នារសៀលថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០២៦ ឯកឧត្តម សន្តិបណ្ឌិត ឆៃ ស៊ីណារិទ្ធ ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស និងជាប្រធានលេខាធិការដ្ឋាន គណៈកម្មការប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (គ.ប.ឆ.ប.) បានអនុញ្ញាតឱ្យ លោក Scott Schelble ឧបការីរងនៃអង្គភាពប្រតិបត្តិការអន្តរជាតិ នៃការិយាល័យស៊ើបអង្កេតសហព័ន្ធអាម៉េរិក (FBI) និងសហការី ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ។
ក្នុងជំនួបនេះ ឯកឧត្តម សន្តិបណ្ឌិត បានវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការរឹងមាំ និងមានន័យសំខាន់រវាងព្រះរាជាណាចក្រកម្ពុជា និងសហរដ្ឋអាម៉េរិក ជាពិសេសក្នុងវិស័យសន្តិសុខ និងការប្រយុទ្ធប្រឆាំងបទល្មើសឆ្លងដែន។ ឯកឧត្តមបានចាត់ទុកជំនួបនេះថា ជាវេទិកាសំខាន់សម្រាប់ការចែករំលែកបទពិសោធន៍ ការផ្លាស់ប្តូរទស្សនៈ និងការសម្របសម្រួលយុទ្ធសាស្ត្រ ដើម្បីបង្កើនប្រសិទ្ធភាពនៃការប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា។
ឯកឧត្តម សន្តិបណ្ឌិត បានគូសបញ្ជាក់ថា ក្រោមយន្តការរបស់ គ.ប.ឆ.ប. ដែលមានសម្តេចមហាបវរធិបតី នាយករដ្ឋមន្ត្រី ជាប្រធាន កិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការបង្ក្រាប និងបោសសម្អាតការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា បានទទួលលទ្ធផលជាក់ស្តែង និងជាផ្លែផ្កាជាបន្តបន្ទាប់ ទោះបីជាកម្ពុជាកំពុងប្រឈមបញ្ហាសន្តិសុខនៅតាមបណ្តោយព្រំដែនកម្ពុជា–ថៃក៏ដោយ។ រាជរដ្ឋាភិបាលកម្ពុជា បានបង្ហាញជំហរដាច់ខាត ដោយអនុវត្តវិធានការជំនាញ និងវិធានការច្បាប់យ៉ាងតឹងរឹងបំផុត ដើម្បីបញ្ចប់អំពើឆបោកទាំងនេះ។
តាមរយៈយន្តការ គ.ប.ឆ.ប. សមត្ថកិច្ចកម្ពុជា នឹងបន្តពង្រឹងកិច្ចសហប្រតិបត្តិការជាមួយដៃគូអន្តរជាតិ ទាំងក្នុងក្របខណ្ឌទ្វេភាគី និងពហុភាគី ដើម្បីស្រាវជ្រាវឱ្យដល់ឫសគល់នៃបណ្តាញឧក្រិដ្ឋជន និងប្រភពហិរញ្ញវត្ថុដែលពាក់ព័ន្ធ។
ជាកិច្ចឆ្លើយតប លោកឧបការីរង Scott Schelble បានសម្តែងការកោតសរសើរ និងអំណរគុណចំពោះរាជរដ្ឋាភិបាល និងសមត្ថកិច្ចកម្ពុជា ដែលបានយកចិត្តទុកដាក់ខ្ពស់ និងអនុវត្តវិធានការយ៉ាងសកម្ម ក្នុងការប្រយុទ្ធប្រឆាំងបទល្មើស Online Scams ដែលបានបង្ហាញលទ្ធផលជាក់ស្តែងជាច្រើនក្រោមយន្តការ គ.ប.ឆ.ប.។
លោកឧបការីរងបានបញ្ជាក់ថា ការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ជាបញ្ហាសកល និងមានភាពស្មុគស្មាញ ដែលប្រទេសជាច្រើននៅលើពិភពលោកកំពុងប្រឈម មិនមែនមានតែកម្ពុជាប៉ុណ្ណោះទេ។ លោកបានសង្កត់ធ្ងន់ថា លទ្ធផល និងចំណាត់ការរបស់ គ.ប.ឆ.ប. បានបញ្ជាក់យ៉ាងច្បាស់ថា ព្រះរាជាណាចក្រកម្ពុជា មិនមែនជាទីជ្រកកោន ឬជាមូលដ្ឋានសម្រាប់បណ្តាញឧក្រិដ្ឋជនឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានោះឡើយ ហើយការប្រយុទ្ធប្រឆាំងបទល្មើសប្រភេទនេះ ត្រូវការកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធពីដៃគូទ្វេភាគី និងពហុភាគី។
ក្នុងន័យនេះ លោកឧបការីរង បានបង្ហាញឆន្ទៈយ៉ាងច្បាស់ ក្នុងការបន្ត និងពង្រឹងកិច្ចសហប្រតិបត្តិការរវាង FBI និង គ.ប.ឆ.ប. ឱ្យកាន់តែមានប្រសិទ្ធភាព និងជាក់លាក់។
មុនបញ្ចប់ជំនួប ភាគីទាំងពីរ បានពិភាក្សា និងផ្លាស់ប្តូរទស្សនៈអំពីជំហានបន្ទាប់ នៃការបន្តកិច្ចសហប្រតិបត្តិការរវាង គ.ប.ឆ.ប. និង FBI រួមទាំងការកសាងសមត្ថភាព និងការពង្រឹងភាពជាដៃគូយុទ្ធសាស្ត្រ ក្នុងការប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា៕ ដោយ៖ KPS99TV









