ទូរទស្សន៍ខេត្តព្រះសីហនុ · គេហទំព័រផ្លូវការ
ចូល

ហ្វីលីពីនបញ្ជាក់ការត្រៀមបន្តដឹកនាំ AOT សម្របសម្រួលបញ្ហាកម្ពុជា–ថៃ

KPS99TV

សេចក្តីសង្ខេប

ក្នុងជំនួបថ្ងៃទី១២ កុម្ភៈនៅវិមានសន្តិភាព លោក Romeo S. Brawner Jr. និងសម្តេច ហ៊ុន ម៉ាណែត ពិភាក្សាកិច្ចសហប្រតិបត្តិការយោធា និងដំណោះស្រាយព្រំដែនដោយសន្តិវិធី។

ភ្នំពេញ៖ ហ្វីលីពីនបានបញ្ជាក់ពីការត្រៀមខ្លួនរួចជាស្រេចក្នុងការបន្តដឹកនាំក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) ដើម្បីសម្របសម្រួលដោះស្រាយបញ្ហាព្រំដែនកម្ពុជា–ថៃ ដោយអព្យាក្រឹត និងសន្តិវិធី។ ការបញ្ជាក់នេះធ្វើឡើងក្នុងជំនួបរវាង សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងឯកឧត្តម នាយឧត្តមសេនីយ៍ Romeo S. Brawner Jr. អគ្គមេបញ្ជាការកងទ័ពហ្វីលីពីន នៅព្រឹកថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៦ នៅវិមានសន្តិភាព។

ក្នុងជំនួបនោះ ឯកឧត្តមអគ្គមេបញ្ជាការកងទ័ពហ្វីលីពីន បានសម្ដែងអំណរគុណចំពោះការទទួលស្វាគមន៍យ៉ាងកក់ក្ដៅ ព្រមទាំងរំលឹកពីទំនាក់ទំនងយូរអង្វែង និងកិច្ចសហប្រតិបត្តិការល្អប្រសើររវាងកងទ័ពប្រទេសទាំងពីរ។ ឯកឧត្តមបានបញ្ជាក់ពីការប្តេជ្ញាចិត្តបន្តពង្រឹងកិច្ចសហប្រតិបត្តិការយោធា ទាំងផ្នែកបណ្តុះបណ្តាល ការចែករំលែកបទពិសោធន៍ និងការកសាងសមត្ថភាព។

ជាការឆ្លើយតប សម្ដេចធិបតី បានវាយតម្លៃខ្ពស់ចំពោះវឌ្ឍនភាពនៃទំនាក់ទំនងការពារជាតិរវាងប្រទេសទាំងពីរ និងបង្ហាញក្ដីសង្ឃឹមថា កិច្ចសហប្រតិបត្តិការនឹងត្រូវបានពង្រីកបន្ថែមទៀតលើគ្រប់វិស័យ រួមទាំងកងទ័ពជើងគោក ជើងទឹក និងជើងអាកាស។

ពាក់ព័ន្ធនឹងស្ថានការណ៍តាមបណ្ដោយព្រំដែនកម្ពុជា–ថៃ សម្ដេចធិបតីបានបញ្ជាក់ជំហរយ៉ាងច្បាស់ថា កម្ពុជា ប្រកាន់ខ្ជាប់គោលការណ៍ដោះស្រាយបញ្ហាដោយសន្តិវិធី ផ្អែកលើកិច្ចព្រមព្រៀងទ្វេភាគី អនុសញ្ញា សន្ធិសញ្ញាដែលមានស្រាប់ និងច្បាប់អន្តរជាតិ ព្រមទាំងប្តេជ្ញាគោរពកិច្ចព្រមព្រៀងដែលបានឯកភាពគ្នាកន្លងមក។

សម្ដេចធិបតីក៏បានវាយតម្លៃខ្ពស់ចំពោះតួនាទីរបស់ក្រុម AOT និងបង្ហាញការជឿជាក់ថា ក្រោមការដឹកនាំរបស់ហ្វីលីពីន ក្នុងនាមជាប្រធានអាស៊ានប្ដូរវេន AOTនឹងបន្តដើរតួនាទីយ៉ាងសកម្មក្នុងការសម្របសម្រួល ដើម្បីរកដំណោះស្រាយប្រកបដោយសន្តិភាព និងនាំមកនូវស្ថិរភាពយូរអង្វែងសម្រាប់ប្រទេសទាំងពីរ និងតំបន់ទាំងមូល។

ការបញ្ជាក់ពីភាគីហ្វីលីពីននេះ ត្រូវបានមើលឃើញថា ជាសញ្ញាវិជ្ជមានមួយ សម្រាប់ការពង្រឹងយន្តការអាស៊ាន ក្នុងការរក្សាសន្តិភាព និងសុវត្ថិភាពក្នុងតំបន់។ ដោយ៖ KPS99TV

មតិយោបល់

កំពុងផ្ទុកមតិយោបល់…