ខេត្តព្រះសីហនុ៖ ឯកឧត្តម ម៉ាង ស៊ីណេត អភិបាលខេត្តព្រះសីហនុ និងជាប្រធានសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា ខេត្តព្រះសីហនុ បានលើកឡើងថា ការប្រគល់ផ្ទះជូនបងប្អូនអតីតយុទ្ធជននាពេលនេះ គឺជាការពាំនាំនូវការផ្តាំផ្ញើសួរសុខទុក្ខ និងការយកចិត្តទុកដាក់ពី សម្តេចតេជោ ហ៊ុន សែន និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ព្រមទាំង សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ដែលតែងតែគិតគូ និងយកចិត្តទុកដាក់ជានិច្ច ចំពោះសុខទុក្ខ និងជីវភាពរស់នៅរបស់បងប្អូនអតីតយុទ្ធជនទាំងអស់។
ឯកឧត្តមបានបញ្ជាក់ថា សម្តេចទាំងអស់បានចូលរួមអបអរសាទរ ចំពោះការទទួលបានផ្ទះថ្មីរបស់បងប្អូនអតីតយុទ្ធជន និងបានជូនពរឲ្យបងប្អូនមានសុខភាពល្អ កាយសម្បទាមាំមួន កម្លាំងខ្លាំងក្លា ប្រាជ្ញាឈ្លាសវៃ និងមានសុភមង្គលក្នុងក្រុមគ្រួសារគ្រប់ៗគ្នា។
ជាមួយនឹងការទទួលបានសមិទ្ធផលនាពេលនេះ ឯកឧត្តមក៏បានលើកឡើងថា នៅតាមបន្ទាត់ព្រំដែននៃប្រទេសកម្ពុជាកំពុងប្រឈមនឹងស្ថានការណ៍ឈ្លានពានពីប្រទេសថៃផងដែរ ដែលតម្រូវឲ្យយើងទាំងអស់គ្នា ត្រូវរក្សាស្មារតីរួបរួម និងការពារអធិបតេយ្យភាពជាតិឲ្យបានរឹងមាំ។
ជាមួយគ្នានោះ ឯកឧត្តមប្រធានសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា ខេត្តព្រះសីហនុ បានរំលេចពីប្រវត្តិសាស្ត្រដ៏ឈឺចាប់របស់ប្រទេសកម្ពុជា ដែលបានទទួលរងគ្រោះដោយសង្គ្រាមអស់រយៈពេលជាច្រើនទសវត្សរ៍ រួមទាំងសង្គ្រាមប្រល័យពូជសាសន៍ប៉ុលពត ដែលបានធ្វើឲ្យពលរដ្ឋស្លូតត្រង់ស្លាប់អស់រាប់លាននាក់។ ឯកឧត្តមបានគូសបញ្ជាក់ថា ដោយសារការដឹកនាំដ៏ឈ្លាសវៃ និងការយកចិត្តទុកដាក់របស់ សម្តេចតេជោ ហ៊ុន សែន បានខិតខំពុះពារគ្រប់ឧបសគ្គ ដើម្បីរំដោះប្រទេសជាតិឲ្យឆ្លងផុតពីសង្គ្រាម និងជំរុញឲ្យប្រទេសមានការអភិវឌ្ឍរីកចម្រើនដូចសព្វថ្ងៃ។
ឯកឧត្តម ម៉ាង ស៊ីណេត បានបន្ថែមថា សមិទ្ធផលទាំងអស់នេះ គឺមានការចូលរួមយ៉ាងសំខាន់ពីបងប្អូនអតីតយុទ្ធជន ដែលបានបូជាកម្លាំង ប្រាជ្ញា ស្មារតី សាច់ស្រស់ ឈាមស្រស់ ដើម្បីការពារអធិបតេយ្យភាពជាតិ ខណៈបងប្អូនមួយចំនួនបានបាត់បង់ជីវិត និងទទួលរងរបួសពិការភាព រហូតមកដល់សព្វថ្ងៃ។
ដោយមើលឃើញពីភាពអង់អាចក្លាហាន និងការតស៊ូដ៏ឥតស្រាកស្រាន្តរបស់បងប្អូនអតីតយុទ្ធជនទាំងអស់នេះ ទើបថ្នាក់ដឹកនាំជាន់ខ្ពស់ តែងតែយកចិត្តទុកដាក់គិតគូពីសុខទុក្ខ និងជីវភាពរស់នៅរបស់បងប្អូនគ្រប់ពេលវេលា។
ជាក់ស្តែង នៅថ្ងៃនេះ តាមរយៈរដ្ឋបាលខេត្ត និងសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា ខេត្តព្រះសីហនុ បានប្រគល់ផ្ទះជូនបងប្អូនអតីតយុទ្ធជនចំនួន ៣១គ្រួសារ បន្ថែមទៀត ធ្វើឲ្យសរុបអតីតយុទ្ធជនទទួលបានផ្ទះមានចំនួន ៦៥គ្រួសារ ព្រមទាំងផ្តល់អំណោយសម្ភារៈប្រើប្រាស់ជូនគ្រប់គ្រួសារ រួមមាន អង្ករ ១០០គីឡូក្រាម មី ១កេស ត្រីខ ១០កំប៉ុង ទឹកត្រី ១យូ ឃីត ១ កន្ទេល ១ និងថវិកា ២០ម៉ឺនរៀល។ ដោយឡែក អតីតយុទ្ធជន ៣១គ្រួសារ ដែលទទួលបានផ្ទះថ្មី បានទទួលបន្ថែមសម្ភារៈផ្ទះបាយ ១ឈុត និងថវិកា ៥០ម៉ឺនរៀល។
ពិធីប្រគល់ផ្ទះ និងអំណោយនេះ បានប្រារព្ធឡើងនៅទីតាំងដីសង្គមកិច្ច ក្នុងភូមិមួយ ឃុំទំនប់រលក ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ នាថ្ងៃទី ១ ខែកុម្ភៈ ឆ្នាំ២០២៦ ក្នុងបរិយាកាសសប្បាយរីករាយ និងពោរពេញដោយសេចក្តីកក់ក្តៅ។
អត្ថបទ៖ ប៉ៃ សុឃីម
រូបភាព៖ ទាវ វិឆាត













