ក្រសួងអប់រំ យុវជន និងកីឡា បានចេញសេចក្តីណែនាំស្តីពីវិធានការទប់ស្កាត់សកម្មភាពមិនប្រក្រតី ក្នុងទិវានៃក្តីស្រឡាញ់ នៅតាមគ្រឹះស្ថានសិក្សាសាធារណៈ និងឯកជន។ ក្រសួងបានបញ្ជាក់ថា ទិវានេះមិនមែនជាប្រពៃណីរបស់ជនជាតិខ្មែរយើងឡើយ ខណៈយុវជនមួយចំនួនតូច បាននិងកំពុងភ្លើតភ្លើន ភ្លេចការសិក្សា និងបាត់បង់សេចក្តីថ្លៃថ្នូរ។
ការចេញសេចក្តីណែនាំនេះ ធ្វើឡើងក្រោយសង្កេតឃើញថា សិស្សានុសិស្សមួយចំនួនតូច មានការយល់ច្រឡំថា ថ្ងៃទី១៤ ខែកុម្ភៈ ជាថ្ងៃបុណ្យសង្សារ ឬជាថ្ងៃណាត់ជួបរវាងគូស្នេហ៍។
ក្រសួងអប់រំ បានបញ្ជាក់ថា ដើម្បីបន្តពង្រឹងការអនុវត្តបទបញ្ជាផ្ទៃក្នុង នៅគ្រប់គ្រឹះស្ថានសិក្សាសាធារណៈ និងឯកជន ក្រសួងអប់រំ យុវជន និងកីឡា សូមណែនាំឲ្យអនុវត្តដូចតទៅ៖
ទី១៖ ត្រូវផ្សព្វផ្សាយអំពីអត្ថន័យពិតប្រាកដនៃទិវានៃក្តីស្រឡាញ់ ដល់សិស្សានុសិស្សឲ្យបានទូលំទូលាយ តាមគ្រប់មធ្យោបាយ និងគ្រប់រូបភាព ដើម្បីជៀសវាងការយល់ច្រឡំ ដែលអាចនាំឲ្យប្រាសចាកវប្បធម៌ និងប្រពៃណីជាតិខ្មែរ។
ទី២៖ ត្រូវពង្រឹងការអនុវត្តវិន័យឲ្យបានម៉ឺងម៉ាត់ ដោយតាមដានអវត្តមានរបស់សិស្សានុសិស្សជាប់ជាប្រចាំ។
ទី៣៖ ត្រូវបញ្ចូលការអប់រំសីលធម៌ តាមមុខវិជ្ជានីមួយៗ។
ទី៤៖ ត្រូវជំរុញដំណើរការរបស់ក្រុមប្រឹក្សាយុវជន និងក្រុមប្រឹក្សាកុមារប្រចាំសាលា ដោយអនុវត្តសកម្មភាព «មិត្តអប់រំមិត្ត»។
ទី៥៖ ត្រូវទាក់ទងជាមួយមាតាបិតា ឬអ្នកអាណាព្យាបាលសិស្ស និងសហគមន៍ ដើម្បីផ្តល់ និងទទួលព័ត៌មាននានា ដែលពាក់ព័ន្ធនឹងសកម្មភាពមិនប្រក្រតី។
ទី៦៖ ត្រូវរួមសហការគ្នាទប់ស្កាត់ អប់រំណែនាំ និងកែលម្អឲ្យបានទាន់ពេលវេលា។
ទី៧៖ មន្ទីរអប់រំ យុវជន និងកីឡារាជធានី–ខេត្ត គណៈគ្រប់គ្រងសាលារៀន និងភាគីពាក់ព័ន្ធទាំងអស់ ត្រូវបន្តពង្រឹងការអនុវត្តប្រកាសលេខ ១២៥៨ អយក.ប្រក ចុះថ្ងៃទី២៧ ខែមីនា ឆ្នាំ២០០៩ ស្តីពីបទបញ្ជាផ្ទៃក្នុងសម្រាប់គ្រឹះស្ថានបឋមសិក្សា និងប្រកាសលេខ ២៧៨៦ អយក.ប្រក ចុះថ្ងៃទី២២ ខែតុលា ឆ្នាំ២០០៩ ស្តីពីបទបញ្ជាផ្ទៃក្នុងសម្រាប់គ្រឹះស្ថានមធ្យមសិក្សាចំណេះទូទៅសាធារណៈ៕ ដោយ៖ ប៉ៃ សុឃីម







