ស្រ្តីខ្មែរម្នាក់ និងបុរសជនជាតិចិនម្នាក់ដែលជេរប្រមាថលើមន្រ្តីនគរបាលកំពុងអនុវត្តច្បាប់ចរាចរណ៍នៅខេត្តព្រះសីហនុ ត្រូវបានចៅក្រមស៊ើបសួរនៃសាលាដំបូងខេត្តសម្រេចឃុំខ្លួនបណ្តោះអាសន្នហើយ ដើម្បីបន្តការស៊ើបសួរតាមនីតិវិធី បន្ទាប់ពីបានសួរយកចម្លើយ និងពិនិត្យភស្តុតាង។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់អ្នកនាំពាក្យសាលាដំបូងខេត្តព្រះសីហនុ នៅថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០២៦។
ការសម្រេចឃុំខ្លួនបណ្តោះអាសន្នលើជនត្រូវចោទខាងលើ ធ្វើឡើងបន្ទាប់ពីតំណាងអយ្យការសម្រេចចោទប្រកាន់លើជនត្រូវចោទទាំងពីរនាក់ ពីបទ៖ «ញុះញង់ឱ្យមានការរើសអើង និងប្រឆាំងនឹងអ្នករាជការសាធារណៈមានស្ថានទម្ងន់ទោស» ព្រមទាំងបានបញ្ជូនសំណុំរឿងនោះទៅឱ្យចៅក្រមស៊ើបសួរតាមរយៈដីការសន្និដ្ឋានបញ្ជូនរឿងឱ្យស៊ើបសួរចុះថ្ងៃទី០៥ ខែកុម្ភៈ។
សូមជម្រាបថា កាលពីយប់ថ្ងៃទី០២ ខែកុម្ភៈ កម្លាំងនគរបាលចរាចរណ៍ខេត្តព្រះសីហនុ បានឃាត់រថយន្ដ១គ្រឿង ម៉ាក TOYOTA ALPHARD ពណ៌ខ្មៅ ពាក់ផ្លាកលេខ ភ្នំពេញ 2BW-6130 បើកបរដោយបុរសជនជាតិចិនម្នាក់ ក្នុងស្ថានភាពស្រវឹង នៅតាមបណ្តោយផ្លូវ ២៨មិថុនា (ផ្លូវដើមលម៉ី) ក្នុងភូមិ១ សង្កាត់លេខ៣ ក្រុងព្រះសីហនុ ក្នុងអំឡុងពេលអនុវត្តច្បាប់ចរាចរណ៍។ ក្នុងនោះ កម្លាំងសមត្ថកិច្ចបានពិនិត្យរកឃើញមានកម្រិតជាតិអាល់កុលក្នុងខ្លួនចំនួន ០,៦៨mg/L។ ក្រោយមក ក៏មានស្ត្រីជនជាតិខ្មែរចំនួន២នាក់ មកកាងឱ្យបុរសជនជាតិចិននោះដោយឱ្យមន្ដ្រីនគរបាលទទួលយកប្រាក់ពិន័យចំនួនពីរលានរៀល និងឱ្យចេញវិក័យបត្រភ្លាមៗ ដើម្បីអាចយករថយន្តនិងអ្នកបើកបរត្រឡប់ទៅផ្ទះវិញ។
ប៉ុន្តែមន្ត្រីនគរបាលមិនព្រមអនុវត្តតាម ស្រាប់តែស្ត្រីរូបនោះ និងអ្នកបើកបររថយន្តខឹងសម្បារជាមួយនឹងសមត្ថកិច្ច ក៏ថតវីដេអូរស្រែកឡូឡា និងជេរប្រមាថមាក់ងាយទៅលើកម្លាំងសមត្ថកិច្ច ព្រមទាំងបានបង្ហោះផ្សព្វផ្សាយនៅលើបណ្តាញសង្គមតែម្តង។ ករណីនេះ សមត្ថកិច្ចជំនាញ បានរកឃើញមានតម្រុយនៃអំពើ និងសកម្មភាពរបស់អ្នកទាំងពីរថា ជាបទល្មើសព្រហ្មទណ្ឌ ដែលជាការធ្វើឡើងប្រឆាំងនឹងអ្នករាជការសាធារណៈ ដែលកំពុងធ្វើសកម្មភាព ដើម្បីអនុវត្តច្បាប់ និងបញ្ជារបស់អាជ្ញាធរសាធារណៈ៕
ដោយ៖ ង៉ែត ពិសាន្ត










