ទូរទស្សន៍ខេត្តព្រះសីហនុ · គេហទំព័រផ្លូវការ
ចូល

Molecor បង្ហាញចំណាប់អារម្មណ៍បង្កើតរោងចក្រទុយោទឹកបច្ចេកវិទ្យាខ្ពស់នៅកម្ពុជា

KPS99TV

សេចក្តីសង្ខេប

កិច្ចពិភាក្សាថ្ងៃទី៦ កុម្ភៈជាមួយរដ្ឋមន្ត្រី ហែម វណ្ណឌី ផ្ដោតលើទុយោទំនើប ការកាត់បន្ថយការលេចធ្លាយ និងសំណើដំណោះស្រាយហិរញ្ញវត្ថុសម្រាប់ប្រតិបត្តិករ។

Molecor ជាក្រុមហ៊ុនមកពីប្រទេសអេស្ប៉ាញដែលមានឯកទេសផលិតទុយោ និងតំណទឹកសម្រាប់ទីផ្សារជាង ៣០ប្រទេសនៅលើពិភពលោក បានបង្ហាញចំណាប់អារម្មណ៍ក្នុងការបង្កើតរោងចក្រនៅកម្ពុជា និងនាំយកដំណោះស្រាយផលិតផលទុយោដែលប្រើបច្ចេកវិទ្យាកម្រិតខ្ពស់សម្រាប់ផ្គត់ផ្គង់ដល់ប្រតិបត្តិករទឹកស្អាត។

ក្នុងជំនួបពិភាក្សាការងារជាមួយឯកឧត្ដម ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ នៅថ្ងៃទី០៦ ខែកុម្ភៈ លោក Walter Philip Pattynama នាយកប្រតិបត្តិរបស់ក្រុមហ៊ុនប្រចាំតំបន់អាស៊ីអាគ្នេយ៍ បានបង្ហាញចំណាប់អារម្មណ៍ក្នុងការបង្កើតរោងចក្រនៅកម្ពុជា និងនាំយកដំណោះស្រាយផលិតផលទុយោដែលប្រើបច្ចេកវិទ្យាកម្រិតខ្ពស់ សម្រាប់ផ្គត់ផ្គង់ដល់ប្រតិបត្តិករទឹកស្អាត លើកកម្ពស់ហេដ្ឋារចនាសម្ព័ន្ធ និងកាត់បន្ថយការលេចធ្លាយទឹក។

ជាមួយគ្នានេះ ឯកឧត្ដម ហែម វណ្ណឌី លើកឡើងថា ទឹកស្អាតមិនត្រឹមតែជាអាទិភាពសម្រាប់សុខភាពសាធារណៈប៉ុណ្ណោះទេ ប៉ុន្តែជាកាតាលីករជំរុញបរិវត្តកម្មសេដ្ឋកិច្ចជនបទ និងការអភិវឌ្ឍវិស័យឧស្សាហកម្ម។ ឯកឧត្ដមបានរំលេចពីភាពចាំបាច់នៃការវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធទឹកស្អាតដែលមានគុណភាពខ្ពស់សម្រាប់រយៈពេលវែង និងបានស្នើឱ្យក្រុមហ៊ុននាំយកទាំងដំណោះស្រាយហិរញ្ញវត្ថុ ដើម្បីប្រតិបត្តិករទឹកស្អាត ពិសេសប្រតិបត្តិករនៅតាមតំបន់ជនបទ មានលទ្ធភាពកែលម្អ និងពង្រីកវិសាលភាពនៃការផ្គត់ផ្គង់។

ឯកឧត្ដមបញ្ជាក់បន្ថែមថា៖“កម្ពុជាស្វាគមន៍ក្រុមហ៊ុនដែលនាំយកនូវនវានុវត្តន៍ និងដំណោះស្រាយរយៈពេលវែង រួមទាំងបច្ចេកវិទ្យា ផលិតផលគុណភាពខ្ពស់ និងការអនុវត្តប្រកបដោយនិរន្តរភាពសម្រាប់ការអភិវឌ្ឍវិស័យទឹកស្អាតនៅកម្ពុជា។ យើងក៏សូមឱ្យក្រុមហ៊ុនពិចារណាដំណោះស្រាយហិរញ្ញប្បទាន ដើម្បីគាំទ្រប្រតិបត្តិករ ក្នុងការធ្វើទំនើបកម្មហេដ្ឋារចនាសម្ព័ន្ធរបស់ខ្លួន។”

លោក Pattynama បានបង្ហាញអំពីក្រុមហ៊ុន Molecor ដែលកំពុងពង្រីកវត្តមាននៅក្នុងតំបន់អាស៊ីអាគ្នេយ៍ និងសំឡឹងឃើញកម្ពុជា ជាទីផ្សារសក្តានុពល ជាពិសេសខណៈដែលកម្ពុជាកំពុងផ្លាស់ប្ដូរឆ្ពោះទៅការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធទឹកស្អាតដែលកាន់តែមានគុណភាពខ្ពស់។

លោក Pattynama បានលើកឡើងថា៖ “Molecor ជាក្រុមហ៊ុនផលិតទុយោដែលប្រើបច្ចេកវិទ្យាកម្រិតខ្ពស់ ហើយបេសកកម្មរបស់យើងគឺដើម្បីនាំយកទឹកស្អាតដែលមានតម្លៃសមរម្យ និងមានសុវត្ថិភាពជូនដល់ប្រជាជន។”

លោកក៏បានបង្ហាញពីបច្ចេកវិទ្យាផលិតទុយោ PVC-O ដែលជាកម្មសិទ្ធិបញ្ញារបស់ក្រុមហ៊ុន Molecor និងការផ្តោតលើប្រសិទ្ធភាពចំណាយសម្រាប់រយៈពេលវែង តាមរយៈភាពធន់របស់ទុយោ ភាពងាយស្រួលក្នុងការដំឡើង និងប្រសិទ្ធភាពបញ្ជូនទឹក (Hydraulic performance) កាន់តែខ្ពស់នៃទុយោ PVC-O ៕

ដោយ៖ ង៉ែត ពិសាន្ត

មតិយោបល់

កំពុងផ្ទុកមតិយោបល់…