ទូរទស្សន៍ខេត្តព្រះសីហនុ · គេហទំព័រផ្លូវការ
ចូល

ភាគីថៃបានធ្វើសកម្មភាពឈ្លានពានយ៉ាងគឃ្លើន ដោយមិនខ្លាចក្រសែភ្នែកអន្តរជាតិ ក្នុងការរំលោភចូលទឹកដីកម្ពុជាជាង ៤០០ ម៉ែត្រ នៅតំបន់ច្រកអូរស្មាច់

KPS99TVសរសេរ:ប៉ៃ សុឃីម

សេចក្តីសង្ខេប

លោក ម៉េត មាសភក្តី បានថ្លែងនៅថ្ងៃទី៥ កុម្ភៈថា កងកម្លាំងថៃបានដាក់លួសបន្លានិងលូបេតុងចូលទឹកដីកម្ពុជាប្រមាណ៤២០ម៉ែត្រនៅតំបន់អូរស្មាច់ ក្រោយបទឈប់បាញ់ថ្ងៃទី២៧ ធ្នូ ឆ្នាំ២០២៥។

យោធាថៃបានរាយបន្លាលួស និងដាក់លូបេតុងឃាំង ដែលជាការរំលោភច្បាប់អន្តរជាតិ ដោយរំកិលចូលទឹកដីកម្ពុជាប្រមាណ ៤២០ ម៉ែត្រ នៅតំបន់ច្រកទ្វារអន្តរជាតិអូរស្មាច់ នៃក្រុងសំរោង ខេត្តឧត្តរមានជ័យ ក្រោយបទឈប់បាញ់កាលពីថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥។

នេះបើតាមការឲ្យដឹងពី លោក ម៉េត មាសភក្តី អភិបាលរង និងជាអ្នកនាំពាក្យរដ្ឋបាលខេត្តឧត្តរមានជ័យ ដែលបានបញ្ជាក់ថា ការចូលកាន់កាប់ច្រកអូរស្មាច់យ៉ាងជ្រៅ និងខុសច្បាប់នេះ យោធាថៃបានព័ទ្ធយកប៉ុស្តិ៍នគរបាល ប៉ុស្តិ៍អន្តោប្រវេសន៍ និងអគារពាណិជ្ជកម្មផ្សេងៗរបស់កម្ពុជា ទោះបីជារាជរដ្ឋាភិបាលកម្ពុជា និងរាជរដ្ឋាភិបាលថៃ បានព្រមព្រៀងទទួលស្គាល់ជាផ្លូវការនូវបង្គោលព្រំដែនលេខ ១៥ រួចហើយក៏ដោយ។

លោកអភិបាលរងខេត្ត បានឲ្យដឹងដូច្នេះ នៅពេលក្រុមអ្នកសារព័ត៌មានចុះទៅយកព័ត៌មានអំពីស្ថានភាពជាក់ស្តែង នៅច្រកទ្វារអន្តរជាតិអូរស្មាច់ នារសៀលថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២៦ ដោយបានបញ្ជាក់ថា «យោធាថៃបានដាក់លូប្រអប់ និងរាយបន្លាលួស ចូលមកក្នុងទឹកដីកម្ពុជា នៅតំបន់បង្គោលព្រំដែនលេខ ១៥ ច្រកទ្វារព្រំដែនអន្តរជាតិអូរស្មាច់ ចម្ងាយជាង ៤២០ ម៉ែត្រ ក្រោយបទឈប់បាញ់ចូលជាធរមាន កាលពីថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥»។

លោក ម៉េត មាសភក្តី បានបន្ថែមថា ច្រកទ្វារព្រំដែនអន្តរជាតិកម្ពុជា–ថៃ ដែលជាប់ព្រំប្រទល់រវាងសង្កាត់អូរស្មាច់ ក្រុងសំរោង ខេត្តឧត្តរមានជ័យ និងស្រុកកាប់ជើង ខេត្តសុរិន្ទ មានការទទួលស្គាល់ជាផ្លូវការពីរាជរដ្ឋាភិបាលនៃប្រទេសទាំងពីរ (កម្ពុជា–ថៃ) និងបានបើកឲ្យមានការធ្វើដំណើរចេញចូល និងការដោះដូរទំនិញតាំងពីឆ្នាំ២០០២មកម្ល៉េះ។

អ្នកនាំពាក្យរដ្ឋបាលខេត្ត បានចាត់ទុកសកម្មភាពឈ្លានពានរបស់យោធាថៃនេះថា ជាការគំរាមកំហែងដល់សន្តិសុខ និងបង្កភាពភ័យខ្លាចដល់ប្រជាពលរដ្ឋ និងអាជីវករ ដែលធ្លាប់ប្រកបអាជីវកម្មនៅផ្សារថ្មអូរស្មាច់ ជាប់នឹងព្រំដែន។ ផ្សារនេះមានអាជីវករជាង ៦០០ តូប ហើយអគារសម្រាប់បម្រើសេវាសាធារណៈមួយចំនួន ត្រូវបានបិទទ្វារទាំងស្រុង ខណៈអគារមួយចំនួនទៀត បានរងការបំផ្លាញ និងខូចខាតយ៉ាងធ្ងន់ធ្ងរ ដោយសារយោធាថៃបានបាញ់គ្រាប់ផ្លោង ក្នុងអំឡុងពេលផ្ទុះសង្គ្រាមឈ្លានពាន ចាប់ពីថ្ងៃទី៨ ដល់ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥។

អ្នកនាំពាក្យរដ្ឋបាលខេត្ត ក៏បានឲ្យដឹងបន្ថែមថា ក្រៅពីនេះ យោធាថៃក៏បាន និងកំពុងរាយបន្លាលួស ដើម្បីកាន់កាប់ទឹកដីកម្ពុជា នៅចំណុចអូរខ្លាឃ្មុំ និងតំបន់ភ្នំតាថង ថែមទៀត នៅថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២៦ ដែលជាការរំលោភលើបទឈប់បាញ់៕ ដោយ៖ ប៉ៃ សុឃីម

មតិយោបល់

កំពុងផ្ទុកមតិយោបល់…