ទូរទស្សន៍ខេត្តព្រះសីហនុ · គេហទំព័រផ្លូវការ
ចូល

ក្រសួងបរិស្ថានតម្រូវឱ្យទីតាំងទិញជ័រកៅស៊ូបង្កក៥នៅមេមត់ផ្អាករហូតមានសេចក្ដីសម្រេចថ្មី

KPS99TVសរសេរ:ប៉ៃ សុឃីម

សេចក្តីសង្ខេប

ក្រុមត្រួតពិនិត្យរកឃើញការគ្រប់គ្រងសំណល់រាវមិនត្រឹមត្រូវ និងគ្មានកិច្ចសន្យាបរិស្ថាន ដោយទាមទារកែលម្អនិងដាក់កិច្ចសន្យាក្នុងរយៈពេល៣ខែ។

បន្ទាប់ពីទទួលបានសេចក្តីរាយការណ៍ពីប្រជាពលរដ្ឋ នៅថ្ងៃទី៦–៧ ខែកុម្ភៈ ឆ្នាំ២០២៦ ពាក់ព័ន្ធនឹងទីតាំងអាជីវកម្មក្រុមហ៊ុនប្រមូលទិញជ័រកៅស៊ូបង្កកចំនួន ៥ ទីតាំង ស្ថិតនៅស្រុកមេមត់ ខេត្តត្បូងឃ្មុំ ដែលបានបង្កបញ្ហាក្លិនអាក្រក់ ចេញពីកន្លែងស្តុកជ័រកៅស៊ូបង្កក និងរណ្តៅស្តុកសំណល់រាវ (ទឹកលាងសម្អាតក្នុងទីតាំងស្តុក)។

ជាបន្តបន្ទាប់ ក្រុមការងារអធិការកិច្ចនៃអគ្គនាយកដ្ឋានគាំពារបរិស្ថាន ដឹកនាំដោយ លោក ចាប យុធី អនុប្រធាននាយកដ្ឋាន ដោយមានការចូលរួមពីមន្ទីរបរិស្ថានខេត្តត្បូងឃ្មុំ រដ្ឋបាលស្រុកមេមត់ និងអាជ្ញាធរឃុំមេមត់ បានចុះត្រួតពិនិត្យ និងរកឃើញបញ្ហាបំពុលបរិស្ថាន ព្រមទាំងចំណុចខ្វះខាតជាច្រើន នៅតាមទីតាំងអាជីវកម្មប្រមូលទិញជ័រកៅស៊ូបង្កកទាំង ៥ ទីតាំង។

ជាលទ្ធផល ក្រុមការងារក្រសួងបរិស្ថាន បានពិនិត្យឃើញថា ទីតាំងអាជីវកម្មទាំងអស់ បានគ្រប់គ្រងសំណល់រាវមិនត្រឹមត្រូវតាមលក្ខណៈបច្ចេកទេស និងច្បាប់ជាធរមាន (ពុំមានអាងប្រព្រឹត្តិកម្មសំណល់រាវ) ដោយទីតាំងនីមួយៗ គ្រាន់តែមានរណ្តៅដីសម្រាប់ស្តុកទឹកសំណល់ប៉ុណ្ណោះ។ ជាមួយគ្នានេះ ទីតាំងអាជីវកម្មទាំងនោះ ក៏បានដំណើរការដោយគ្មានកិច្ចសន្យាការពារបរិស្ថានផងដែរ។

ដើម្បីទប់ស្កាត់បញ្ហាបំពុលបរិស្ថានបន្តទៀត ក្រសួងបរិស្ថាន បានចាត់វិធានការតាមច្បាប់ ដោយតម្រូវឱ្យទីតាំងអាជីវកម្មទាំងនោះ ផ្អាកសកម្មភាពអាជីវកម្មជាបណ្តោះអាសន្ន រហូតដល់មានសេចក្តីសម្រេចជាថ្មីពីក្រសួងបរិស្ថាន។ ព្រមទាំងតម្រូវឱ្យក្រុមហ៊ុនអាជីវកម្មទាំងនោះ ទទួលរងពិន័យអន្តរការណ៍ អនុលោមតាមមាត្រា ៨២៦ នៃក្រមបរិស្ថាន និងធនធានធម្មជាតិ ចំពោះការបង្កបញ្ហាក្លិនស្អុយ និងការរំខានដល់ការរស់នៅរបស់ប្រជាពលរដ្ឋ (អនុលោមតាមមាត្រា ១៦១) និងការបញ្ចេញសំណល់រាវមិនត្រឹមត្រូវ (អនុលោមតាមមាត្រា ១៥៦ និងមាត្រា ២៨៧ នៃក្រមបរិស្ថាន និងធនធានធម្មជាតិ ព្រមទាំងឧបសម្ព័ន្ធ «ស្តង់ដារ» នៃអនុក្រឹត្យលេខ ១០៣)។

លើសពីនេះ ក្រុមហ៊ុនអាជីវកម្មទាំងនោះ បានបើកដំណើរការដោយគ្មានកិច្ចសន្យាការពារបរិស្ថាន ដែលជាការល្មើសមាត្រា ៦៦៨ នៃក្រមបរិស្ថាន និងធនធានធម្មជាតិ និងអនុក្រឹត្យលេខ ៧២ របស់រាជរដ្ឋាភិបាលកម្ពុជា។

ក្រសួងបរិស្ថាន បានតម្រូវឱ្យម្ចាស់ទីតាំងនីមួយៗ អនុវត្តវិធានការកែប្រែ ដោយត្រូវរៀបចំអាងប្រព្រឹត្តិកម្មសំណល់រាវ អនុលោមតាមគោលការណ៍បច្ចេកទេស នៃក្រមបរិស្ថាន និងធនធានធម្មជាតិ ដើម្បីកាត់បន្ថយបញ្ហាក្លិនស្អុយ និងទប់ស្កាត់ការបំពុលទឹកសាធារណៈ ឲ្យបានរួចរាល់ក្នុងរយៈពេល ៣ ខែ។ ជាមួយគ្នានេះ ម្ចាស់ទីតាំងនីមួយៗ ត្រូវរៀបចំកិច្ចសន្យាការពារបរិស្ថាន និងដាក់ជូនក្រសួងបរិស្ថាន ដើម្បីធ្វើការពិនិត្យ និងអនុម័ត អនុលោមតាមលិខិតបទដ្ឋានពាក់ព័ន្ធ ឲ្យបានរួចរាល់ក្នុងរយៈពេល ៣ ខែផងដែរ។

សូមបញ្ជាក់ថា ទីតាំងអាជីវកម្មប្រមូលទិញជ័រកៅស៊ូបង្កកទាំង ៥ រួមមាន៖ ទីតាំងទី១ ស្ថិតនៅភូមិសង្គមមានជ័យ ឃុំមេមត់ ស្រុកមេមត់, ទីតាំងទី២ ស្ថិតនៅភូមិជាំម្អោរ ឃុំមេមត់ ស្រុកមេមត់, ទីតាំងទី៣ ស្ថិតនៅភូមិជាំម្អោរ ឃុំមេមត់ ស្រុកមេមត់, ទីតាំងទី៤ ស្ថិតនៅភូមិសង្គមមានជ័យ ឃុំមេមត់ ស្រុកមេមត់, ទីតាំងទី៥ ស្ថិតនៅភូមិដក់ព័រ ឃុំទ្រៀក ស្រុកមេមត់ ខេត្តត្បូងឃ្មុំ៕ ដោយ៖ ប៉ៃ សុឃីម

មតិយោបល់

កំពុងផ្ទុកមតិយោបល់…