ឯកឧត្តម លូ គឹមឈន់ ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជាប្រធានអគ្គនាយកកំពង់ផែស្វយ័តក្រុងព្រះសីហនុ បានលើកឡើងថា គម្រោងអភិវឌ្ឍន៍ផែនការមេនេះ គឺជាគំនិតផ្តួចផ្តើមរបស់ សម្ដេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និង សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ដែលបានស្នើសុំការគាំទ្រពីរដ្ឋាភិបាលជប៉ុន សម្រាប់ការអភិវឌ្ឍកំពង់ផែស្វយ័តក្រុងព្រះសីហនុ ទៅជាកំពង់ផែស្នូលក្នុងតំបន់។ គម្រោងនេះមិនត្រឹមតែបម្រើប្រទេសកម្ពុជាប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបម្រើសេវាកំពង់ផែក្នុងតំបន់ និងពិភពលោកផងដែរ ស្របតាមចក្ខុវិស័យ និងយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការលើកកម្ពស់ការតភ្ជាប់ ការសម្រួលពាណិជ្ជកម្ម ការជំរុញការប្រកួតប្រជែងលើសេវា និងតម្លៃដឹកជញ្ជូនឡូជីស្ទីក ព្រមទាំងការធ្វើសមាហរណកម្មរបស់កម្ពុជា ទៅក្នុងខ្សែសង្វាក់ផ្គត់ផ្គង់ក្នុងតំបន់ និងពិភពលោក។
ឯកឧត្តម លូ គឹមឈន់ បានលើកឡើងដូចនេះ នៅទីស្ដីការក្រសួង នាព្រឹកថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២៦ ក្នុងឱកាសអញ្ជើញជាអធិបតីរួមជាមួយ លោក NAGASE Kensuke អនុប្រធានបេសកកម្មនៃស្ថានទូតជប៉ុនប្រចាំព្រះរាជាណាចក្រកម្ពុជា ក្នុងពិធីបើកសិក្ខាសាលាផ្សព្វផ្សាយ ស្ដីពី «គម្រោងអភិវឌ្ឍន៍ផែនការមេ ដើម្បីប្រែក្លាយកំពង់ផែក្រុងព្រះសីហនុ ទៅជាកំពង់ផែ និងមជ្ឈមណ្ឌលឡូជីស្ទីកថ្នាក់តំបន់»។ សិក្ខាសាលានេះ មានការអញ្ជើញចូលរួមពីឯកឧត្តម លោកជំទាវ លោក លោកស្រី ជាថ្នាក់ដឹកនាំ និងមន្ត្រីជំនាញពាក់ព័ន្ធរបស់ក្រសួងសាធារណការ និងដឹកជញ្ជូន តំណាងក្រសួង–ស្ថាប័នពាក់ព័ន្ធ កំពង់ផែស្វយ័តក្រុងព្រះសីហនុ តំណាងជាន់ខ្ពស់នៃទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិនៃប្រទេសជប៉ុន (JICA) ប្រចាំកម្ពុជា ព្រមទាំងតំណាងដៃគូអភិវឌ្ឍន៍ និងក្រុមហ៊ុនឯកជនជាច្រើនរូប។
សិក្ខាសាលានេះ ត្រូវបានរៀបចំឡើងក្នុងគោលបំណង ដើម្បីផ្សព្វផ្សាយពីការចាប់ផ្តើមអនុវត្តគម្រោងអភិវឌ្ឍន៍ផែនការមេ ដើម្បីប្រែក្លាយកំពង់ផែក្រុងព្រះសីហនុ ទៅជាកំពង់ផែ និងមជ្ឈមណ្ឌលឡូជីស្ទីកថ្នាក់តំបន់ ព្រមទាំងប្រមូលព័ត៌មាន និងធាតុចូលសំខាន់ៗពីក្រសួង–ស្ថាប័ន និងក្រុមហ៊ុនឯកជនពាក់ព័ន្ធ ដើម្បីធានាថា គម្រោងអភិវឌ្ឍន៍ផែនការមេនេះ មានភាពច្បាស់លាស់ គ្រប់ជ្រុងជ្រោយ និងត្រឹមត្រូវតាមលក្ខណៈបច្ចេកទេស ស្របតាមការវិវឌ្ឍសង្គម–សេដ្ឋកិច្ចរបស់កម្ពុជា ទាំងនៅបច្ចុប្បន្ន និងអនាគត។
មានប្រសាសន៍នាឱកាសនោះ លោក NAGASE Kensuke អនុប្រធានបេសកកម្មនៃស្ថានទូតជប៉ុនប្រចាំព្រះរាជាណាចក្រកម្ពុជា បានបញ្ជាក់ពីការប្តេជ្ញាចិត្តរបស់រដ្ឋាភិបាលជប៉ុន ក៏ដូចជាទីភ្នាក់ងារ JICA ក្នុងការគាំទ្រគម្រោងអភិវឌ្ឍន៍ផែនការមេនេះ តាមរយៈការផ្ដល់ជំនាញការជប៉ុន ដែលមានសមត្ថភាពខ្ពស់ និងបទពិសោធន៍សម្បូរបែប។
ជាមួយគ្នានេះដែរ ឯកឧត្តម លូ គឹមឈន់ ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះរដ្ឋាភិបាល និងប្រជាជនជប៉ុន ព្រមទាំងទីភ្នាក់ងារ JICA ដែលតែងតែបន្តផ្ដល់ការគាំទ្រ និងសហការយ៉ាងជិតស្និទ្ធជាមួយកម្ពុជា ក្នុងការអភិវឌ្ឍវិស័យដឹកជញ្ជូន–ឡូជីស្ទីក និងកំពង់ផែ។ ទន្ទឹមនឹងនេះ រាជរដ្ឋាភិបាលកម្ពុជា និងថ្នាក់ដឹកនាំ ព្រមទាំងមន្ត្រីជំនាញនៃក្រសួងសាធារណការ និងដឹកជញ្ជូន បានវាយតម្លៃខ្ពស់ និងត្រៀមខ្លួនរួចជាស្រេច ក្នុងការផ្ដល់កិច្ចសហការគ្រប់បែបយ៉ាងតាមការចាំបាច់ ដើម្បីធានាឲ្យការសិក្សា និងការរៀបចំផែនការមេនេះ ប្រព្រឹត្តទៅដោយភាពគ្រប់ជ្រុងជ្រោយ ច្បាស់លាស់ ត្រឹមត្រូវ និងសម្រេចបានលទ្ធផលតាមការគ្រោងទុក៕ ដោយ៖ ប៉ៃ សុឃីម

















