ទូរទស្សន៍ខេត្តព្រះសីហនុ · គេហទំព័រផ្លូវការ
ចូល

កម្ពុជា–គុយបា ពង្រឹងកិច្ចសហប្រតិបត្តិការទេសចរណ៍ គ្រោងចុះ MoU និងជំរុញការផ្លាស់ប្តូរទស្សនកិច្ចរវាងប្រទេសទាំងពីរ

KPS99TV

សេចក្តីសង្ខេប

ជំនួបថ្ងៃទី១០ កុម្ភៈពិភាក្សាទំនាក់ទំនង៦៦ឆ្នាំ គម្រោង MoU នៅពិព័រណ៍ទេសចរណ៍គុយបា និងដំណើរស្វែងយល់ទេសចរណ៍ទៅវិញទៅមក។

នាថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៦ ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានអនុញ្ញាតជូនឯកឧត្តម Adalberto Venero Lemus អនុរដ្ឋមន្ត្រីក្រសួងទេសចរណ៍នៃសាធារណរដ្ឋគុយបា អមដំណើរដោយលោកជំទាវ Milena Caridad Zaldivar Piedra ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃសាធារណរដ្ឋគុយបាប្រចាំព្រះរាជាណាចក្រកម្ពុជា និងសហការី ដើម្បីចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ស្តីពីការពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យទេសចរណ៍រវាងប្រទេសទាំងពីរ។

ក្នុងជំនួបនេះ ឯកឧត្តមរដ្ឋមន្ត្រី បានលើកឡើងអំពីទំនាក់ទំនងការទូតដ៏យូរអង្វែង និងមិត្តភាពជិតស្និទ្ធរវាងកម្ពុជា និងគុយបា ដែលបានបង្កើតឡើងតាំងពីឆ្នាំ១៩៦០ ហើយគិតត្រឹមឆ្នាំ២០២៦ មានរយៈពេល ៦៦ ឆ្នាំ។ ទំនាក់ទំនងដ៏ល្អនេះ ត្រូវបានថ្នាក់ដឹកនាំកំពូលនៃប្រទេសទាំងពីរពង្រឹង និងពង្រីកជាបន្តបន្ទាប់ ជាមូលដ្ឋានគ្រឹះដ៏សំខាន់សម្រាប់ការអភិវឌ្ឍកិច្ចសហប្រតិបត្តិការនៅគ្រប់វិស័យ ជាពិសេសវិស័យទេសចរណ៍ ដែលប្រទេសទាំងពីរមានសក្តានុពលធំធេងទាំងផ្នែកធនធានទេសចរណ៍ វប្បធម៌ និងបដិសណ្ឋារកិច្ចដ៏កក់ក្តៅរបស់ប្រជាពលរដ្ឋ។

ឆ្លៀតក្នុងឱកាសនោះ ឯកឧត្តមអនុរដ្ឋមន្ត្រីទេសចរណ៍គុយបា បានបង្ហាញពីការចាប់អារម្មណ៍ខ្លាំងចំពោះការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមរបស់កម្ពុជា ក្នុងអំឡុងទស្សនកិច្ចការងាររយៈពេល ២ ថ្ងៃកន្លងមក ព្រមទាំងថ្លែងអំណរគុណដល់ក្រសួងទេសចរណ៍កម្ពុជា ដែលបានសម្របសម្រួលឱ្យមានជំនួបជាមួយសមាគមទេសចរណ៍កម្ពុជា ដើម្បីផ្សព្វផ្សាយសក្តានុពលទេសចរណ៍របស់សាធារណរដ្ឋគុយបា។

ជាមួយគ្នានេះផងដែរ ឯកឧត្តមអនុរដ្ឋមន្ត្រី បានជម្រាបអំពីគោលបំណងសំខាន់ៗនៃទស្សនកិច្ចការងារនាពេលនេះ រួមមានការស្នើចុះអនុស្សរណៈនៃការយោគយល់គ្នា (MoU) ស្តីពីកិច្ចសហប្រតិបត្តិការទេសចរណ៍ រវាងក្រសួងទេសចរណ៍នៃប្រទេសទាំងពីរ ដែលគ្រោងនឹងអនុវត្តក្នុងឱកាសព្រឹត្តិការណ៍ពិព័រណ៍ទេសចរណ៍អន្តរជាតិរបស់សាធារណរដ្ឋគុយបានាពេលខាងមុខ ព្រមទាំងការរៀបចំកម្មវិធី FAM Trip ទៅវិញទៅមក ដើម្បីជំរុញការផ្លាស់ប្តូរភ្ញៀវទេសចរ ពិពិធកម្មទីផ្សារទេសចរណ៍ និងគាំទ្រការអភិវឌ្ឍសេដ្ឋកិច្ចរបស់ប្រទេសទាំងពីរ។

ជាពិសេស ការធ្វើដំណើររវាងកម្ពុជា និងគុយបា កាន់តែមានភាពងាយស្រួល តាមរយៈជើងហោះហើររបស់ក្រុមហ៊ុនអាកាសចរណ៍ Turkish Airlines ដែលភ្ជាប់ពីរាជធានីភ្នំពេញ និងរដ្ឋធានីឡាហាវ៉ាណា ដោយឆ្លងកាត់ទីក្រុងអ៊ីស្តាន់ប៊ុល នៃសាធារណរដ្ឋតួកគីយ៉េ ដែលជាកត្តាសំខាន់ជួយជំរុញការរីកចម្រើននៃវិស័យទេសចរណ៍ និងទំនាក់ទំនងរវាងប្រជាជននៃប្រទេសទាំងពីរ។ 

ដោយ៖ KPS99TV

មតិយោបល់

កំពុងផ្ទុកមតិយោបល់…