ឯកឧត្តម អ៊ុច បូររិទ្ធ អនុប្រធានទី១ ព្រឹទ្ធសភា ប្រធានក្រុមសភាជាតិកម្ពុជានៃសភាប្រើភាសាបារាំង (APF) និងជាអនុប្រធានសភាប្រើភាសាបារាំង បានបង្ហាញពីសភាពការណ៍វិវឌ្ឍនៃជម្លោះព្រំដែនរវាងកម្ពុជា-ថៃ នៅក្នុងកិច្ចប្រជុំគណៈកម្មាធិការប្រតិបត្តិ នៃសភាប្រើភាសាបារាំង (APF)។
តាមរយៈបទអន្តរាគមន៍របស់ឯកឧត្តមនៅចំពោះមុខអង្គប្រជុំដែលបានប្រព្រឹត្តទៅចាប់ពីថ្ងៃទី៣០ដល់ថ្ងៃទី៣១ ខែមករា នៅសភានៃម៉ុងតេណេហ្គ្រោ ក្រោមអធិបតីភាពឯកឧត្តម ហ៊ីឡារីយ៉ុង អេតុង (Hilarion ETONG) ប្រធានសភាប្រើភាសាបារាំង, ឯកឧត្តម អ៊ុច បូររិទ្ធ បានបញ្ជាក់អំពីស្ថានការណ៍នៅតាមបណ្តោយព្រំដែនកម្ពុជា-ថៃ បានធ្លាក់ចុះដុនដាបយ៉ាងខ្លាំង។ ការវិវឌ្ឍនេះ កាន់តែគួរឱ្យព្រួយបារម្ភ ដោយសារគោលការណ៍ និងឯកសារគតិយុត្តិអន្តរជាតិ ដែលត្រូវបានបង្កើតឡើងក្នុងគោលបំណងបង្ការការរីករាលដាលនៃជម្លោះ មិនត្រូវបានគោរពពេញលេញ ឬអនុវត្តឱ្យមានប្រសិទ្ធភាពនោះទេ។
ចំណែក យន្តការរួមមួយចំនួន ដែលបានបង្កើតឡើង ដើម្បីគ្រប់គ្រងភាពតានតឹងនៅតំបន់ព្រំដែន រួមមាន គណៈកម្មាធិការព្រំដែនទូទៅ (GBC) គណៈកម្មការចម្រុះព្រំដែន (JBC) និងអនុស្សរណៈនៃការយោគយល់គ្នា (MoU) ដែលបានកំណត់នីតិវិធី នៃកិច្ចសហប្រតិបត្តិការការពិគ្រោះយោបល់ និងការគ្រប់គ្រងស្ថានភាពរសើបនៅតាមព្រំដែន ក៏មិនត្រូវបានអនុវត្តពេញលេញនោះដែរ។
ប្រធានក្រុមសភាជាតិកម្ពុជា បានលើកឡើងបន្ថែមថា ទោះបីជាមានយន្តការទាំងនេះក៏ដោយ ឧប្បត្តិហេតុនានានៅតែបន្តកើតមានជាញឹកញាប់ ហើយហានិភ័យនៃការរីករាលដាលជម្លោះ នៅតែមានកម្រិតខ្ពស់ ដោយសារការមិនគោរពរបស់ភាគីថៃចំពោះឯកសារគតិយុត្តិដែលមានស្រាប់ និងការព្យាយាមផ្លាស់ប្តូរស្ថានភាពដើម (Status Quo) ដោយឯកតោភាគី។
ឯកឧត្តមប្រធាន ក៏បានបញ្ជាក់បន្ថែមអំពីផលប៉ះពាល់ដល់ប្រជាពលរដ្ឋ និងបេតិកភណ្ឌវប្បធម៌រួមទាំង ប្រាសាទព្រះវិហារ ដែលជាបេតិកភណ្ឌពិភពលោករបស់អង្គការយូណេស្កូ។ ការខូចខាតទាំងនេះ មិនត្រឹមតែជាការបាត់បង់ជាតិប៉ុណ្ណោះទេ ប៉ុន្តែជាការប៉ះពាល់ដល់កេរដំណែលរួមរបស់មនុស្សជាតិ។ ឯកឧត្តមបានអំពាវនាវឱ្យសភាប្រើភាសាបារាំង ចូលរួមថែរក្សាសន្តិភាព ស្ថិរភាព និងលើកកម្ពស់ការដោះស្រាយវិវាទដោយសន្តិវិធី តាមរយៈការគោរពច្បាប់អន្តរជាតិ អធិបតេយ្យភាព និងបូរណភាពទឹកដីរបស់រដ្ឋនានា៕
ដោយ៖ ង៉ែត ពិសាន្ត










