នាព្រឹកថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០២៦ នៅទីស្តីការក្រសួងទេសចរណ៍ ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានទទួលជួបពិភាក្សាការងារជាមួយគណៈប្រតិភូក្រុមប្រឹក្សាធុរកិច្ចអារ៉ាប៊ីសាអូឌីត–កម្ពុជា នៃសភាពាណិជ្ជកម្មព្រះរាជាណាចក្រអារ៉ាប៊ីសាអូឌីត ដឹកនាំដោយ ឯកឧត្តម WALEED NASSER ALSHEHRI ប្រធានក្រុមប្រឹក្សាធុរកិច្ចអារ៉ាប៊ីសាអូឌីត–កម្ពុជា។
ជំនួបនេះធ្វើឡើងបន្ទាប់ពីការអញ្ជើញរបស់ឯកឧត្តមរដ្ឋមន្ត្រី ក្នុងឱកាសដែលឯកឧត្តមបានចូលរួមកិច្ចប្រជុំមហាសន្និបាតលើកទី២៦ នៃអង្គការទេសចរណ៍សហប្រជាជាតិ (UN Tourism – 26th General Assembly) នៅរាជធានីរីយ៉ាដ ព្រះរាជាណាចក្រអារ៉ាប៊ីសាអូឌីត កាលពីខែវិច្ឆិកា ឆ្នាំ២០២៥។ គោលបំណងសំខាន់នៃទស្សនកិច្ចរបស់គណៈប្រតិភូ គឺដើម្បីសិក្សាស្វែងយល់អំពីកាលានុវត្តភាពវិនិយោគ សក្តានុពលទេសចរណ៍ ពាណិជ្ជកម្ម និងបរិយាកាសធុរកិច្ចនៅព្រះរាជាណាចក្រកម្ពុជា។
ក្នុងឱកាសនោះ ឯកឧត្តម ហួត ហាក់ បានស្វាគមន៍យ៉ាងកក់ក្តៅ និងថ្លែងអំណរគុណចំពោះគណៈប្រតិភូ ដែលអញ្ជើញមកកម្ពុជា ព្រមទាំងបានជម្រាបជូនអំពីសុខសន្តិភាព ស្ថេរភាពនយោបាយ សុវត្ថិភាព សណ្តាប់ធ្នាប់សាធារណៈល្អប្រសើរ ក៏ដូចជាគោលនយោបាយអនុគ្រោះ និងលើកទឹកចិត្តវិនិយោគិនបរទេសរបស់រាជរដ្ឋាភិបាលកម្ពុជា។ ជាមួយគ្នានេះ ឯកឧត្តមក៏បានលើកឡើងពីសក្តានុពលទេសចរណ៍វប្បធម៌ និងធម្មជាតិដ៏សម្បូរបែបរបស់កម្ពុជា ដែលជាគោលដៅទេសចរណ៍មានសុវត្ថិភាព ទាក់ទាញ និងមានភាពចម្រុះ។
ជាការឆ្លើយតប ឯកឧត្តម WALEED NASSER ALSHEHRI បានថ្លែងអំណរគុណចំពោះការទទួលស្វាគមន៍ និងការអនុញ្ញាតឱ្យគណៈប្រតិភូបានចូលជួបពិភាក្សា ព្រមទាំងបានជម្រាបជូនអំពីទិសដៅ និងគម្រោងវិនិយោគរបស់ក្រុមប្រឹក្សាធុរកិច្ចអារ៉ាប៊ីសាអូឌីត–កម្ពុជា ក្នុងការពង្រីកវិសាលភាពពាណិជ្ជកម្ម និងជំរុញវិស័យទេសចរណ៍នៅកម្ពុជា។
លទ្ធផលនៃជំនួបនេះ ត្រូវបានចាត់ទុកថាជាជំហានសំខាន់មួយ ក្នុងការបើកផ្លូវសម្រាប់រៀបចំដំណើរទស្សនកិច្ចរបស់គណៈប្រតិភូធុរកិច្ចអារ៉ាប៊ីសាអូឌីតមកកម្ពុជា នាពេលខាងមុខ ដែលនឹងមានការចូលរួមពីធុរជនជាច្រើនមកពីវិស័យផ្សេងៗ។ ទន្ទឹមនឹងនេះ ភាគីទាំងពីរបានពិភាក្សាលើការជំរុញវិនិយោគក្នុងវិស័យទេសចរណ៍ ការលើកកម្ពស់ការហោះហើរត្រង់រវាងកម្ពុជា–អារ៉ាប៊ីសាអូឌីត និងការផ្សព្វផ្សាយសក្តានុពលទេសចរណ៍ទៅវិញទៅមក ដើម្បីទាក់ទាញទេសចរអារ៉ាប៊ីសាអូឌីត ឱ្យមកទស្សនាកម្ពុជាកាន់តែច្រើនឡើង។ ដោយ៖ KPS99TV









