នារសៀលថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៦ ក្នុងឱកាសអញ្ជើញចូលរួមកិច្ចប្រជុំគណៈកម្មាធិការពាណិជ្ជកម្មចម្រុះ កម្ពុជា–ប៉ាគីស្ថាន លើកទី២ លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានអញ្ជើញជួបពិភាក្សាការងារជាមួយលោក Sardar Tahir Mehmood ប្រធានសភាពាណិជ្ជកម្ម និងឧស្សាហកម្មទីក្រុងអ៊ីស្លាម៉ាបាដ (Islamabad Chamber of Commerce and Industry) ដោយមានការចូលរួមពីថ្នាក់ដឹកនាំ និងសមាជិកសភាពាណិជ្ជកម្មជាច្រើនរូប។
ជំនួបនេះ បានផ្តោតសំខាន់លើការពិនិត្យ និងវាយតម្លៃវឌ្ឍនភាពនៃទំនាក់ទំនងពាណិជ្ជកម្មរវាងប្រទេសទាំងពីរ ព្រមទាំងពិភាក្សាអំពីយន្តការ និងគំនិតផ្ដួចផ្ដើមថ្មីៗ ដើម្បីជំរុញពាណិជ្ជកម្មទ្វេភាគីឱ្យកាន់តែរីកចម្រើន។
ភាគីទាំងពីរ បានសម្គាល់ពីសក្តានុពលសេដ្ឋកិច្ច និងទីផ្សាររបស់ប្រទេសនីមួយៗ និងប្តេជ្ញាពង្រឹងទំនាក់ទំនងធុរកិច្ចរវាងវិស័យឯកជន តាមរយៈការរៀបចំវេទិកាពាណិជ្ជកម្ម ការផ្លាស់ប្តូរប្រតិភូធុរកិច្ច និងការបង្កើនបណ្តាញសហប្រតិបត្តិការរវាងសហគ្រាសនៃប្រទេសទាំងពីរ។
ជំនួបនេះ សម្គាល់ឱ្យឃើញពីការប្តេជ្ញារបស់កម្ពុជា និងប៉ាគីស្ថាន ក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងពាណិជ្ជកម្ម ឱ្យកាន់តែមានភាពសកម្ម និងមានប្រសិទ្ធភាពខ្ពស់ថែមទៀត។
ដោយ៖ KPS99TV













