសេស សូមអំពាវនាវដល់ប្រជាពលរដ្ឋ ដែលជាម្ចាស់ទីតាំងផ្តល់សេវាស្នាក់នៅ ចូលរួមសហការយ៉ាងសកម្មជាមួយអាជ្ញាធរ និងសមត្ថកិច្ចជំនាញ ដើម្បីបង្ការ និងទប់ស្កាត់ឧក្រិដ្ឋកម្មឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ក្នុងភូមិសាស្ត្រខេត្តកំពត ឱ្យមានប្រសិទ្ធភាពខ្ពស់។

ដោយ៖ ប៉ៃ សុឃីម

មតិយោបល់

កំពុងផ្ទុកមតិយោបល់…